កម្ពុជា ទទួលអំណោយវ៉ាក់សាំង ប្រឆាំងជំងឺផ្ដាសាយបក្សីប្រភេទ H5N1 ចំនួន ៣០០០ដូស ពីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយនេះ បានមកដល់កម្ពុជា ក្រោយកម្ពុជារកឃើញករណីផ្ដាសាយបក្សី លើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបានបង្កឱ្យកុមារីម្នាក់ នភខេត្តព្រៃវែង បាត់បង់ជីវិត។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា វ៉ាក់សាំង ដែលទទួលបានពីអង្គការសុខភាពពិភពលោក ចំនួន ៣០០០ដូសនេះ នឹងផ្ដល់ឱ្យសម្រាប់ពលរដ្ឋ ក្នុងសហគមន៍ ដែលជាប់សង្ស័យទាក់ទងនឹងជំងឺផ្ដាសាយបក្សី ដូចជា ពលរដ្ឋក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ជាដើម។
គួរបញ្ជាក់ថា ក្រោយការតាមដានយ៉ាងខ្ជាប់ខ្ជួនរបស់ក្រសួងសុខាភិបាល ទៅលើករណីផ្ទុះជំងឺផ្តាសាយបក្សី ក្នុងខេត្តព្រៃវែងរួចមក លោកជំទាវ យក់ សម្បត្តិ យល់ឃើញថា ស្ថានភាពជំងឺផ្ដាសាយបក្សី ក្នុងប្រទេសកម្ពុជា មិនទាន់បង្កជាសញ្ញាគួរព្រួយបារម្ភខ្លាំងក្លានោះទេ។
កាលពីថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានប្រកាសថា ករណីផ្ទុះជំងឺផ្តាសាយបក្សី នៅខេត្តព្រៃវែង ត្រូវបានគ្រប់គ្រងបានហើយ។ ក្នុងនោះ ឪពុកក្មេងស្រីរងគ្រោះ ដែលរកឃើញឆ្លងជំងឺផ្តាសាយបក្សី ក៏បានជាសះស្បើយ ដោយលទ្ធផលតេស្តអវិជ្ជមាន ហើយមនុស្ស ២៩នាក់ទៀត ដែលជាអ្នកប៉ះពាល់នឹងក្មេងស្រីរងគ្រោះ និងអ្នកមានរោគសញ្ញាជំងឺផ្តាសាយ ក៏ត្រូវបានធ្វើតេស្ត ចេញលទ្ធផលអវិជ្ជមានទាំងអស់៕
ប្រភព៖ Khmer Times https://www.khmertimeskh.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង