សេចក្តីរាយការណ៍ បានបង្ហាញថា ខណៈពេលដែលកូវីដ១៩ វាយប្រហារពលរដ្ឋចិនខ្លាំង អ្នកជំងឺកូវីដ កំពុងខ្វះខាតមន្ទីរពេទ្យ គ្រែសម្រាកព្យាបាល ដែលបង្កទិដ្ឋភាពភ័យខ្លាចដល់ពលរដ្ឋចិន។ ម្នាក់ៗ រួសរាន់ស្វែងរកថ្នាំព្យាបាល តាមប្រព័ន្ធអនឡាញ ដែលជាហេតុនាំឱ្យទីផ្សារងងឹត នៅចិន បើកទ្វារឱ្យមានចរាចរណ៍ថ្នាំឥណ្ឌាក្លែងក្លាយ។
ស្របតាមស្ថានភាព ដែលការផ្គត់ផ្គង់ថ្នាំ Pfizer’s Paxlovid មានកំណត់ និងមានតម្លៃ ថ្លៃកប់ពពក រួមទាំងគ្លីនិករដ្ឋចិន មានគោលការណ៍តឹងរឹងផងដែរ នាំឱ្យប្រជាជនចិន សម្រុកទិញថ្នាំកូវីដ១៩ Paxlovid និងថ្នាំឥណ្ឌា តាមប្រព័ន្ធអ៊ិនធើណែត កាលពីសម័យកាលកូវីដសូន្យ រៀបនឹងចប់នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។
តាំងពីពេលនោះមក ចិនទទួលរងនូវសម្ទុះករណីឆ្្លងកូវីដ១៩ រាប់លានករណី បើយោងតាមគណៈកម្មការសុខភាពជាតិ ក្នុងប្រទេសចិន។ គេគណនាថា ករណីកូវីដ១៩ បានកើនដល់ ២៥០លានករណី គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ទោះបីករណីភាគច្រើន មានកម្រិតស្រាល តែក្នុងទីក្រុងមួយចំនួន មានមនុស្សចាស់ជាច្រើន ទទួលមរណភាព ជាពិសេសមនុស្សចាស់ ដែលមិនបានចាក់វ៉ាក់សាំង។ មន្ទីរពេទ្យ និងកន្លែងដាក់សាកសព បានកកស្ទះ និងត្រូវរង់ចាំរយៈពេលយូរ។
ទិដ្ឋភាពទាំងនេះ បានបង្កភាពភ័យខ្លាច ទៅលើពលរដ្ឋចិន ដែលនាំគ្នារួសរាន់ស្វែងរកថ្នាំព្យាបាល លើប្រព័ន្ធអនឡាញ។ ករណីនេះ បានបើកទ្វារដល់ចរាចរណ៍ថ្នាំក្លែងក្លាយ ក្នុងទីផ្សារងងឹត។ ថ្នាំ Pfizer’s Paxlovid មានតម្លៃខ្ពស់ខ្លាំង ក្នុងទីផ្សារងងឹត។ បើយោងតាម ABC News អ្នកជំងឺខ្លះចំណាយដល់ទៅ ១៨ ០០០យាន់ ស្មើនឹង ៣ ៨៤៣ដុល្លារអាមេរិក ក្នុងមួយប្រអប់ (តម្លៃកើនដល់ ៩ដង នៃតម្លៃដើម)។ ហេតុនេះ ទើបពលរដ្ឋចិន ស្វែងរកជម្រើសធូរថ្លៃជាង ដែលឈានដល់វត្តមានការចែកចាយថ្នាំឥណ្ឌា តែជាថ្នាំក្លែងក្លាយ។ រដ្ឋាភិបាលចិន ក៏បានចេញសារប្រកាស ឱ្យពលរដ្ឋ ជៀសវាងទិញថ្នាំឥណ្ឌាក្លែងក្លាយទាំងនេះ រួចមកហើយ៕
ប្រភព៖ The Hindu II https://www.thehindu.com/ & ABC News II https://www.abc.net.au/news/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង