មនុស្សជាច្រើន មានទម្លាប់មួយញ៉ាំលឿន និងមិនសូវខ្វល់ពីផលវិបាកនោះទេ។ តាមពិតទៅ វាជាទម្លាប់អាក្រក់ ហើយប៉ះពាល់ដល់សុខភាពណាស់ ជាពិសេសប៉ះពាល់ដល់ទម្ងន់។ ការញ៉ាំលឿន ស្មើនឹងអ្នកទំពារមិនបានច្រើនដងនោះទេ។ យោងតាមការសិក្សាមួយ ក្នុងប្រទេសចិន អ្នកទំពារអាហារបានច្រើន អាចកាត់បន្ថយកាឡូរីបាន ១០% ច្រើនជាងអ្នកទំពារតិច។ ផលវិបាកនៃទម្លាប់ញ៉ាំលឿន មានទាក់ទងនឹងជំងឺរ៉ាំរ៉ៃជាច្រើន ដែលលោកអ្នកអាចស្វែងយល់ក្នុងអត្ថបទនេះ។
គេហទ័ព័រ Healthline និង The Guardian បានលើកឡើងនូវផលវិបាកសុខភាពនៃការញ៉ាំអាហារលឿន រួមមាន៖
១. ធ្វើឱ្យអ្នកញ៉ាំច្រើន លើសបរិមាណ
ជាធម្មតា ខួរក្បាលត្រូវការពេលវេលា ដើម្បីកំណត់ព័ត៌មាននៃការញ៉ាំឆ្អែត ឬមិនឆ្អែត។ ខួរក្បាលត្រូវការពេល ២០នាទី ប៉ុន្តែកាលណា អ្នកញ៉ាំលឿនពេក ខួរក្បាលមិនអាចប្រាប់បានទេថា អ្នកញ៉ាំឆ្អែត ឬនៅ។ ដូចនេះ វាអាចញ៉ាំងឱ្យអ្នកញ៉ាំលើសពីបរិមាណ ដែលរាងកាយត្រូវការ នោះអាចឈានដល់ការលើសទម្ងន់។
២. ប្រឈមនឹងការលើសទម្ងន់
ការសិក្សា បានបង្ហាញថា ការញ៉ាំអាហារលឿន មានហានិភ័យបង្កការលើសទម្ងន់ គួរឱ្យកត់សម្គាល់។
៣. រាងកាយប្រឆាំងអាំងស៊ុយលីន
ការទទួលទានលឿន មានទាក់ទងនឹងការកើតហានិភ័យខ្ពស់ នៃការប្រឆាំងអាំងស៊ុយលីន នោះគឺមានការកើតមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងកម្រិតអាំងស៊ុយលីនខ្ពស់។ ទាំងនេះ ក៏ជាកត្តាបង្កជំងឺទឹកនោមផ្អែមប្រភេទ២ និងបញ្ហាប្រព័ន្ធរំលាយអាហារ។
៤. ជំងឺទឹកនោមផ្អែមប្រភេទ២
ការសិក្សាមួយ រកឃើញថា អ្នកញ៉ាំអាហារលឿន ប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ ដល់ទៅ ២.៥ដង ខ្ពស់ជាងធម្មតា។
៥. បញ្ហាប្រព័ន្ធរំលាយអាហារ
ទម្លាប់ញ៉ាំលឿន និងការលើសទម្ងន់ អាចបង្កើនហានិភ័យបញ្ហារំលាយអាហារ។ ទាំងនេះ ជាកត្តាបង្កើនហានិភ័យជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាម។
៦. អារម្មណ៍មិនល្អ
អ្នកញ៉ាំលឿន តែងមានបញ្ហាអារម្មណ៍ញឹកញាប់ជាងមនុស្សទម្លាប់ញ៉ាំយឺត។
ប្រភព៖ Healthline II https://www.healthline.com/ & The Guardian II https://www.theguardian.com/international
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង