សូមអបអរសាទរ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដ៏ជោគជ័យ និងកិត្តិយសដ៏វិសេសវិសាលរបស់កម្ពុជា ក្នុងការបំបែកកំណត់ត្រាឈ្នះមេដាយមាស និងមេដាយសរុបច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រនៃការចូលរួមកីឡាស៊ីហ្គេម។
នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ កម្ពុជាជោគជ័យ ក្នុងការស្វាគមន៍ប្រទេសចំនួន១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្នុងនាមជាម្ចាស់ផ្ទះ រួមជាមួយនឹងការបង្ហាញនូវទស្សនីយភាពសំខាន់ៗ ក៏ដូចជាបង្កើនសាមគ្គីភាពជាតិ រវាងកីឡាករកីឡាការនី និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ភាពជោគជ័យ ដ៏វិសេសវិសាល និងគួរឱ្យស្ញប់ស្ញែងបំផុតនោះគឺ កម្ពុជាបានបំបែកកំណត់ត្រារបស់ខ្លួន លើការឈ្នះមេដាយមាស និងមេដាយសរុប ច្រើនមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ អត្តពលិកកម្ពុជាបានឈ្នះ និងនាំជូនមេដាយជូនជាតិ សរុបចំនួន ២៨២ រួមមាន មេដាយមាស៨១ មេដាយប្រាក់៧៤ និងមេដាយសំរិទ្ធ១២៧ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ។
ក្រឡេកមកមើលប្រវត្តិសាស្ត្របន្តិច កម្ពុជាធ្លាប់ឈ្នះមេដាយមាស ច្រើនបំផុតគឺ ១៧មេដាយ ក្នុងកីឡាស៊ីហ្គេម ឆ្នាំ១៩៧១ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ហើយមេដាយសរុប ដែលកម្ពុជាធ្លាប់ឈ្នះច្រើនបំផុត គឺចំនួន ៦៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាលពី ២ឆ្នាំមុន ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ កម្ពុជាក៏បានឆ្លងកាត់ប្រវត្តិជូរចត់បំផុត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២០ ឆ្នាំ១៩៩៩ ក្នុងប្រទេសប្រ៊ុយណេ ដោយកម្ពុជាឈ្នះសូន្យមេដាយ (គ្មានមេដាយសោះ) ហើយស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយគេ នៅលេខរៀងទី១០ ក្នុងចំណោម ១០ប្រទេស។
ឈានចូលឆ្នាំ២០២៣នេះវិញ ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាបានត្រៀមខ្លួនគ្រប់គ្រាន់ និងទទួលបានជោគជ័យ ស្ដារកិត្តិយសជូនជាតិមាតុភូមិ។ សង្ឃឹមថា កម្ពុជានឹងបន្តការប្រឹងប្រែង និងសម្រេចលទ្ធផលបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ផ្សេងៗនាពេលខាងមុខ។
សូមចងចាំថា កីឡាគឺជាប្រភពនៃសុខភាព។ ប្រសិនបើគិតគូរពីសុខភាព សូមលេងកីឡាឱ្យបានច្រើន។ ជ្រើសរើសប្រភេទកីឡា ដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីលេងកម្សាន្ត ឬកសាងសមត្ថភាព។ ប្រសិនបើមានបញ្ហាសុខភាព សូម Download កម្មវិធី Pethyoeung e-Health ID៖ https://onelink.to/8kqagg។ ចុះឈ្មោះប្រើប្រាស់ Pethyoeung e-Health ID ដើម្បីអានអត្ថបទសុខភាព ក៏ដូចជាណាត់ជួបវេជ្ជបណ្ឌិត ដើម្បីពិគ្រោះជំងឺផ្ទាល់ ឬពីចម្ងាយ ងាយៗលើកម្មវិធី Pethyoeung e-Health ID ហើយលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ចាប់ពី ៥% ទៅ ១០% ពីគ្លីនិក និងមន្ទីរពេទ្យដៃគូរបស់យើង៕