ក្នុងកម្មវិធីសន្ទនាអំពីសុខភាពរបស់ពេទ្យយើង លោកស្រីវេជ្ជបណ្ឌិត ង៉ូវ ចរិយា ឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពហុព្យាបាល និងសម្ភព អឃីត ផ្លាហ្សា បានលើកឡើងពីអាការៈហឹងត្រចៀក។ អាការៈហឹងត្រចៀក ជាទូទៅ អ្នកជំងឺអាចលឺសំឡេងក្នុងត្រចៀកតែម្ខាង ឬក៏លឺនៅក្នុងត្រចៀកទាំងសង្ខាង ទោះបីជាមិនមានសំឡេងនៅមជ្ឈដ្ឋានខាងក្រៅក៏ដោយ ហើយសំឡេងនោះ ស្តាប់លឺតែអ្នកជំងឺទេ។ ក្នុងនោះ អ្នកទទួលទានស្រា និងបារី ប្រឈមខ្ពស់នឹងការកើតអាការៈហឹងត្រចៀក។
អ្នកដែលងាយប្រឈមនឹងអាការៈហឹងត្រចៀក ត្រូវបានលោកស្រីវេជ្ជបណ្ឌិត ង៉ូវ ចរិយា លើកឡើងថា អាចទាក់ទងនឹងអាជីពការងារ ដូចជា អ្នកដែលធ្វើការនៅក្បែរគ្រឿងចក្រ ដែលលាន់លឺសំឡេងខ្លាំង អ្នកដែលស្ថិតនៅក្បែរការដ្ឋានសំណង់ ឬក៏កម្មករសំណង់ ដែលគាត់ធ្វើការនៅក្បែរគ្រឿងចក្រលាន់លឺសំឡេងខ្លាំងរយៈពេលយូរ។ មួយវិញទៀត ទាក់ទងអាជីពការងារដែរ ដូចជា គាត់ជាតន្ត្រីករ អ្នកភ្លេង អ្នកចម្រៀង ដែលគាត់ធ្វើការនៅក្បែរឧបករណ៍បំពងសំឡេង។ ក្នុងនោះ ប្រជាជនទូទៅ ដែលចូលចិត្តប្រើកាសត្រចៀក ដោយប្រើសំឡេងខ្លាំង រយៈពេលយូរ ក៏អាចមានកត្តាប្រឈមទៅនឹងអាការៈហឹងត្រចៀកដូចគ្នា។ ទាហាន ដែលហាត់សម រៀនបាញ់កាំភ្លើង ឬក៏នៅក្នុងសមរភូមិប្រយុទ្ធគ្នា ក៏អាចមានផលប៉ះពាល់ទៅលើត្រចៀករបស់គាត់ បើគាត់មិនបានប្រើប្រាស់ឧបករណ៍ការពារត្រចៀកឲ្យបានត្រឹមត្រូវ។
លោកស្រីវេជ្ជបណ្ឌិត ង៉ូវ ចរិយា បន្តថា ពាក់ព័ន្ធនឹងវ័យ អាយុអ្នកជំងឺចាប់ពី ៥០ឆ្នាំឡើងទៅ គឺមុខងាររបស់ត្រចៀក មានការធ្លាក់ចុះ ដូច្នេះគាត់អាចចេញជារោគសញ្ញានៃការស្តាប់ធ្លាក់ចុះ និងអាការៈហឹងត្រចៀកនេះ ដូចគ្នា។ អ្នកទទួលទានស្រា និងបារី ក៏ប្រឈមនឹងការកើតអាការៈហឹងត្រចៀក ខ្ពស់ជាងអ្នកមិនទទួលទានស្រា និងបារី។
ក្រៅពីនេះ អ្នកមានជំងឺលើសឈាម អ្នកជំងឺ ដែលមានជាតិខ្លាញ់ ឬក៏ជាតិកូឡេសស្តេរ៉ូ នៅក្នុងសរសៃឈាមខ្ពស់ និងអ្នក ដែលមានជំងឺរ៉ាំរ៉ៃ ដូចជាទឹកនោមផ្អែម ឬក៏អ្នកខ្វះគ្រាប់ឈាម ជាដើម។
មូលហេតុ ដែលនាំឲ្យមានអាការៈហឹងត្រចៀក អាចបណ្តាលមកពីច្រមុះ មកពីត្រចៀក និងមានបញ្ហាផ្សេងៗទៀត។ ច្រមុះ និងត្រចៀក មានការតភ្ជាប់គ្នា ដោយនៅពេលអ្នកជំងឺមានជំងឺរលាកផ្លូវដង្ហើម ផ្នែកខាងលើ តាមរយៈផ្តាសាយ ឬក៏រលាកច្រមុះ ហើយនៅពេលអ្នកជំងឺ មិនបានទទួលការព្យាបាលត្រឹមត្រូវ គឺអ្នកជំងឺ អាចនឹងស្តែងឡើងនូវអាការៈហឹងត្រចៀក។ ម្យ៉ាងទៀត ក្នុងករណីអ្នកជំងឺមានដុំសាច់ នៅគល់ច្រមុះ ហើយរាំងស្ទះ ឬក៏សង្កត់ទៅលើរន្ធច្រមុះ ក៏អាចបណ្តាលឲ្យអ្នកជំងឺ មានអាការៈហឹងត្រចៀកដែរ។ បើដុំសាច់នេះ សង្កត់ទៅផ្នែកខាងឆ្វេង នឹងធ្វើឲ្យហឹងត្រចៀក នៅផ្នែកខាងឆ្វេង ហើយបើដុំសាច់នោះ សង្កត់ទៅផ្នែកខាងស្តាំ នឹងធ្វើឲ្យហឹងត្រចៀក នៅផ្នែកខាងស្តាំ។
លោកស្រីវេជ្ជបណ្ឌិត ង៉ូវ ចរិយា បន្ថែមថា អាការៈហឹងត្រចៀកនេះ ក៏កើតលើក្រុមអ្នកចូលចិត្តជ្រមុជទឹក ក្នុងជម្រៅជ្រៅៗ។ ជំងឺត្រចៀកមួយចំនួន ដូចជា ការរលាកនៅត្រចៀកខាងក្រៅ ការរលាកនៅត្រចៀកកណ្តាល ឬក៏មានឧបសគ្គ ដែលរាំងស្ទះនៅក្នុងរន្ធត្រចៀក ដូចជា ដុំក្រមួននៅក្នុងត្រចៀក ឬក៏មានវត្ថុខាងក្រៅ ដែលដាក់ចូលទៅក្នុងរន្ធត្រចៀក ជាដើម។ ទាំងអស់នេះ ក៏បណ្តាលឲ្យមានអាការៈហឹងត្រចៀកដែរ។ ក្រៅពីនោះ ក៏មានមូលហេតុបណ្តាលឲ្យមានអាការៈហឹងត្រចៀក ដោយសារការប្រើប្រាស់ថ្នាំពេទ្យ ពិសេសថ្នាំផ្សះ និងការប៉ះទង្គិចខ្លាំង នៅក្បាល ដូចជា រអិលដួល ឬក៏គ្រោះថ្នាក់ចរាចរណ៍ ជាដើម។
លោកស្រីវេជ្ជបណ្ឌិត ង៉ូវ ចរិយា លើកឡើងថា អាការៈហឹងត្រចៀក ធ្វើឲ្យអ្នកជំងឺ មានការស្តាប់ធ្លាក់ចុះ តែមិនបណ្តាលឲ្យទៅជាថ្លង់នោះទេ។
ចំពោះការព្យាបាលអាការៈហឹងត្រចៀក ត្រូវបានលោកស្រីវេជ្ជបណ្ឌិត ង៉ូវ ចរិយា លើកឡើងថា យើងត្រូវព្យាបាលតាមមូលហេតុជាក់លាក់ ដោយតម្រូវឲ្យអ្នកជំងឺ មកជួបគ្រូពេទ្យ ហើយពិនិត្យព្យាបាល។ មូលហេតុខ្លះ អាចពិនិត្យព្យាបាល ជាសះស្បើយ ១០០ភាគរយ។ ក៏ប៉ុន្តែមានមូលហេតុខ្លះទៀត បន្ទាប់ពីព្យាបាលរួច អ្នកជំងឺមិនអាចជាសះស្បើយដូចដើមទេ។
វិធីការពារអាការៈហឹងត្រចៀក ត្រូវបានលោកស្រីវេជ្ជបណ្ឌិត ង៉ូវ ចរិយា លើកឡើងថា ជៀសវាងការប្រើកាសស្តាប់សំឡេងលឺខ្លាំង កាត់បន្ថយ ឬនៅឲ្យឆ្ងាយពីសំឡេងខ្លាំងនោះ។ អ្នកទទួលស្រា ឬបារី សូមបន្ថយ ឬបញ្ឈប់ ព្រោះការទទួលទានស្រា និងបារី ក្រៅពីធ្វើឲ្យមានអាការៈហឹងត្រចៀក ក៏ជាកត្តាមួយ ធ្វើឲ្យកើតជំងឺមហារីកច្រមុះ បំពង់ក និងប៉ះពាល់ដល់សរីរាង្គកាយផ្សេងទៀតដែរ។ ក្រៅពីនោះ ទាក់ទងនឹងជាតិខ្លាញ់នៅក្នុងសរសៃឈាម អ្នកជំងឺអាចធ្វើលំហាត់ប្រាណទៀងទាត់ ហើយបើទាក់ទងនឹងជំងឺទឹកនោមផ្អែមវិញ គឺជៀសវាងការបរិភោគអាហារ ឬភេសជ្ជៈផ្អែមៗពេក ឬក៏កុំញ៉ាំអាហារប្រៃពេក។
សូមបញ្ជាក់ថា មន្ទីរពហុព្យាបាល និងសម្ភព អឃីត ផ្លាហ្សា បានប្រើប្រាស់នូវកម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យដៃគូដំណើរការរលូន និងពុំមានការរំខាន៕