អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក បានធ្វើការសិក្សាថ្មី ស៊ីជម្រៅទៅលើកោសិកាមនុស្ស ហើយគេរកឃើញថា វាអាចទៅរួចសម្រាប់មនុស្ស ក្នុងការពន្យារភាពចាស់របស់ខ្លួន ដោយការញ៉ាំតិច ឬបន្ថយបរិមាណកាឡូរី។
លោក Daniel Belsky ជំនួយការសាស្ត្រាចារ្យផ្នែករោគរាតត្បាត នៅឯសាលាជំនាញសុខាភិបាលសាធារណៈ នៃសកលវិទ្យាល័យ Columbia បានលើកឡើងថា “រយៈពេលជិត ១០០ឆ្នាំមកហើយ ដែលគេទទួលស្គាល់ថា ការកាត់បន្ថយកម្រិតកាឡូរី ឬការកាត់បន្ថយអាហារ អាចជួយឱ្យសត្វមានអាយុវែង និងរស់នៅមានសុខភាពល្អរយៈពេលយូរ”។
លោកក៏បានបន្ថែមទៀតថា ការបន្ថយអាហារ អាចពន្យាភាពចាស់ ដោយវាកែប្រែជីវសាស្ត្រក្នុងរបៀបមួយ ដែលអាចពន្យឺតល្បឿននៃការចាស់។ ទោះជាបែបនេះក្ដី អ្នកស្រាវជ្រាវ ក៏កំពុងតែព្យាយាមសិក្សាបន្ត អំពីវិធីដែលដំណើរការជីវសាស្ត្រនេះ អាចកើតមានឡើង។ ដើម្បីសិក្សាស៊ីជម្រៅ អ្នកវិទ្យាសាស្ត្រ ក៏បានសិក្សាដល់កម្រិតកោសិការបស់មនុស្សផងដែរ។ ក្នុងការសិក្សានេះ គេប្រើវិធីម្យ៉ាងឈ្មោះថា «នាឡិកាជីវសាស្ត្រ ឬ Biological Clocks» ដើម្បីសិក្សាអំពីវីធីចាស់ជរារបស់មនុស្ស។
លោក Calen Ryan ជំនួយការអ្នកវិទ្យាសាស្ត្រ នៅមជ្ឈមណ្ឌលសិក្សាពីភាពចាស់ Robert N. Butler Columbia ក៏បានបង្ហាញដូចគ្នាដែរថា “ការសិក្សារបស់ពួកគេ រកភស្តុតាងថា ការបន្ថយកាឡូរី ពិតជាបានពន្យឺតភាពចាស់ ក្នុងខ្លួនមនុស្ស”។ ដូចនេះ ការសិក្សានេះ ពន្យល់ឱ្យដឹងថា ភាពចាស់របស់មនុស្សពិតជាអាចពន្យារបាន ពោលគឺយើងមិនមែន ត្រូវបណ្ដោយតាមធម្មជាតិទាំងស្រុងនោះទេ៕
ប្រភព៖ CNN Health II https://edition.cnn.com/ & NBC News II https://www.nbcnews.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង