ក្នុងរយៈពេល ១សប្ដាហ៍ចុងក្រោយនេះ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬតំបន់អាស៊ាន អាកាសធាតុបានកើនឡើងខ្លាំងមែនទែន ហើយសីតុណ្ហភាព បន្តក្ដៅខ្លាំង ជាពិសេសនៅក្នុងប្រទេសថៃ ឡាវ និងហ្វីលីពីន។
នៅខែមេសានេះ ជាខែ ដែលក្ដៅ និងស្ងួតខ្លាំងបំផុត ក្នុងប្រទេសថៃ ដែល ឈានចូលកម្រិតគ្រោះថ្នាក់ផងដែរ។ រដ្ឋាភិបាលថៃ បានជំរុញ និងលើកទឹកចិត្តពលរដ្ឋរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីផលវិបាកចំពោះសុខភាព ជាពិសេសសម្រាប់កុមារ មនុស្សចាស់ និងមនុស្សឈឺ។ នៅក្នុងខែមេសានេះ សីតុណ្ហភាពក្នុងប្រទេសថៃ ក្តៅជាងគេ ដោយតំបន់ខ្លះ មានសីតុណ្ហភាព ៤៤អង្សាសេ ហើយតំបន់ខ្លះទៀត ក្នុងប្រទេសថៃ ឡើងដល់ ៥៤អង្សាសេ ឬក៏ក្តៅលើសនេះទៅទៀត។ នេះបើតាមការផ្សាយរបស់កាសែតថៃ ជាភាសាអង់គ្លេស Bangkok Post។
ទន្ទឹមនឹងនេះ ប្រទេសឡាវ ជាប់ព្រំដែនថៃ និងកម្ពុជាយើង ក៏បានបំបែកកំណត់ត្រា ក្នុងប្រទេសរបស់ខ្លួន ដោយទទួលរងនូវសីតុណ្ហភាពក្តៅខ្ពស់បំផុត ឈានដល់ ៤២.៩អង្សារសេ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាលម៉ាឡេស៊ី បានទទូចលើកទឹកចិត្តឱ្យពលរដ្ឋការពារខ្លួន ដោយជៀសវាងកម្ដៅថ្ងៃផ្ទាល់ ហើយត្រូវទទួលទានទឹកឱ្យបានច្រើន និងស្លៀកពាក់ជិតខ្លួន។ សីតុណ្ហភាព នៅប្រទេសម៉ាឡេស៊ី នឹងអន់ទៅវិញ ក្នុងពេលខាងមុខ តែបច្ចុប្បន្នមានតំបន់មួយចំនួន កំពុងឡើងលើស ៣៥អង្សារសេទៅទៀត។
ក្នុងប្រទេសហ្វីលីពីន ក្រសួងអប់រំ បានប្រកាសកាលពីថ្មីៗនេះ ដោយបិទសាលារៀន ហើយអនុញ្ញាតឱ្យបើកបង្រៀនសិស្សតាមអនឡាញ ឬពីចម្ងាយ ដោយប្រើបច្ចេកវិទ្យាឌីជីថល ប្រសិនបើបញ្ហាអាកាសធាតុនេះ ប៉ះពាល់ដល់ការសិក្សា។
ក្រឡេកមកមើលកម្ពុជា នៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពខ្ពស់បំផុត កើនដល់ ៣៦ - ៣៨អង្សារសេ តំបន់ខ្ពង់រាប មានសីតុណ្ហភាពខ្ពស់បំផុត ៣៥ - ៣៧អង្សារសេ និងតំបន់ឆ្នេរមានសីតុណ្ហភាពខ្ពស់បំផុត ៣៣ - ៣៥អង្សារសេ។ ក្រសួងធនធានទឹក ក៏បានប្រកាសដាស់តឿនប្រជាពលរដ្ឋកម្ពុជា ឱ្យត្រៀមខ្លួនឱ្យបានល្អគ្រប់គ្រាន់ សម្រាប់ការកើតមានបាតុភូតធម្មជាតិណាមួយ៕
ប្រភព៖ EFE https://efe.com/en/ Khmer Times https://www.khmertimeskh.com/ Independent https://www.independent.co.uk & Bangkok Post https://www.bangkokpost.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង