ការស្រាវជ្រាវបង្ហាញថា ជាតិអាល់កុល ផ្ដល់ផលប៉ះពាល់ច្រើនណាស់ ដល់សុខភាពអ្នកទទួលទាន។ ប៉ុន្តែនៅតែមានអ្នកទទួលទាន មិនស្រាកស្រានឡើយ។ ក្រៅពីផ្ដល់ជាតិពុលដល់រាងកាយ ជាតិអាល់កុល ដែលមានក្នុងស្រា ឬស្រាបៀ ធ្វើឱ្យខូចខួរក្បាល។ មិនគួរភ្លេចនោះទេថា វាក៏បង្កជំងឺរ៉ាំរ៉ៃច្រើនប្រភេទ និងបង្កគ្រោះថ្នាក់ របួសស្នាម និងហានិភ័យដល់អាយុជិវិតទៀតផង ប្រសិនបើអ្នកបើកបរ ក្នុងស្ថានភាពស្រវឹង។ យោងតាមគេហទំព័រ Northwestern Medicine ការផឹកស្រា ចាប់ពី ៣កែវឡើងទៅ ក្នុង ១ថ្ងៃ គឺជាការប្រមឹក ហើយខូចសុខភាពខ្លាំងណាស់។
ការប្រមឹក សម្រាប់ស្ត្រី គឺចាប់ពី ៣កែវឡើងទៅ ក្នុង ១ថ្ងៃ ឬស្មើនឹង ៧កែវ ក្នុង ១សប្ដាហ៍។ ចំណែកឯបុរស គឺចាប់ពី ៤កែវឡើងទៅ ក្នុង ១ថ្ងៃ ឬ ១៤កែវ ក្នុង ១សប្ដាហ៍។ បរិមាណជាតិស្រវឹងប៉ុនហ្នឹង គឺជាការប្រមឹកស្រា ដែលមានផលប៉ះពាល់រយៈពេលវែង ទៅលើសុខភាព។
ផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹង លើសុខភាពរយៈពេលវែង៖
១. មានបញ្ហាផ្លូវចិត្ត៖ ជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ
២. ខូចខួរក្បាល ព្យាបាលមិនជា
៣. ប្រឈមខ្លាំងនឹងជំងឺមហារីក
ទោះជាយ៉ាងណា គេហទំព័រ Northwestern Medicine ក៏បានបង្ហាញដែរថា ប្រសិនបើអ្នកប្រមឹក ផ្អាកទទួលគ្រឿងស្រវឹងរយៈពេល ១ឆ្នាំ រាល់បញ្ហាខួរក្បាលមួយភាគធំ នឹងត្រឡប់មករកភាពធម្មតាវិញ ឬមានស្ថានភាពប្រសើរជាងមុន៕
ប្រភព៖ Northwestern Medicine https://www.nm.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង