ស្ត្រីជនជាតិហ្វីលីពីនម្នាក់ បានបាត់បង់ជីវិត ក្រោយចាក់ដូសជំរុញកូវីដ១៩ បានរយៈពេល ៤ថ្ងៃ រួចកើតមានជំងឺរលាកសាច់ដុំបេះដូង (myocarditis)។ នេះបើយោងតាមក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។
គ្រួសារស្ត្រីរូបនេះ បានទទួលទឹកប្រាក់សំណងពីកម្មវិធី VIFAP របស់រដ្ឋាភិបាលសិង្ហបុរី ចំនួនជិត ១៧ម៉ឺនដុល្លារអាមេរិក។
ស្ត្រីដែលបានបាត់បង់ជីវិត មានឈ្មោះថា Ontal Charlene Vargas មានសញ្ជាតិហ្វីលីពីន។ មូលហេតុ បង្កឱ្យលោកស្រី ឈានដល់ស្លា.ប់ គឺដោយសារជំងឺរលាកសាច់ដុំបេះដូង បង្កដោយផលប៉ះពាល់នៃវ៉ាក់សាំង ដែលលោកស្រី បានចាក់ កាលពី ៤ថ្ងៃមុនមានបញ្ហាសុខភាព។ វ៉ាក់សាំង ដែលលោកស្រី Vargas បានចាក់ គឺជាវ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ប្រភេទ Pfizer-BioNTech។
កម្មវិធី Vaccine Injury Financial Assistance Programme (VIFAP) បានផ្ដល់សំណងជាទឹកប្រាក់ចំនួន ២២៥ ០០០ដុល្លារសិង្ហបុរី ស្មើនឹង ១៦៩ ១២២ដុល្លារអាមេរិក ជូនក្រុមគ្រួសារស្ត្រីរងគ្រោះ។
គួរបញ្ជាក់ថា ការស្លា.ប់នេះ ជាករណីទីពីរហើយ ដែលមានផលប៉ះពាល់វ៉ាក់សាំងកូវីដ១៩ បង្កជាជំងឺរលាកសាច់ដុំបេះដូង ធ្វើឱ្យមនុស្សស្លា.ប់ នៅក្នុងប្រទេសសិង្ហបុរី។
ក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់ថា ជនរងគ្រោះដំបូង គឺជាបុរសជនជាតិបង់ក្លាដែស អាយុ ២៨ឆ្នាំ។ លោកបានស្លា.ប់បាត់បង់ជីវិត ដោយសារអាការៈជំងឺរលាកសាច់ដុំបេះដូងដូចគ្នា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ត្រូវនឹងរយៈពេល ៣សប្ដាហ៍ ក្រោយលោក បានចាក់វ៉ាក់សាំងកូវីដ១៩។
ទោះជាយ៉ាងណា ករណីជំងឺរលាកសាច់ដុំបេះដូង បង្កដោយវ៉ាក់សាំងកូវីដ១៩ ស្ថិតនៅអត្រាកម្រនៅឡើយ ស្មើនឹង ០.១ករណី ក្នុង ១០០ ០០០ដូស (០.០០០១%) សម្រាប់វ៉ាក់សាំង ២ដូស ហើយស្មើនឹង ១.១ករណី ក្នុង ១០០ ០០០ដូស (០.០០១១%) សម្រាប់វ៉ាក់សាំងដូសដំបូង៕
ប្រភព៖ CNA https://www.channelnewsasia.com/international
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង