អាជ្ញាធរថៃ បានណែនាំឱ្យពលរដ្ឋនៅទីក្រុងបាងកក ពាក់ម៉ាសការពារផ្លូវដង្ហើម និងធ្វើការពីផ្ទះ ដោយសារតែរាជធានីបាងកក កើនឡើងកម្រិតខ្យល់ពុល ដូចចុះអ័ព្ទក្រាស់ឃ្មឹក។
យោងតាមគេហទំព័រ Bangkok Post អាជ្ញាធរថៃ បានលើកទឹកចិត្ត ឱ្យពលរដ្ឋពាក់ម៉ាសការពារ ធ្វើការពីផ្ទះ ឬប្ដូរមធ្យោបាយធ្វើដំណើរពីការប្រើយានជំនិះផ្ទាល់ខ្លួន ទៅប្រើយានជំនិះសាធារណៈវិញ ដោយសារខ្យល់ ក្នុងទីក្រុងបាងកក ចុះអ័ព្ទខ្លាំង ហើយអាជ្ញាធរ អះអាថា ជាបរិយាកាស សម្បូរជាតិពុល។
រាប់ចាប់ពីចុងសប្ដាហ៍មុនមក គុណភាពខ្យល់ ក្នុងទីក្រុងបាងកក តែងតែស្ថិតក្នុងកម្រិតមិនល្អ និងប៉ះពាល់ដល់សុខភាព។
គួរបញ្ជាក់ថា ក្រៅពីទីក្រុងបាងកក មានទីក្រុងជាច្រើនទៀត ក្នុងប្រទេសថៃ ដែលប្រឈមនឹងខ្យល់ពុល រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ខ្យល់ពុល មានសភាពកាន់តែធ្ងន់ធ្ងរ ក្នុងរដូវក្ដៅ ចន្លោះពីខែធ្នូ ទៅខែកុម្ភៈ។
អាជ្ញាធរថៃ នឹងតាមដានយ៉ាងខ្ជាប់ខ្ជួនបំផុត ទៅលើកម្រិតជាតិពុលក្នុងខ្យល់នេះ ក្នុងទីក្រុងបាងកក ចាប់ពីពេលនេះ រហូតដល់ខែកុម្ភៈ។ ដូចគ្នាដែរ អាជ្ញាធរ ក៏បានហាមឃាត់សកម្មភាពទាំងឡាយណា ដែលបង្កកម្ទេចធូលី មានដូចជា ការដុតសម្ភារៈផ្សេងៗ នៅមជ្ឈដ្ឋានខាងក្រៅ ការដ្ឋាន និងឧស្ម័នចេញពីឡានដឹកទំនិញធំៗ។
មនុស្ស ដែលមានជំងឺ ពាក់ព័ន្ធការបំពុលខ្យល់នេះ បានចូលសម្រាកនៅមន្ទីរពេទ្យក្នុងស្រុក បានកើនឡើងដល់ទៅជាង ២ដង ដោយអាជ្ញាធរថៃ អះអាងថា មានចំនួនប្រហែល ២១៣ ០០០នាក់ ក្នុងសប្ដាហ៍នេះ។ ចំនួននេះ កើនឡើងលើសសប្ដាហ៍មុន ដែលមានតែ ៩៦ ០០០នាក់ប៉ុណ្ណោះ៕
ប្រភព៖ Bangkok Post II https://www.bangkokpost.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង