អ្នកប្រាកដជាយល់ថា ស្រា ស្រាបៀរ ឬភេសជ្ជៈជាតិអាល់កុល ជាគ្រោះថ្នាក់ដល់សុខភាព។ ក៏ប៉ុន្តែមានមនុស្សមួយចំនួន និយមយល់ខុសទៅលើជាតិស្រវឹង ដោយគិតថា ការផឹកស្រា ឬស្រាបៀរ មិនធ្ងន់ធ្ងរ ដូចអ្វីដែលគេបានហាមនោះទេ។ ទាំងនេះ ជាអ្វីដែលគេយល់ខុស ៥ចំណុច អំពីស្រា ឬស្រាបៀរ៖
១. វាមិនអីទេ សម្រាប់ការផឹកស្រវឹង យូរៗម្ដង៖
ផឹកស្រា ឬស្រាបៀរ រហូតដល់ស្រវឹងខ្លាំង បង្កបញ្ហាសុខភាពខ្លាំង ក្នុងនោះ រួមមាន៖
· របួសស្នាម
· មហារីក
· ជំងឺបេះដូង
២. ផឹកស្រា ឬស្រាបៀរ ក្នុងកម្រិតល្មម មិនបង្កបញ្ហាទេ៖
ពិតណាស់ ការទទួលទានសុរាកម្រិតល្មម អាចផ្ដល់ប្រយោជន៍មួយចំនួន។ ទោះជាយ៉ាងណា វាមិនមានន័យថា ស្រាមិនផ្ដល់ហានិភ័យសោះនោះឡើយ។ មនុស្សមួយចំនួន អាចប្រឈមនឹងហានិភ័យ ខ្ពស់ជាងទទួលបានអត្ថប្រយោជន៍។ មនុស្សទាំងនោះ រួមមាន៖
· ស្ត្រីពពោះ ឬស្ត្រីកំពុងព្យាយាមមានផ្ទៃពោះ
· ទទួលថ្នាំ ដែលអាចប្រតិកម្មនឹងស្រាបៀរ
· មនុស្ស ដែលត្រូវបើកបរយានជំនិះ ឬដំណើរការម៉ាស៊ីន
· មានជំងឺខ្សោយបេះដូង
· ធ្លាប់មានជំងឺដាច់សរសៃឈាម
· មានជំងឺថ្លើម ឬជំងឺលំពែង
· ប្រឈមនឹងបញ្ហាប្រមឹក
៣. ស្រា ឬស្រាបៀរ មិនស្រវឹងខ្លាំង ដូចស្រាថ្នាំ ស្រាផ្លែឈើ ឬស្រាត្រាំទេ
ភេសជ្ជៈណាក៏ដោយ ឱ្យតែមានជាតិអាល់កុល គឺប៉ះពាល់សុខភាពដូចគ្នា។ ម្យ៉ាងទៀត កម្រិតនៃជាតិអាល់កុល ក្នុងភេសជ្ជៈ អាចប្រាប់ថា អ្នកទទួលទានជាតិអាល់កុលបរិមាណប៉ុណ្ណា ហើយហានិភ័យលើសុខភាពធ្ងន់ ឬស្រាល គឺផ្អែកទៅតាមកម្រិតជាតិអាល់កុលនោះផងដែរ។
៤. បើនៅពិសាបាន មិនស្រវឹង នោះគ្មានបញ្ហាទេ
ការទទួលទានមិនស្រវឹង មិនប្រាកដថា អ្នកមានសុវត្ថិភាពនោះទេ។ វាអាចជាសញ្ញាប្រមឹក នោះមានន័យថា រាងកាយរបស់អ្នក អាចទប់ទល់នឹងជាតិស្រវឹងបានខ្លាំងក្លាជាងមុន។
៥. អ្នកអាចបំបាត់អាការៈស្រវឹងបាន ដោយពិសាកាហ្វេ
កាហ្វេ មានជាតិកាហ្វេអ៊ីន ដែលជួយឱ្យអ្នកមានស្មារតី និងដឹងពីអ្វី នៅជុំវិញខ្លួន។ នោះគ្មានន័យថា កាហ្វេ អាចជួយអ្នកឱ្យរើខ្លួនចេញពីភាពស្រវឹង បានលឿននោះទេ។ ជាធម្មតា រាងកាយ ត្រូវការពេលវេលា ដើម្បីបន្សាបជាតិស្រា និងព្យាបាលការស្រវឹង។
សូមកុំយល់ខុសពីការទទួលទានស្រា ឬស្រាបៀរ និងគួរថែទាំសុខភាពឱ្យបានល្អ៕
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង