វិបត្តិអាកាសធាតុ បានបង្កជារលកកម្ដៅដ៏ធ្ងន់ធ្ងរ ដែលមានគ្រោះថ្នាក់ដល់ប្រទេស និងតំបន់ជាច្រើន។ ប្រទេស និងតំបន់ខ្លះបានបំបែកកំណត់ត្រារបស់ខ្លួន លើការទទួលរងកម្ដៅខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំ ឬប៉ុន្មានទសវត្សចុងក្រោយ។ តើលោកអ្នកចង់ដឹងទេថា ប្រទេស និងតំបន់ណាខ្លះ នឹងប្រឈមហានិភ័យរលកកម្ដៅនេះ ធ្ងន់ធ្ងរជាងគេ?
យោងតាមគេហទំព័រសារព័ត៌មាន CNN អ្នកវិទ្យាសាស្ត្រ បានសម្គាល់តំបន់មួយចំនួនជា “តំបន់ក្ដៅ” ឬ “Hot Spots” ដែលជាតំបន់ប្រឈមនឹងហានិភ័យរលកកម្ដៅខ្ពស់បំផុត។ ក្នុងនោះ មានប្រទេសអាហ្វហ្គានីស្ថាន ប្រទេសប៉ាពួញូហ្គីណេ និងតំបន់អាមេរិកកណ្ដាល រួមមាន ប្រទេសហ្គាតេម៉ាឡា ប្រទេសហុងឌូរ៉ា និងប្រទេសនីការ៉ាហ្គា។
មានតំបន់ជាច្រើន ដែលបានទទួលរងផលប៉ះពាល់នៃវិបត្តិរលកកម្ដៅ ដោយមិនបានត្រៀមទុកមុន។ ចំណែកឯតំបន់ខាងលើនេះ ជាតំបន់ដែលងាយប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ក្នុងករណីកើតមានវិបត្តិរលកកម្ដៅ។
តំបន់ទាំងនេះ មានចំណុចខ្សោយជាច្រើនរួចជាស្រេចទៅហើយ ដែលជាការលំបាកមួយ ក្នុងការទប់ទល់នឹងវិបត្តិអាកាសធាតុនេះ។ បញ្ហាទាំងនោះ រួមមាន បញ្ហាសង្គម បញ្ហាសេដ្ឋកិច្ច បញ្ហាកំណើនចំនួនប្រជាជន និងបញ្ហាខ្វះសេវាសុខាភិបាល និងខ្វះថាមពលផ្គត់ផ្គង់៕
ប្រភព៖ CNN https://edition.cnn.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង