ការហែលទឹកអាង ឬត្រាំខ្លួន នៅក្នុងអាងទឹក គឺជាសកម្មភាពកម្សាន្ត ក៏ដូចជា សកម្មភាពបន្ធូរអារម្មណ៍មួយដ៏ពេញនិយមសម្រាប់កុមារ និងមនុស្សគ្រប់វ័យ។ ហើយជាធម្មតា ក្នុងពេលត្រាំទឹកអាង មនុស្សភាគច្រើន តែងមានទម្លាប់នោមក្នុងទឹកអាងដែលកំពុងត្រាំខ្លួន និងមានមនុស្សដទៃទៀត ក៏បាននោមក្នុងពេលតែមួយ។
យោងតាមការសិក្សា ការនោមក្នុងអាងទឹក ជាទម្លាប់ធម្មតាមួយ ដែលមនុស្សគ្រប់គ្នា មើលរំលង ហើយមិនដឹងថា មានផលប៉ះពាល់ដល់សុខភាពបែបណានោះទេ។ ស្ដាប់ទៅធម្មតាៗ ប៉ុន្តែតាមពិត ទម្លាប់នេះ មានគ្រោះថ្នាក់ខ្លាំងទៅលើបេះដូង និងសួត ប្រសិនបើអ្នកស្ថិតក្នុងអាងទឹកនោះផ្ទាល់។ នេះបើយោងតាមគេហទំព័រ Time។
ជាទូទៅ នៅក្នុងទឹកអាង មានផ្ទុកសារជាតិក្លូរីន សម្រាប់សម្អាតមេរោគឱ្យបានស្អាត សម្រាប់អ្នកហែលលេងកម្សាន្ត។ ប៉ុន្តែការសិក្សាមួយ បានបង្ហាញថា ក្លូរីន មិនអាចសម្លាប់សារជាតិ ដែលចេញពីទឹកនោមបាននោះទេ ហើយបន្ថែមពីលើនេះទៀត វាអាចបង្កប្រតិកម្មគីមី និងបង្កើតជាសារជាតិពុលនៅក្នុងទឹក។
៩៥% នៃទឹកនោមរបស់មនុស្ស គឺជាទឹក។ ៥% ទៀត គឺជាកាកសំណល់ចំណីអាហារ និងកាកសំណល់ភេសជ្ជៈ ដែលត្រូវបានរំលាយ។ ក្នុងទឹកនោម មានសារធាតុ៖
១. និជ្ជីវជាតិ៖ ជាសារធាតុមួយ ផលិតដោយថ្លើម មាននាទីជាអ្នកបញ្ចេញចោលនូវអាម៉ូញាក់ និងអាស៊ូតលើស
២. អាស៊ីតអ៊ុយរិច៖ ជាកាកសំណល់អាហារ និងភេស្ជជៈ ដែលមានជាតិអាស៊ីត ឬជាតិអាល់កុល
៣. អេឡិចត្រូលីត៖ ក្នុងនោះ មានសូដ្យូម ក្លរ ប៉ូតាស្យូម និងផូស្វ័រ
៤. កម្ទេចកម្ទីរល្អិតៗ៖ ក្នុងនោះ មានកោសិកាឈាមងាប់ៗ កាកសំណល់បារី គ្រឿងញៀន ពពួកវីតាមីន និងសារធាតុផ្សេងៗចម្រាញ់ចេញពីតម្រងនោម
នៅពេលដែលមនុស្សនោម ទឹកនោមនាំមកជាមួយគ្នានូវសារធាតុផ្សេងៗ ដែលបានរៀបរាប់ខាងលើ។ ការសិក្សានេះដដែលក៏បានលើកឡើងថា អាស៊ីតអ៊ុយរិច ប្រតិកម្មជាមួយនឹងក្លូរីន បង្កើតចេញជាសារធាតុ cyanogen chloride (CNCI) និង trichloramine (NCl3)។ CNCI គឺជាសារធាតុគីមីពុលមួយ ដែលបង្កផលប៉ះពាល់លើសរីរាង្គ ដូចជា សួត បេះដូង និងប្រព័ន្ធប្រសាទ។ របាយការណ៍កន្លងមក ក៏បានបង្ហាញពីទំនាក់ទំនងរវាង NCl3 និងការកើតមានរបួសសួតស្រួចស្រាវផងដែរ៕
ប្រភព៖ Time https://time.com/ & Cleveland Clinic https://my.clevelandclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង