ក្រៅពីរសជាតិដ៏ជក់ចិត្ត កាហ្វេមានសារៈប្រយោជន៍ជាច្រើន សម្រាប់សុខភាព និងប្រឆាំងជំងឺរ៉ាំរ៉ៃច្រើនប្រភេទ។ ទោះជាយ៉ាងណា ការសិក្សាថ្មីមួយ បានរកឃើញថា មនុស្ស ដែលរំលាយអាហារយឺត គឺបើផឹកកាហ្វេក្នុង ១ថ្ងៃ ចាប់ពី ៣កែវឡើង អាចមានផលប៉ះពាល់លើសុខភាពក្រលៀន ឬអាចខូចក្រលៀន ដល់ទៅ ៣ដងខ្ពស់ជាងធម្មតា។
ការសិក្សាជាច្រើន បានសិក្សាស្វែងយល់ថា កាហ្វេមានសារៈប្រយោជន៍ សម្រាប់សុខភាពរបស់អ្នកទទួលទាន ហើយអាចប្រឆាំងជំងឺច្រើនមុខ។ ប៉ុន្តែការសិក្សាថ្មីមួយ បានរកឃើញថា ការទទួលទានកាហ្វេ ចំពោះមនុស្ស ដែលរំលាយអាហារយឺត ងាយប្រឈមនឹងការខូចតម្រងនោម ឬខូចក្រលៀន ក្នុងហានិភ័យខ្ពស់ជាងមុន ៣ដង។
លទ្ធផលនៃការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ នៃនាយកដ្ឋានឱសថសហគមន៍ និងគ្រួសារ នៅឯសកលវិទ្យាល័យ Toronto ប្រទេសកាណាដា បង្ហាញថា មនុស្សដែលរំលាយអាហារយឺត នឹងរំលាយជាតិកាហ្វេអ៊ីនយឺត។ កាលណា រាងកាយកម្ចាត់ជាតិកាហ្វេអ៊ីន មិនបានល្អ សុខភាពអាចទទួលរងនូវផលប៉ះពាល់។ ប្រសិនបើក្រុមមនុស្ស ដែលរំលាយជាតិកាហ្វេអ៊ីនយឺត ទទួលទានកាហ្វេ ចាប់ពី ៣ដងឡើងទៅ ក្នុង ១ថ្ងៃ ពួកគេប្រឈមនឹងហានិភ័យខូចមុខងារក្រលៀន ២.៧ដងខ្ពស់ជាងមុន។ បន្ថែមពីលើនេះ វាក៏អាចបង្កឱ្យហានិភ័យកើតជំងឺលើសឈាម កើនឡើងដល់ ២.៨ដង។
ទោះជាយ៉ាងណា មានអ្នកជំនាញ និងសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រមួយចំនួន បានបង្ហាញមន្ទិលសង្ស័យលើលទ្ធផលនៃការសិក្សានេះ ព្រោះមានការសិក្សាកន្លងមក ជាច្រើន គាំទ្រអត្ថប្រយោជន៍សុខភាពរបស់កាហ្វេ និងការប្រឆាំងជំងឺ។ គេជឿថា ជាតិកាហ្វេអ៊ីន ដែលត្រូវបានគេវិភាគក្នុងការសិក្សានៅសកលវិទ្យាល័យ Toronto នេះ អាចជាជាតិកាហ្វេអ៊ីន ដែលមានក្នុងភេសជ្ជៈផ្សេងៗ ដែលមិនមែនជាកាហ្វេសុទ្ធនោះទេ។ នោះមានន័យថា ភេសជ្ជៈផ្សេង មិនមែនជាកាហ្វេ អាចមានសារជាតិមិនល្អ ដែលបង្កផលប៉ះពាល់លើក្រលៀន។ បន្ថែមពីលើនេះទៀត បញ្ហាដែលបង្កឱ្យខូចក្រលៀន មានច្រើនកត្តា ហើយគុណភាពកាហ្វេល្អ ឬមិនល្អ ក៏មានទាក់ទងទៅនឹងច្រើនកត្តាផងដែរ៕
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង