ការរស់នៅតែឯង តែងនាំមកនូវភាពឯកា ហើយវាជាកត្តាមួយ ដែលបង្កបញ្ហាសុខភាពសាធារណៈ ក្នុងនោះ មានចំនួនមនុស្សចាស់ជាច្រើន កំពុងជួបប្រទះ។ មនុស្សចាស់ ដែលប្រឈមនឹងភាពឯកា ប្រឈមនឹងហានិភ័យដ៏ធំនៃជំងឺវង្វេង និងជំងឺរ៉ាំរ៉ៃច្រើនប្រភេទទៀត។
ភាពឯកា គឺជាស្ថានភាពមួយ ដែលអ្នកមានអារម្មណ៍ថា អ្នកនៅតែឯង ខ្វះភាពរីករាយ។ ចំណែកឯការរស់នៅតែឯង ដាច់ពីមនុស្សដទៃក្នុងសង្គម (Social Isolation) គឺជាស្ថានភាពមួយ ដែលអ្នកមានទំនាក់ទំនងសង្គមមិនគ្រប់គ្រាន់។ ការរស់នៅតែឯងបែបនេះ អាចនាំមកនូវភាពឯកា។ ក៏ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ទោះបីពួកគេមានទំនាក់ទំនងសង្គម ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃក៏ដោយ ក៏គេអាចមានអារម្មណ៍ឯកាបានដែរ។ នោះមានន័យថា ប្រសិនបើមនុស្សម្នាក់មានភាពឯកា ទោះបីគេមានទំនាក់ទំនងសង្គមជាមួយមនុស្សដទៃ ឬមិនមានទំនាក់ទំនងសោះក៏ដោយ ចុងក្រោយគេនឹងទទួលបានអារម្មណ៍ឯកា។
ការសិក្សាបានបង្ហាញថា មនុស្សឯកា ជាពិសេសក្រុមមនុស្សវ័យកណ្ដាល ចាប់ពីអាយុ ៥០ឆ្នាំឡើងទៅ ប្រឈមនឹងបញ្ហាសុខភាពជាច្រើន ដូចជា៖
១. ហានិភ័យខ្ពស់ក្នុងការស្លាប់មុនអាយុ បង្កដោយកត្តាគ្រប់ប្រភេទ (ស្មើនឹងហានិភ័យនៃការជក់បារី ការលើសទម្ងន់ និងការធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់)
២. កើនហានិភ័យជំងឺវង្វេង ៥០%
៣. កើនហានិភ័យជំងឺបេះដូង ២៩%
៤. កើនហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល ៣២%
៥. ប្រឈមខ្ពស់នឹងជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងការគិតអវិជ្ជមានចង់ធ្វើអត្តឃាត ជាដើម
៦. ជំងឺខ្សោយបេះដូង ដែលមានភាពឯកា ប្រឈមនឹង (១) ហានិភ័យបាត់បង់ជីវិត ក្នុងកំណើន ៤ដង (២) កើនហានិភ័យសម្រាកមន្ទីរពេទ្យ ៦៨% និង (៣) កើនហានិភ័យសង្គ្រោះបន្ទាន់ ៥៧%
CDC បានណែនាំវិធីមួយចំនួន សម្រាប់ប្រឆាំងភាពឯការបស់បុគ្គលម្នាក់ៗ៖
១. ស្វែងរកជំនួយវេជ្ជសាស្ត្រ ដោយជួបវេជ្ជបណ្ឌិតជំនាញ
២. ស្វែងរកអង្គការ ដែលលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់
៣. ទទួលសេវាថែទាំសុខភាព សម្រាប់មនុស្សវ័យកណ្ដាល ឬមនុស្សចាស់
NHS ក៏បានណែនាំវិធីផ្សេងៗទៀតដូចជា៖
១. ប្រឹក្សាពីអារម្មណ៍របស់ខ្លួន ជាមួយក្រុមគ្រួសារ មិត្តភក្ដិ ឬអ្នកជំនាញ
២. ចូលរួមក្រុម ដែលចូលចិត្តធ្វើរឿង ដែលជាចំណង់ចំណូលចិត្តរបស់អ្នក
៣. ទៅលេងទីតាំង ដែលមានមនុស្សម្នា (ឧទ្យាន រោងកុន ឬហាងកាហ្វេ)
៤. ស្វែងរកការគាំទ្រពីអ្នកដែលមានបទពិសោធន៍ ដូចគ្នា
៥. ធ្វើរឿងដែលសប្បាយចិត្ត
៦. លើកកម្ពស់ទំនុកចិត្តលើខ្លួនឯង
៧. ស្ដាប់សារសំឡេងបែបលើកទឹកចិត្ត
ប្រភព៖ CDC II https://www.cdc.gov/ & NHS II https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង