ការអុជធូប ជាទម្លាប់ទូទៅមួយ ក្នុងវប្បធម៌រស់នៅ និងជំនឿរបស់ប្រជាជនកម្ពុជា ចិន និងពលរដ្ឋមួយចំនួនទៀត នៅអាស៊ី។ តាមទំនៀមទម្លាប់ ក្នុងកិច្ចអុជធូបនិមួយៗ គេប្រើធូបចំនួនចាប់ពី ៣សរសៃឡើងទៅ ហើយវាត្រូវការពេល ៥០នាទី ទៅ ៩០នាទី ដើម្បីឱ្យធូបមួយសរសៃៗ ឆេះអស់។ ក្នុងផ្សែងធូប មានសារធាតុគីមី ដែលប៉ះពាល់សុខភាព តាមការដកដង្ហើមស្រូបយកផ្សែងវា។ ការសិក្សារកឃើញថា ផ្សែងធូប អាចបង្កហានិភ័យជំងឺមហារីក ក្នុងផ្លូវដង្ហើម។
កាលណា គ្រួសារ ឬពលរដ្ឋម្នាក់ៗ អុជធូប វានឹងនាំឱ្យអ្នកជុំវិញខ្លួន ស្រូបយកផ្សែងទាំងនេះ ចូលទៅក្នុងបំពង់ដង្ហើម។ ផ្សែងធូប បញ្ចេញនូវឧស្ម័នមួយចំនួន៖
· CO
· CO2
· NO2
· SO2
· ឧស្ម័នផ្សេងៗ
· Benzene
· Toluene
· Xylenes
· Aldehydes
· Polycyclic aromatic hydrocarbons (PAHs)
សារធាតុគីមីម្យ៉ាង polycyclic aromatic hydrocarbons (PAHs) ត្រូវបានគេបង្ហាញក្នុងការសិក្សាថា មានពាក់ព័ន្ធនឹងជំងឺមហារីក។ វាហាក់ដូចជា ការដុតស្លឹកថ្នាំជក់ ឬធ្យូងថ្ម ដែលបញ្ចេញនូវ PAHs ដូចគ្នា។ ការសិក្សាលើជនជាតិសាំងហ្គាពួរ ចំនួន ៦១ ០០០នាក់ បានរកឃើញថា មនុស្សដែលអុជធូបខ្លាំង និងញឹកញាប់បំផុត មានហានិភ័យជំងឺមហារីកបំពង់ខ្យល់ ខ្ពស់ជាងមនុស្សធម្មតា ២ដង។
ទោះជាបែបនេះក្ដី អ្នកស្រាវជ្រាវ ក៏បានលើកឡើងថា ការសិក្សានេះ នៅមានចំណុចខ្សោយ ព្រោះថា គេមិនអាចបញ្ជាក់ច្បាស់នោះទេថា ផ្សែងធូប ពិតជាមូលហេតុបង្កជំងឺមហារីក។ ក្នុងការសិក្សានេះ គេយល់ថា មនុស្ស ដែលប្រើផ្សែងធូបច្រើន ជាក្រុមមនុស្ស ដែលងាយនឹងជក់បារី ក្នុងបរិមាណច្រើន។ បារីបញ្ចេញនូវសារធាតុ PAHs ច្រើន ហើយបារី ជាភ្នាក់ងារធំជាងគេ ក្នុងការបង្កជំងឺមហារីកសួត និងមហារីកផ្សេងៗ ជុំវិញផ្លូវដង្ហើុម។
ដូចនេះ លទ្ធផលរបស់ការសិក្សា មិនអាចបែងចែកដាច់នោះទេ ថាមូលហេតុបង្កមហារីកពិតប្រាកដ គឺជាផ្សែងធូប ឬបារី។ មិនថា បែបណានោះទេ ប្រសិនបើជៀសវាងការអុជធូបបាន វាជារឿងល្អ សម្រាប់សុខភាពដង្ហើមរបស់អ្នក និងអ្នកនៅជុំវិញខ្លួន៕
ប្រភព៖ Cancer Council II https://www.cancer.org.au/ & NIH II https://www.ncbi.nlm.nih.gov/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង