ការសិក្សាបែបអន្តរជាតិមួយ ធ្វើឡើងអស់រយៈពេល ១៣ឆ្នាំ បានបង្ហាញថា គេអាចកែប្រែការវិវត្តហ្សែនរបស់សត្វកណ្ដុរ ឱ្យដើរថយក្រោយ ពីចាស់ មកក្មេងវិញ។ ការសិក្សានេះ រកឃើញថា កំហូចហ្សែន Epigenetic អាចធ្វើឱ្យកណ្ដុរ ទទួលរងនូវភាពចាស់ជរា ក៏ប៉ុន្តែប្រសិនបើគេជួសជុលហ្សែននេះឡើងវិញ កណ្ដុរអាចត្រឡប់មករកភាពក្មេងវិញ។
ការកើនអាយុ ឬការឈានចូលវ័យចាស់ ជាដំណើរធម្មជាតិ។ ប៉ុន្តែកាលណាមនុស្ស ឬសត្វកើនអាយុ គឺប្រឈមនឹងការប្រែប្រួលជាច្រើន រួមមាន ការប្រែប្រួលសុខភាព និងកើតមានជំងឺ ជាដើម។ ជំងឺខ្លះ ជាប្រភេទជំងឺកើតមានតាមអាយុ។ អ្នកវិទ្យាសាស្ត្រជាច្រើន ក្នុងពេលកន្លងមក បានព្យាយាមស្វែងរកវិធី សម្រាប់ពន្យឺត បញ្ឈប់ ឬបង្វែរថយក្រោយនូវដំណើរការភាពចាស់របស់មនសុ្ស ឬសត្វ។
កាលពីថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ នៅសកលវិទ្យាល័យវេជ្ជសាស្ត្រ Harvard បានរកវិធីថ្មីមួយ ជួសជុលហ្សែន Epigenetic ដែលអាចធ្វើឱ្យកណ្ដុរពិសោធន៍ ជៀសចេញពីភាពចាស់ ត្រឡប់មកភាពក្មេងវិញ។ អ្នកស្រាវជ្រាវទាំងនេះ ជឿថា ការសិក្សារបស់ខ្លួន គឺជាការសិក្សាដំបូងគេ ដែលបានរកឃើញវិធីនេះ។ ផ្អែកលើរបកគំហើញនេះដែរ គេរំពឹងថា វានឹងផ្លាស់ប្ដូរ បែបបទនៃការគិតរបស់មនុស្ស ទៅលើដំណើរវិវត្តន៍នៃភាពចាស់ជរា និងការប្រើវិធីសាស្ត្រ ព្យាបាលជំងឺទាំងឡាយណា ដែលមានពាក់ព័ន្ធនឹងភាពចាស់ជរា។
គេក៏សង្ឃឹមថា លទ្ធផលដែលត្រូវបានសិក្សារកឃើញនេះ នឹងជួយបង្កើនសមត្ថភាពរបស់អ្នកស្រាវជ្រាវ ទៅលើការស្វែងយល់ពីការវិវត្តអាយុរបស់ក្រុមសត្វថ្នាក់ខ្ពស់ ឬអាចនឹងគ្រប់គ្រងការវិវត្តអាយុមនុស្សទៀតផង។ នោះមានន័យថា អ្នកវិទ្យាសាស្ត្រ មានភាពងាយស្រួល និងប្រសិទ្ធភាពជាងមុន ក្នុងការព្យាបាល និងបង្ការជំងឺទាក់ទងនឹងអាយុ ក៏ដូចជា អាចគ្រប់គ្រង ឬកំណត់ឱ្យមនុស្ស មានវ័យចាស់ ឬក្មេង ទៅតាមសមត្ថភាព ដែលអាចធ្វើបាន។
កត្តាផ្សេងៗ ដែលអាចធ្វើឱ្យហ្សែន Epigenetic ប្រែប្រួល៖
១. របបអាហារ
២. ភាពចាស់ជរា
៣. សកម្មភាពរាងកាយ
៤. ការលើសទម្ងន់
៥. ការជក់បារី និងប្រើប្រាស់គ្រឿងស្រវឹង
៦. កត្តាបំពុលបរិយាកាស
៧. ស្ត្រេស
៨. ការឆ្លងមេរោគ
៩. ជំងឺមហារីក
ប្រភព៖ Harvard Medical School II https://hms.harvard.edu/ & Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង