មានមនុស្សជាច្រើន ក្នុងពេលបច្ចុប្បន្ន ជឿថា មនុស្សដែលញ៉ាំអាហារប្រើថង់ប្លាស្ទិក ឬដបប្លាស្ទិក សម្រាប់វេចខ្ចប់ ជាពិសេសប្រសិនបើអាហារនោះ ក្ដៅ អាចប្រឈមនឹងជំងឺមហារីក។ តើការទុកអាហារ ក្នុងប្លាស្ទិក ពិតជាបង្កមហារីកមែនទេ? អត្ថបទនេះ នឹងដកស្រង់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដើម្បីបញ្ជាក់ថា ការញ៉ាំអាហារដាក់ក្នុងប្លាស្ទិក ពិតជាបង្កមហារីក ឬមិនពិត។
យោងតាមក្រុមស្ថាប័នស្រាវជ្រាវជំងឺមហារីក របស់ចក្រភពអង់គ្លេស (Cancer Research UK) ការប្រើផលិតផលប្លាស្ទិក សម្រាប់វេចខ្ចប់អាហារ មិនបង្កហានិភ័យជំងឺមហារីកនោះទេ។ ប្រសិនបើអ្នកផ្អាក ឬបញ្ឈប់ការប្រើប្លាស្ទិក ក៏វាមិនកែប្រែអ្វីឡើយ ទៅលើហានិភ័យរបស់អ្នក ក្នុងការកើតមហារីក។ នោះមានន័យថា អាហារ និងភេសជ្ជៈផ្ទុកក្នុងប្លាស្ទិក មានសុវត្ថិភាពដល់សុខភាពធម្មតាទេ។
ប៉ុន្តែការសិក្សាផ្សេងៗទៀត បានរកឃើញនូវជាតិគីមី ក្នុងប្លាស្ទិកមួយចំនួន ក្នុងនោះ មានប្រភេទប៊ីហ្វេណុលអេ (BPA) ដែលអាចរលាយចូលក្នុងអាហារ ហើយបង្កជាមហារីក នៅពេលក្រោយ។ ទោះជាបែបនេះក្ដី ការពិសោធន៍រកភស្តុតាង នៃការសិក្សាទាំងនេះ នៅមានកម្រិតនៅឡើយ។ ការសិក្សានេះ បានពិសោធន៍ទៅលើតែសត្វ ឬកោសិកាមនុស្ស ក្នុងបន្ទប់ពិសោធន៍ប៉ុណ្ណោះ។ បើគិតពីការរស់នៅពិត ក្នុងជីវិតប្រចាំថ្ងៃ ហានិភ័យជំងឺមហារីក អាចនឹងខុសគ្នា ទៅតាមកត្តាជាច្រើន ហើយបើគិតពីប្លាស្ទិក គឺគ្មានផលប៉ះពាល់អ្វីនោះទេ។ ពោលគឺបើផ្អែកតាម Cancer Research UK ថង់ផ្លាស្ទិក ដែលវេចខ្ចប់អាហារ គឺគ្មានគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ។
តែគេហទំព័រ Breast Cancer.Org បានបង្ហាញថា ប្លាស្ទិក និងសារជាតិ BPA ក្នុងប្លាស្ទិក អាចបង្កជំងឺមហារីកសុដន់។ សារជាតិគីមី BPA អាចប៉ះពាល់ទៅដល់ដំណើរការអ័រម៉ូននៃសុដន់។ នោះវានាំឱ្យសុដន់លូតលាស់កោសិកាមហារីក និងឈានចូលដល់កើតជំងឺមហារីកសុដន់។
ការសិក្សាឆ្នាំ២០១១ ក៏បានរកឃើញថា ស្ត្រីមានផ្ទៃពោះ ដែលមានកម្រិត BPA ក្នុងទឹកនោមច្រើន ប្រឈមនឹងការបង្កបញ្ហាខួរក្បាល ឬបញ្ហាផ្លូវចិត្តទៅលើកូនស្រី ដែលមានអាយុ ៣ឆ្នាំ។ ចំណែកឯកូនប្រុស មិនទទួលផលប៉ះពាល់បែបនេះ ដូចកូនស្រីឡើយ៕
ប្រភព៖ Cancer Research UK https://www.cancerresearchuk.org/ & Breast Cancer.Org https://www.breastcancer.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង