នរណាៗ ក៏ស្គាល់ថា Albert Einstein ជាបុគ្គល ដែលមានឥទ្ធិពលមហិមាលើវិទ្យាសាស្ត្រ ជាពិសេសនោះគឺ លោកមានខួរក្បាលវ័យឆ្លាតអស្ចារ្យ គ្មានមនុស្សធម្មតា អាចប្រៀបផ្ទឹមបាន។ ក្រៅពីមានទម្លាប់ងឿងឆ្ងល់ច្រើន បិតារូបវិទ្យា លោក Albert Einstein មានចំណុចប្លែកៗមួយចំនួន នៅក្នុងទ្រង់ទ្រាយខួរក្បាលរបស់លោក ដែលអាចពន្យល់ចំណុចពិសេសៗមួយចំនួន ទាក់ទងនឹងសមត្ថភាពដ៏អស្ចារ្យ ក្នុងការគិត ដោះស្រាយបញ្ហា និងច្នៃប្រឌិតរូបមន្តថ្មីៗ។
ក្រោយមរណភាពរបស់លោក Albert Einstein កាលពីឆ្នាំ១៩៥៥ អ្នកវិទ្យាសាស្ត្រ ឈ្មោះថា Thomas Harvey បានយកខួរក្បាល Albert Einstein ចេញមកតម្កល់ទុក ថតទុកជារូបភាព និងវាស់ខួរក្បាល ដើម្បីសិក្សាស្រាវជ្រាវ។ រូបភាព ដែលលោក Harvey បានថតទុក ត្រូវបានចែករំលែកទៅកាន់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ ធ្វើជាឯកសារយោង ដើម្បីសិក្សាបន្ត។
ការសិក្សាវិភាគពីខួរក្បាល Albert Einstein ដំបូងគេ ចុះផ្សាយ ក្នុងឆ្នាំ១៩៩៩ ដែលជាការដឹកនាំដោយលោក Sandra Witelson អ្នកជំនាញផ្នែកសរសៃប្រសាទ នៅសកលវិទ្យាល័យ McMaster ក្នុងប្រទេសកាណាដា។ ក្រុមស្រាវជ្រាវនេះ រកឃើញថា កំពកសៀតផ្កា (ក្លែបចំហៀងនៃខួរក្បាល) របស់ Einstein មានទំហំទូលាយជាងកំពកសៀតផ្កាធម្មតា ១៥%។
ទោះជាយ៉ាងណា គេឃើញថា ខួរក្បាលរបស់បិតារូបវិទ្យាម្នាក់នេះ មានទម្ងន់តែ ១២៣០ក្រាមប៉ុណ្ណោះ គ្មានអ្វីប្លែកខ្លាំងពីមនុស្សធម្មតា សម័យទំនើបនោះទេ (ទម្ងន់ខួរក្បាលមនុស្សធម្មតា ១៣៣៦ក្រាម សម្រាប់បុរស និង ១១៩៨ក្រាម សម្រាប់ស្ត្រី)។
ក្រុមអ្នកសិក្សាមួយទៀត នៅសកលវិទ្យាល័យរដ្ឋ Florida ដឹកនាំដោយនរវិទ្យាម្នាក់ លោកស្រី Dean Falk រកឃើញចំណុចប្លែកមួយ ក្នុងខួរក្បាល Albert Einstein។ នោះគឺ គេឃើញមានចំណុច ដែលមានរូបរាង ដូចប្រដាប់កាន់មួលសោរ នៅក្នុងផ្នែក motor cortex ដែលជាផ្នែកមួយ មាននាទីគ្រប់គ្រងដៃឆ្វេង។ ការសិក្សាស្រដៀងគ្នាផ្សេងៗទៀត បានពន្យល់ថា រូបរាងដូចប្រដាប់កាន់មួលសោរ ក្នុងខួរក្បាលនេះ មានទាក់ទងនឹងសមត្ថភាពរបស់មនុស្ស ទៅលើតន្រ្តី។ នេះគេអាចស្វែងយល់ថា ចំណុចនេះ មានទាក់ទងនឹង Einstein ដែលជាមនុស្សមានសមត្ថភាពខ្ពស់ អាចលេងវីយូឡុងបានយ៉ាងស្ទាត់ តាំងពីនៅវ័យក្មេងមកម្លេះ។
ក្រុមរបស់លោកស្រី Dean Falk ក៏បានរកឃើញដែរថា មានស្នាមឆូត និងចង្អូរប្លែក នៅកំពកនៃខួរក្បាលទាំងសងខាងរបស់លោក Einstein ដែលនេះជាបញ្ហាកម្រ។ ទាក់ទងនឹងចំណុចនេះ លោកស្រីបានពន្យល់ថា វាមានការពាក់ព័ន្ធនឹងសមត្ថភាពខ្ពស់របស់ Einstein ក្នុងការដោះស្រាយចំណោទរូបវិទ្យា។ Albert Einstein តែងលើកឡើងថា ក្នុងជីវិតរបស់លោក លោកតែងតែគិតដោះស្រាយ លើរឿងនានា ក្នុងទម្រង់ជារូបភាព និងអារម្មណ៍ ជាជាងការគិតក្នុងទម្រង់ជាពាក្យ៕
ប្រភព៖ Science https://www.science.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង