ជំងឺបេះដូង អាចបង្កគ្រោះថ្នាក់ដល់ស្ត្រី ក្នុងពេលសម្រាលទារក ហើយជំងឺបេះដូង គឺជាមូលហេតុលេខ១ នៃការស្លា.ប់របស់ស្ត្រី ក្នុងនាមជាម្ដាយ អំឡុងពេលសម្រាលទារក និងក្នុងរយៈពេលមួយឆ្នាំ ក្រោយសម្រាល។ របាយការណ៍ឆ្នាំ២០១៨ របស់អ្នកវិទ្យាសាស្ត្រ បានបង្ហាញថា ជិត ៧០% នៃការស្លា.ប់ទាំងនេះ ជាហានិភ័យ ដែលគេអាចបង្ការបាន ប្រសិនបើមានការយកចិត្តទុកដាក់។
អំឡុងពេលស្ត្រីមានផ្ទៃពោះ បេះដូងរបស់ស្ត្រី ធ្វើការទ្វេដង ក្នុងពេលតែមួយ នោះគឺវាមាននាទីបូមឈាមច្រើនជាងធម្មតា ដើម្បីទៅចិញ្ចឹមរាងកាយដល់ទៅពីរ ក្នុងពេលតែមួយ គឺរាងកាយម្ដាយផង និងរាងកាយកូនផង។ ក្នុងអំឡុងពេលនេះ ការផ្គត់ផ្គង់ឈាម កើនឡើងដល់ទៅ ៣០-៥០%។
វេជ្ជបណ្ឌិត Aiyanna Anderson គ្រូពេទ្យផ្នែកសម្ភព ក្នុងក្រុង Fort Worth នៃរដ្ឋ Texas លើកឡើងថា ការពពោះរយៈពេល ៩ខែ គឺដូចជាដាក់សម្ពាធដល់បេះដូងស្ត្រី ដល់ទៅរយៈពេល ៩ខែ។ ប៉ុន្តែប្រសិនបើស្ត្រីមានជំងឺបេះដូងទៀតនោះ សម្ពាធមានកាន់តែកើនឡើងខ្លាំង ចំពោះបេះដូងស្ត្រីនោះផ្ទាល់។
ផ្អែកទៅតាមគ្លីនិកល្បីល្បាញមួយ ក្នុងសហរដ្ឋអាមេរិក Cleveland Clinic ប្រភេទជំងឺបេះដូង ដែលកើតឡើង ញឹកញាប់ជាងគេ និងមានគ្រោះថ្នាក់ខ្ពស់បំផុត លើស្ត្រីមានផ្ទៃពោះ គឺជំងឺសាច់ដុំបេះដូង (Cardiomyopathy)។
គួរបញ្ជាក់ថា ផលវិបាកនៃជំងឺបេះដូងនេះ បង្កគ្រោះថ្នាក់ច្រើនប្រភេទ ផ្ទួនគ្នាលើស្ត្រី។ ពោលគឺអំឡុងពេលស្ត្រីពពោះ ជំងឺបេះដូងអាចបង្កជំងឺលើសឈាម ជំងឺញ័រប្រកាច់ ចង្វាក់បេះដូងមិនស្ថិរ ការកកឈាម និងកាន់តែធ្ងន់ធ្ងរនោះ គឺមានជំងឺដាច់សរសៃឈាម និងគាំងបេះដូង។
វិធីបង្ការហានិភ័យជំងឺបេះដូង សម្រាប់ស្ត្រីពពោះ៖
១. ចាក់វ៉ាកសាំងជំងឺកញ្ជ្រិល និងជំងឺគ្រុនផ្ដាសាយ
២. ជៀសវាងជាតិអាល់កុល ឬថ្នាំវេជ្ជសាស្ត្រ (តាមវេជ្ជបញ្ជា)
៣. ទទួលទានអាស៊ីតហ្វូលិកបំប៉ន ០.៤មីលីក្រាម/ថ្ងៃ ក្នុងត្រីមាសទីមួយ (១២សប្ដាហ៍ដំបូង)
៤. ប្រឹក្សាជាមួយវេជ្ជបណ្ឌិត ឬទទួលវេជ្ជបញ្ជា មុនទទួលទានថ្នាំផ្សេងៗ
៥. កុំប៉ះពាល់មនុស្ស ដែលមានជំងឺឆ្លង
៦. ប្រសិនបើមានជំងឺទឹកនោមផ្អែម សូមគ្រប់គ្រងជំងឺឱ្យបានល្អ
ប្រភព៖ FWR https://fortworthreport.org/ & NHS https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង