អត្រាមរណភាពដោយជំងឺមហារីក បានថយចុះ នៅប៉ុន្មានពីរទសវត្សរ៍ចុងក្រោយនេះ។ ទោះជាយ៉ាងណា ជំងឺមហារីកមួយចំនួន នៅតែពិបាកក្នុងការព្យាបាល ហើយជំងឺមហារីកសួត ស្ថិតក្នុងលេខរៀងទីបីនៃជំងឺមហារីក ដែលកើតឡើងញឹកញាប់ជាងគេ។ វិធីព្យាបាលទូទៅ មានដូចជា ការពង្រឹងប្រព័ន្ធភាពស៊ាំ (immunotherapy) និងការប្រើឱសថគីមី (chemotherapy) ដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការព្យាបាលមហារីកសួត។
កាលពីថ្មីៗនេះ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានអនុម័តថ្នាំព្យាបាលមហារីកសួត ពីរប្រភេទរបស់ក្រុមហ៊ុន AstraZeneca រួមមាន Imfinzi (durvalumab) និង Imjudo (tremelimumab)។ ថ្នាំពីរប្រភេទនេះ គឺសម្រាប់ព្យាបាលមហារីកសួត ដែលអាចរាលដាលទៅសរីរាង្គផ្សេង ដែលគេហៅមហារីកសួតប្រភេទនេះថា Metastatic lung cancer។
ទោះបីជាជាច្រើនឆ្នាំចុងក្រោយនេះ ការយល់ដឹង និងការសិក្សាអំពីជំងឺមហារីក មានការវិវត្តទៅមុខ ព្រមទាំងមានបច្ចេកវិទ្យា និងវិធីព្យាបាលច្រើន ប្រភេទជំងឺមហារីកសួតខ្លះ អាចពិបាកព្យាបាលខ្លាំងណាស់។ មនុស្សដែលមានជំងឺមហារីកសួត Metastatic មានជម្រើសព្យាបាលតិចតួចបំផុត។ ដូចនេះ ការបង្កើតវិធីព្យាបាលថ្មីៗ សម្រាប់ជំងឺកាចសាហាវ ដែលពិបាកព្យាបាល គឺជាក្ដីសង្ឃឹមធំមួយផងដែរ សម្រាប់ជួយអ្នកជំងឺមហារីក ឱ្យរស់រានមានជីវិត៕
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង