សុខភាពផ្លូវចិត្ត ជាកត្តាសំខាន់ក្នុងជីវិតរបស់មនុស្ស។ កាលណា មានបញ្ហាផ្លូវចិត្ត អ្នកមិនអាចព្យាបាលបាត់ទៅវិញ ដោយគ្រាន់តែធ្វើមិនដឹងខ្លួន ឬគេងបំភ្លេចបញ្ហានោះទេ។ បញ្ហាផ្លូវចិត្តសម្រាប់មនុស្សជាច្រើន អាចបន្សល់ទុកនូវផលប៉ះពាល់រយៈពេលយូរ។ នោះមានន័យថា មិនត្រឹមតែរំខានអារម្មណ៍ ធ្វើឱ្យមនុស្សមិនសប្បាយចិត្ត តែមួយពេលខ្លីនោះទេ តែវាអាចកកស្ទះនៅក្នុងចិត្តរយៈពេលយូរ។ នោះវាមិនល្អដល់សុខភាពនោះទេ ហើយអាចបង្កជំងឺរ៉ាំរ៉ៃផងដែរ។ គេហទំព័រ Medical News Today បានរាយការណ៍ថា ស្ថានភាពជំងឺផ្លូវចិត្តមិនល្អ ជាកត្តាបង្កជំងឺបេះដូង ទោះបីជាអ្នកនៅវ័យក្មេងក៏ដោយ។
ជំងឺបាក់ទឹកចិត្ត តែងនាំមកនូវអាកប្បកិរិយាមិនល្អ ដែលគ្រោះថ្នាក់ដល់សុខភាពបេះដូង ហើយមានមនុស្សជាច្រើន ប្រឈមនឹងជំងឺបាក់ទឹកចិត្ត។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ២០១៧ មនុស្សប្រមាណ ២៦៤លាននាក់ជុំវិញសកលលោក បានជួបប្រទះនឹងជំងឺបាក់ទឹកចិត្ត។
ការសិក្សាមួយ ដែលមានអ្នកចូលរួមជាងកន្លះលាននាក់ សុទ្ធតែជាមនុស្សជំទង់ (អាយុ ១៨ឆ្នាំ ដល់ ៤៩ឆ្នាំ) រកឃើញថា ជំងឺបាក់ទឹកចិត្ត មានទាក់ទងនឹងការកើនឡើងហានិភ័យជំងឺបេះដូង និងការខ្សោយសុខភាពបេះដូង។ លទ្ធផលនៃការសិក្សានេះ បង្ហាញថា៖
· មនុស្ស ដែលមានសុខភាពផ្លូវចិត្តមិនល្អ ចន្លោះពី ១ - ១៣ថ្ងៃ ក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយ កើនហានិភ័យជំងឺបេះដូង ១.៥ដង។
· មនុស្ស ដែលមានសុខភាពផ្លូវចិត្តមិនល្អ ចន្លោះពី ១៤ - ៣០ថ្ងៃ កើនហានិភ័យជំងឺបេះដូង ២.៣ដង។
មនុស្សបាក់ទឹកចិត្ត ងាយនឹងធ្លាក់ខ្លួន ក្នុងស្ថានភាពមួយ ដែលមានទម្លាប់មិនល្អ ហើយទម្លាប់ទាំងនោះ ប៉ះពាល់ដល់សុខភាព និងបង្កជាបញ្ហាសុខភាពមួយចំនួនធំ។ គេរកឃើញថា បញ្ហាទាំងនោះ មានភាពស្រដៀងគ្នា នឹងបញ្ហាដែលបង្កជំងឺបេះដូង។
ទម្លាប់ ឬបញ្ហា ដែលបង្កជំងឺបេះដូង៖
១. ជំងឺលើសឈាម
២. ជំងឺទឹកនោមផ្អែម
៣. ជក់បារី
៤. លើសទម្ងន់
៥. កូឡេស្តេរ៉ូលខ្ពស់
៦. ខ្វះលំហាត់ប្រាណ
៧. ទទួលទានបន្លែផ្លែឈើមិនគ្រប់គ្រាន់
យោងតាមគេហទំព័រ Mayo Clinic អ្នកអាចព្យាបាល ឬបន្ធូររោគសញ្ញាជំងឺបាក់ទឹកចិត្តបាន តាមវិធីទាំងនេះ៖
១. ប្រើថ្នាំព្យាបាលជំងឺផ្លូវចិត្ត តាមការណែនាំរបស់គ្រូពេទ្យ
២. ព្យាបាលផ្លូវចិត្តជាមួយអ្នកជំនាញ (ប្រឹក្សាពីស្ថានភាព និងស្វែងរកដំណោះស្រាយត្រឹមត្រូវ)
៣. ចុះឈ្មោះរៀនវគ្គសិក្សា សម្រាប់មនុស្សមានបញ្ហាផ្លូវចិត្ត
៤. សម្រាកមន្ទីរពេទ្យ និងទទួលការថែទាំ
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/ & Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង