ជំងឺផ្ដាសាយបក្សី ដែលកំពុងរាលដាល មួយរយៈចុងក្រោយនេះ បានរាលដាលទៅកាន់សត្វកកេរ និងសត្វកញ្ជ្រោង ដែលជាការឆ្លងរាលដាលធំជាងគេបង្អស់។ នេះបើយោងតាមគេហទំព័រ BBC។ ទិន្នន័យ បានបង្ហាញថា បក្សីចំនួនប្រមាណ ២០៨លានក្បាល ជុំវិញសកលលោក បានងាប់ ដោយការរាលដាលនេះ ហើយគេឃើញមានយ៉ាងតិច ២០០ករណី កើតមានលើថនិកសត្វ រួមមាន សត្វកកេរ និងសត្វកញ្ជ្រោង ជាដើម។
ក្រោយជំងឺផ្ដាសាយបក្សី បានរាលដាលទៅថនិកសត្វ អ្នកជំនាញសុខាភិបាលសាធារណៈមួយចំនួន បានបង្ហាញការបារម្ភពីការឆ្លងបន្តទៅកាន់មនុស្ស។ ទោះជាបែបនេះក៏ដោយ ហានិភ័យនៃការឆ្លងនេះ គឺទាបទេ។ គេនឹងតាមដាន ក៏ដូចជា ធ្វើតេស្តខ្ជាប់ខ្ជួនទៅលើសត្វ និងមនុស្សក្នុងចក្រភពអង់គ្លេស ដែលមានពាក់ព័ន្ធនឹងប្រភពវីរុស។
អ្នកជំនាញផ្នែកសុខាភិបាល បានបង្ហាញថា ថនិកសត្វ ដែលឆ្លងវីរុសនេះ គឺបានស៊ីសត្វបក្សី ដែលឈឺ ឬងាប់ ដោយសារជំងឺផ្ដាសាយបក្សី។ គេក៏យល់ថា ពពួកសត្វ ដែលបានឆ្លង មានសមត្ថភាពបំប្លែងមេរោគ ដែលធ្វើឱ្យវាងាយនឹងឆ្លងវីរុសផ្ដាសាយបក្សីនេះ។ ប៉ុន្តែគេមិនបានរកឃើញថា ពពួកថនិកសត្វទាំងនេះ អាចចម្លងទៅថនិកសត្វដូចគ្នាបាននោះទេ។
យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ និងអាជ្ញាធរសុខាភិបាលប្រចាំអង់គ្លេស នឹងបង្កើនការតាមដាន និងទប់ស្កាត់ហានិភ័យណាមួយ នៃជំងឺគ្រុនផ្ដាសាយបក្សី៕
ប្រភព៖ BBC News II https://www.bbc.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង