នរណាៗ ក៏ដឹងថា លំហាត់ប្រាណជារឿងល្អ សម្រាប់សុខភាពទូទៅ និងសុខភាពផ្លូវចិត្ត។ ហាត់ប្រាណ ជួយសុខភាពបេះដូង សួត អារម្មណ៍ និងកម្លាំង។ ពេលនេះ អ្នកស្រាវជ្រាវ បានបង្ហើបថា លំហាត់ប្រាណ អាចជួយកាត់បន្ថយហានិភ័យ ជំងឺវង្វេង និងជំងឺមហារីក ក្នុងពេលតែមួយបាន។
ការស្រាវជ្រាវថ្មីនេះ គេបានបង្ហាញថា ការហាត់ប្រាណ ក្នុងកម្រិតអាំងតង់ស៊ីតេមធ្យម ចំនួន ៥ម៉ោង ក្នុង ១សប្ដាហ៍ អាចបញ្ជៀសជំងឺមហារីក សម្រាប់មនុស្ស ៤៦ ០០០នាក់ ដែលមានជំងឺមហារីក។ លំហាត់ប្រាណ អាចរាប់បញ្ចូលនូវសកម្មភាពជាច្រើនរួមទាំង៖
១. ការរត់
២. ការដើរ
៣. ការរាំ
៤. ការធាក់កង់
៥. ការហែលទឹក
៦. លេងកីឡា
៧. ធ្វើការងារផ្ទះ
រាងកាយមនុស្ស ទទួលបានគុណសម្បត្តិជាច្រើន ពីលំហាត់ប្រាណ ដែលរួមមាន៖
១. សម្រកទម្ងន់
២. ពង្រឹងសុខភាពបេះដូង
៣. សរសៃឈាមដំណើរការបានល្អ
៤. ឈាមហូរបានល្អពេញមួយតួខ្លួន
៥. កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ និងបង្កើនកូឡេស្តេរ៉ូលល្អ
ការសិក្សាផ្សេងទៀត កាលពីឆ្នាំ២០១៩ បានបង្ហាញថា មនុស្សដែលហាត់ប្រាណ មានលទ្ធភាពខ្ពស់ជាងមនុស្សធម្មតា ក្នុងការកាត់បន្ថយហានិភ័យជំងឺមហារីក ដល់ទៅ ១០ ទៅ ២០%៖
១. មហារីកប្លោកនោម
២. មហារីកសុដន់
៣. មហារីកពោះវៀនធំ
៤. មហារីកស្រទាប់ក្នុងស្បូន
៥. មហារីកបំពង់អាហារ
៦. មហារីកតម្រងនោម
៧. មហារីកក្រពះ
ការសិក្សាជាច្រើនទសវត្សរ៍មកហើយ ក៏បានបញ្ជាក់ថា លំហាត់ប្រាណ ជួយដល់កោសិកា ជាលិកា ដំណើរការអុកស៊ីសែម និងចរន្តឈាម ដែលជាឥទ្ធិពលល្អ សម្រាប់ការចងចាំ ប្រព័ន្ធប្រសាទ និងភាពយឺតនៃខួរក្បាល។ ទាំងនេះ ជាកត្តាចម្បង ដែលបង្ការជំងឺវង្វេង និងរក្សាសមត្ថភាពខួរក្បាលបានល្អ៕
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង