រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យប្រព័ន្ធសុខាភិបាលអាមេរិក ដំណើរការវិធីព្យាបាលជំងឺមហារីកឈាមរបស់ក្រុមហ៊ុន Johnson & Johnson ហើយ។ ជំងឺមហារីកឈាម សម្រាប់អ្នកជំងឺមួយចំនួន មិនអាចព្យាបាលបាននោះទេ ដូចនេះ វិធីព្យាបាលថ្មីនេះ អាចជួយបង្កើនដំណោះស្រាយថ្មីមួយទៀត សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។
វិធីព្យាបាលរបស់ Johnson & Johnson នេះ មានឈ្មោះថា teclistamab ដែលមានយីហោក្នុងទីផ្សារថា “Tecvayli” ជាវីធីព្យាបាលជំងឺមហារីកឈាម Multiple Myeloma ដែលពិបាកព្យាបាល ឬលាប់មកវិញលើអ្នកជំងឺ ដែលបានទទួលការព្យាបាលច្រើនលើកមកហើយ។
អ្នកតំណាងក្រុមហ៊ុន J&J បានលើកឡើងថា បច្ចេកវិទ្យានេះ នឹងមានវត្តមានក្នុងទីផ្សារ នៅរង្វង់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ។ តម្លៃនៃការព្យាបាល ត្រូវបានបង្ហើបថា អ្នកជំងឺអាចចំណាយប្រមាណ ៣៩ ៥០០ដុល្លារអាមេរិក ក្នុង១ខែ។ តម្លៃសរុបទៅលើការព្យាបាល អាចស្ថិតក្នុងចន្លោះពី ៣៥៥ ០០០ដុល្លារ ទៅ ៣៩៥ ០០០ដុល្លារអាមេរិក ក្នុងរយៈពេលព្យាបាល ៩ខែ ទៅ ១០ខែ។
គួរបញ្ជាក់ថា គេបានបង្កើតវិធីព្យាបាលជាច្រើនប្រភេទ សម្រាប់ជំងឺមហារីកឈាម ដែលរួមមាន៖
១. Abecma របស់ក្រុមហ៊ុន Bristol-Myers Squibb (BMY.N)
២. Bleprep របស់ក្រុមហ៊ុន GSK Plc's (GSK.L)
ប៉ុន្តែគេឃើញថា អ្នកជំងឺមហារីកជាច្រើន ដែលធ្លាប់ទទួលការព្យាបាលដោយបច្ចេកវិទ្យាទាំងនេះ បានកើតជំងឺមហារីកឈាមសាឡើងវិញ។ នោះបញ្ជាក់កាន់តែច្បាស់ថា ការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ គឺជាកត្តាសំខាន់ចាំបាច់មួយ ក្នុងវិស័យសុខាភិបាល៕
ប្រភព៖ Reuters II https://www.reuters.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង