ការសិក្សាថ្មីមួយ បង្ហាញថា ការមានសុខភាពបេះដូងល្អ ក្នុងកម្រិតខ្ពស់មួយ ជួយឱ្យមនុស្សមានអាយុវែង ហើយគ្មានជំងឺរ៉ាំរ៉ៃជាប់ខ្លួននោះទេ។ ពោលគឺអ្នកមានសុខភាពបេះដូងល្អ មានលទ្ធភាពខ្ពស់ ក្នុងការបង្ការជំងឺមហារីក និងជំងឺបេះដូង។ នេះបើយោងតាមគេហទំព័រ Medical News Today។
ផ្អែកតាមការសិក្សា ពលរដ្ឋអង់គ្លេស ដែលមានសុខភាពបេះដូងល្អ អាចកើនអាយុរស់នៅបាន ៥.២ឆ្នាំ ទៅ ៦.៣ឆ្នាំ យូរជាងមនុស្ស ដែលមានសុខភាពបេះដូងមិនល្អ។ ទន្ទឹមការកើនអាយុរស់នៅ គេអាចរស់នៅដោយគ្មានជំងឺរ៉ាំរ៉ៃ គម្រាមកំហែងនោះទេ។ ជំងឺរ៉ាំរ៉ៃ គម្រាមកំហែង ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺវង្វេង និងជំងឺមហារីក។
បន្ថែមពីលើនេះទៀត គិតជាភាគរយនៃការរស់នៅ ដោយមានសុខភាពល្អ និងគ្មានជំងឺរ៉ាំរ៉ៃ ប្រចាំកាយ គឺសម្រាប់បុរសមាន ៧៥.៩% និងស្ត្រីមាន ៨៣.៤%។
វិធីថែបេះដូង ឱ្យមានសុខភាពល្អ៖
១. ពិនិត្យសម្ពាធឈាមរបស់ខ្លួន ឱ្យបានត្រឹមត្រូវ
២. រក្សាកម្រិតកូឡេស្តេរ៉ូល កុំឱ្យឈានចូលកម្រិតគ្រោះថ្នាក់
៣. កុំជក់បារី
៤. ញ៉ាំអាហារ ជាតិខ្លាញ់ អំបិល និងផឹកគ្រឿងស្រវឹង ត្រឹមកម្រិតល្មម
៥. ហាត់ប្រាណឱ្យបានទៀងទាត់
៦. តាមដានទម្ងន់
៧. ចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្ដាសាយ ឱ្យបានគ្រប់គ្រាន់
៨. គេងគ្រប់គ្រាន់
៩. ពិនិត្យសុខភាពនៅគ្លីនិក ឬមន្ទីរពេទ្យ ឱ្យបានទៀងទាត់
ប្រភព៖ Medical News Today https://www.medicalnewstoday.com/ & UNC Health Talk https://healthtalk.unchealthcare.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង