៨០% នៃចំនួនប្រជាជនសរុប ឬស្មើនឹងប្រជាជន ៨នាក់ ក្នុង ១០នាក់ នៅក្នុងប្រទេសចិន បានកើតជំងឺកូវីដ១៩ ហើយនៅពេលនេះ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចិន។ អត្រាឆ្លងកូវីដ១៩ នេះ ជាទិន្នន័យឆ្លងដ៏ខ្ពស់ខ្លាំងមែនទែន ក្នុងប្រទេសចិន ស្របពេលដែលប្រជាពលរដ្ឋចិន កំពុងអបអរសាទរបុណ្យចូលឆ្នាំជាតិរបស់ខ្លួន។
លោក Wu Zunyou អ្នកឯកទេសរោគរាតត្បាត នៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសចិន បានលើកឡើង កាលពីថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣ ថា ក្នុងចំណោមប្រជាជនចិន សរុបចំនួន ១.៤ពាន់លាននាក់ មានប្រជាជនដល់ទៅ ៨០% បានឆ្លងកូវីដ១៩។
លោក Wu បានលើកឡើងដូច្នេះ ក្នុងពេលដែលប្រទេសចិន កំពុងជួបប្រទះការបម្លាស់ទី ធ្វើដំណើរធំជាងគេក្នុងពិភពលោក។ ពោលគឺប្រជាជនចិន បានសម្រុកធ្វើដំណើរទៅតំបន់ផ្សេងៗ ក្នុងអត្រាមមាញឹក មិនធ្លាប់មាន ដើម្បីប្រារព្ធពិធីចូលឆ្នាំចិនប្រពៃណី ជាមួយក្រុមគ្រួសារ។
តំបន់កកកុញការជួបជុំធំជាងគេ គឺតំបន់ជនបទ ហើយវាជាតំបន់ ដែលរដ្ឋាភិបាលចិន និងអ្នកជំនាញ ព្រួយបារម្ភ អំពីការឆ្លងរាតត្បាតរលកក្រោយនៃជំងឺកូវីដ១៩ ផងដែរ។ បើផ្អែកតាមប៉ុស្តិ៍ទូរទស្សន៍ចិន CCTV មានមនុស្សជាង ៤.១លាននាក់ បានធ្វើដំណើរ តាមរថភ្លើង ហើយ ៧៥៦ ០០០នាក់ផ្សេងទៀត បានធ្វើដំណើរ ក្នុង ១ថ្ងៃ តាមផ្លូវអាកាស មុនចូលឆ្នាំចិន។
ទោះជាយ៉ាងណា លោក Wu បានបង្ហោះសារលើប្រព័ន្ធសង្គមរបស់លោកផ្ទាល់ថា ក្នុងចំណោម ៨០% នៃប្រជាជនសរុបនេះ មានមនុស្សច្រើន ដែលបានឆ្លងកូវីដ១៩ រួចមកហើយ មុនឈានចូលដល់ការរាលដាលក្រោយនេះ។
យ៉ាងណាក៏ដោយ ជុំវិញការលើកឡើងខាងលើនេះ មិនទាន់មានការឆ្លើយតបបែបណាពីរដ្ឋាភិបាលទីក្រុងប៉េកាំង នៅឡើយទេ៕
ប្រភព៖ CNN II https://edition.cnn.com/ & South China Morning Post II https://www.scmp.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង