រដ្ឋធានី Ulaanbaatar ជាទីលំនៅនៃប្រជាជនម៉ុងហ្គោលី ចំនួនពាក់កណ្ដាលនៃប្រជាជនសរុប (ចំនួនប្រជាជនសរុប ៣លាននាក់) ហើយវាជារដ្ឋធានីមួយ ក្នុងចំណោមរដ្ឋធានីផ្សេងៗទៀត ក្នុងលោក ដែលទទួលរងការបំពុលបរិយាកាសខ្លាំងជាងគេ។ ការបំពុលបរិយាកាសក្នុងរដ្ឋធានី Ulaanbaatar បង្កផលប៉ះពាល់យ៉ាងមហិមា ទៅលើសុខភាពពលរដ្ឋក្នុងតំបន់ ជាពិសេសសុខភាពកុមារ។ យោងតាមអង្គការ UNICEF កុមារក្នុងតំបន់នេះ មានមុខងារសួត ៤០% ទាបជាងធម្មតា ហើយប្រឈមនឹងជំងឺផ្លូវដង្ហើមច្រើនប្រភេទ។
រដ្ឋធានី Ulaanbaatar ជាទីក្រុងត្រជាក់ខ្លាំងរបស់ប្រទេសម៉ុងហ្គោលី។ ក្នុងខែ ដែលត្រជាក់ខ្លាំងបំផុត ប្រជាពលរដ្ឋស្វែងរកវិធីកម្ដៅរាងកាយ ហើយនេះជាមូលហេតុ បង្កើនជាតិពុលទៅកាន់បរិស្ថាន។ ជាតិពុលក្នុងតំបន់នេះ អាចកើនឡើងដល់ ២៧ដង ខ្ពស់ជាងការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទៅលើកម្រិតជាតិពុល ដែលមិនបង្កគ្រោះថ្នាក់។
ប្រភពចម្បងនៃការបំពុលបរិយាកាស ក្នុងរដ្ឋធានី Ulaanbaatar មានដូចជា (១) ការដុតធ្យូងកម្ដៅរាងកាយ ដើម្បីរស់នៅក្នុងអាកាសធាតុត្រជាក់ខ្លាំង និង (២) ការលូតលាស់លឿន នៃនគរូបនីយកម្ម ដែលបង្កើនហានិភ័យបំពុលខ្យល់ បំពុលទឹក និងបំពុលដី។
ផលប៉ះពាល់នៃការបំពុលបរិយាកាស លើសុខភាពកុមារម៉ុងហ្គោលី៖
១. ជួបប្រទះជំងឺរលាកសួត៖ ជំងឺនេះ ជាមូលហេតុធំទី២ នៃអត្រាមរណភាពរបស់កុមារអាយុក្រោម ៥ឆ្នាំ ក្នុងប្រទេសម៉ុងហ្គោលី។
២. មុខងារសួតថយចុះ ៤០%៖ កុមារក្នុង Ulaanbaatar ត្រូវបានគេរកឃើញថា មានមុខងារសួតល្អតែ ៦០% ប៉ុណ្ណោះ។ ពោលគឺសារធាតុពុល បានកាត់បន្ថយមុខងារសួត ៤០% ទៅហើយ ដែលនាំឱ្យសុខភាពសួតចុះខ្សោយ និងប្រឈមខ្ពស់នឹងជំងឺសួត។
៣. ប្រឈមនឹងជំងឺរលាកទងសួត និងជំងឺហឺត៖ ជំងឺទាំងពីរនេះ បង្កផលវិបាកខ្លាំងដល់កុមារ នាំឱ្យមិនបានទៅរៀននៅសាលា ក៏ដូចជា បាត់បង់ឱកាសរៀនសូត្រ និងឱកាសអភិវឌ្ឍខ្លួន។
៤. បញ្ហាប្រឈមសម្រាប់ទារកក្នុងផ្ទៃ៖ ស្ត្រីពពោះ ដែលទទួលរងការបំពុលបរិយាកាសនេះ ប្រឈមនឹងការសម្រាលមុនខែ និងការរំលូតកូន ដោយសារកត្តាផ្សេងៗ។
៥. ជំងឺផ្លូវដង្ហើមកើនឡើង ២.៧ដង ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ក្នុងចំនួនប្រជាជន ១ម៉ឺននាក់។
៦. អត្រាមរណភាពរបស់ទារកក្នុងផ្ទៃ កើនឡើង ៣.៥ដង ក្នុងប្រទេសម៉ុងហ្គោលី នៅចន្លោះពីរដូវរងារ ដល់ខែរដូវក្ដៅ៕
ប្រភព៖ UNICEF II https://www.unicef.org/mongolia/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង