អ្នកវិទ្យាសាស្ត្រ បានដាស់មេរោគមួយចំនួន ដែលគេហៅថា “Zombie viruses” ដែលកកជាប់នៅក្នុងផ្ទាំងទឹកកក រយៈពេលរាប់ពាន់ឆ្នាំ ហើយមួយក្នុងចំណោមនោះ មានអាយុដល់ទៅជិត ៥ម៉ឺនឆ្នាំ។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា វីរុសចាស់ជាងគេនេះ អាចបង្កហានិភ័យដល់មនុស្ស និងសត្វ ក្នុងពេលណាមួយ ដែលមិនអាចប៉ាន់ស្មានទុកមុន ព្រោះតែការប្រែប្រួលយ៉ាងលឿននៃកម្ដៅភពផែនដី។
អ្នកវិទ្យាសាស្ត្រ បានរកឃើញវីរុស ១៣ប្រភេទ ក្នុងផ្ទាំងទឹកកក ក្នុងខេត្តមួយនៃប្រទេសរុស្ស៊ី។ ក្នុងនោះ មានមេរោគមួយប្រភេទឈ្មោះថា Pandoravirus ដែលនៅមានសក្ដានុពលឆ្លងនៅឡើយ ទោះបីស្ថិតក្រោមកម្រាស់ផ្ទាំងទឹកកកក្រាស់ និងមានជម្រៅជ្រៅ រយៈពេល ៤៨ ៥០០ឆ្នាំមកហើយ។ ការជីកគាស់មកនេះ គឺជាការសិក្សាដឹកនាំដោយមីក្រូជីវវិទូ Jean-Marie Alempic មកពីមជ្ឈមណ្ឌលស្រាវជ្រាវជាតិរបស់បារាំង (French National Center for Scientific Research)។
ក្រុមអ្នកស្រាវជ្រាវនេះ បានបង្ហាញថា ការសិក្សានេះ គឺជាការសិក្សាបន្ថែម ស្វែងយល់ទៅលើគ្រោះថ្នាក់ ដែលវីរុសទាំងនេះអាចបង្កនៅថ្ងៃខាងមុខ ខណៈណាផ្ទាំងទឹកកក ដែលផ្ទុកមេរោគទាំងឡាយរលាយ ផ្អែកលើកត្តាឡើងកម្ដៅអាកាសធាតុលើភពផែនដី។ នោះមានន័យថា ប្រសិនបើផ្ទាំងទឹកកករលាយ ហើយមេរោគ Zombies ងើបចេញមកមជ្ឈដ្ឋានខាងក្រៅ ជីវិតមនុស្សសត្វ នឹងប្រឈមនឹងហានិភ័យខ្ពស់៕
ប្រភព៖ Sky News II https://news.sky.com/ & Independent II https://www.independent.co.uk/asia
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង