ការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្ត្រ បានរកឃើញថា ការគេងម៉ោងមិនទៀងទាត់ មានទាក់ទងនឹងហានិភ័យខ្ពស់ នៃការកើតជំងឺលើសឈាម។ ក្នុងការសិក្សានេះ គេសម្គាល់ថា ការចូលគេងយឺតម៉ោង ចំនួនចាប់ពី ៣៤នាទីឡើងទៅ នាំឱ្យប្រឈមខ្ពស់នឹងសម្ពាធឈាមខ្ពស់។
ការសិក្សានេះ មានអ្នកចូលរួម ជាមនុស្សពេញវ័យចំនួន ១២ ២៨៧នាក់ មានអាយុចន្លោះពី ៣៨ឆ្នាំទៅ ៦២ឆ្នាំ។ ៨៨% នៃអ្នកចូលរួម គឺជាបុរស ហើយទាំងអស់គ្នា សុទ្ធតែមានបញ្ហាលើសទម្ងន់។
អ្នកវិទ្យាសាស្ត្រ បានរកឃើញថា មនុស្សមានទម្លាប់គេងមិនស្ថិរ ឬមិនទៀងទាត់ អាចឈានដល់ការកើតសម្ពាធឈាមខ្ពស់ ខ្ពស់ជាងមុន ដល់ទៅ ៩% ទៅ ១៧%។ បើគេងយឺតម៉ោងត្រឹមតែ ៣៤នាទី ហានិភ័យកើនឡើងដល់ ៣២%។
ទោះជាយ៉ាងណា អ្វីដែលការសិក្សានេះ មិនបានរាប់បញ្ចូល គឺភ្នាក់ងារសង្គមមួយចំនួន ដែលមានលទ្ធភាពបង្កហានិភ័យលើសឈាម រួមមាន ភេទ ជាតិសាសន៍ និងសេដ្ឋកិច្ចសង្គម។ ភ្នាក់ងារទាំងនេះ សុទ្ធតែអាចប៉ះពាល់ការរស់នៅរបស់មនុស្សម្នាក់ៗ ដែលជាកត្តាកំណត់ឱ្យមនុស្ស ប្រឈមនឹងជំងឺលើសឈាមកម្រិតណាផងដែរ។
យ៉ាងណាក៏ដោយ ការគេងយឺតម៉ោង ឬគេងមិនទៀងទាត់ នៅតែមានគ្រោះថ្នាក់ ចំពោះសុខភាព ហើយអាចបង្កជំងឺលើសឈាម ដែលមានពាក់ព័ន្ធនឹងកត្តា ឬបញ្ហាសុខភាពជាច្រើនទៀត។
ខាងក្រោមនេះ ជាការស្រាវជ្រាវពីការកំណត់អាយុ និងចំនួនម៉ោង ដែលគួរគេង ក្នុង ១ថ្ងៃ៖
អាយុ ១ ទៅ ៤សប្ដាហ៍៖ គេងឱ្យបាន ១៥ ទៅ ១៦ម៉ោង ក្នុង ១ថ្ងៃ
អាយុ ១ ទៅ ៤ខែ៖ គេងឱ្យបាន ១៤ ទៅ ១៥ម៉ោង ក្នុង ១ថ្ងៃ
អាយុ ៤ ទៅ ១២ខែ៖ គេងឱ្យបាន ១៤ ទៅ ១៥ម៉ោង ក្នុង ១ថ្ងៃ
អាយុ ១ ទៅ ៣ឆ្នាំ៖ គេងឱ្យបាន ១២ ទៅ ១៤ម៉ោង ក្នុង ១ថ្ងៃ
អាយុ ៣ ទៅ ៦ឆ្នាំ៖ គេងឱ្យបាន ១០ ទៅ ១២ម៉ោង ក្នុង ១ថ្ងៃ
អាយុ ៧ ទៅ ១២ឆ្នាំ៖ គេងឱ្យបាន ១០ ទៅ ១១ម៉ោង ក្នុង ១ថ្ងៃ
អាយុ ១២ ទៅ ១៨ឆ្នាំ៖ គេងឱ្យបាន ៨ ទៅ ៩ម៉ោង ក្នុង ១ថ្ងៃ
ចាប់ពីអាយុ ១៨ឆ្នាំឡើង៖ គេងយ៉ាងតិច ៧ម៉ោង ក្នុង ១ថ្ងៃ៕
ប្រភព៖ Healthline https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង