មិនថា មនុស្សពេញវ័យ ឬកុមារ អ្នកតែងមានទម្លាប់អង្គុយមិនត្រង់ខ្លួន ឬមិនរឹងមាំ ព្រោះតែអារម្មណ៍របស់យើង ផ្ដោតទៅលើរឿង ដែលអ្នកកំពុងធ្វើទាំងស្រុង។ ការមិនបានយកចិត្តទុកដាក់ពីឥរិយាបថអង្គុយ អាចមានផលប៉ះពាល់ច្រើន ដែលមនុស្សជាច្រើន មិនបានដឹង។ ចំណុច ដែលងាយកត់សម្គាល់ជាងគេ គឺរាងកាយរបស់អ្នកកោង ខុសពីរាងកាយពីកំណើត។ លើសពីនេះទៀត វាអាចបង្កភាពតានតឹងសាច់ដុំ ឈឺសន្លាក់ អន់ថយលំហូរឈាម បញ្ហាដង្ហើម និងខ្សោយកម្លាំង ជាដើម។ ទាំងនេះ ជាគន្លឹះមួយចំនួន ដែលអាចជួយកូនៗ កែទម្លាប់អង្គុយមិនល្អ។
ជារឿងចាំបាច់ អ្នកគួរបង្រៀនកូនឱ្យមានទម្លាប់អង្គុយល្អ ចាប់ពីកុមារភាពមក។ គន្លឹះទាំងនេះ អាចជួយអ្នក ក្នុងនាមជាអាណាព្យាបាលបាន៖
១. អ្នកត្រូវពិនិត្យស្វែងយល់អំពីឥរិយាបថដងខ្លួនទាំងមូលរបស់កូន។ មើលថា កូនមានឥរិយាបថល្អ ឬនៅ? រួចលោកអ្នកគួរប្រាប់ពីវិធីរក្សាឥរិយាបថ ដែលត្រឹមត្រូវដល់កូនៗឱ្យបានដឹង។
២. ប្រាប់ពីឥរិយាបថត្រូវ ទៅកូន តាមរយៈការពន្យល់ទៅកូន នូវផលវិបាកនៃការឥរិយាបថអង្គុយមិនល្អ។ ការប្រើពាក្យថា “អង្គុយឱ្យត្រង់” និង “កុំផ្ដេកខ្លួន” មិនមែនជាវិធីបង្រៀនកូន ដែលមានប្រសិទ្ធភាពនោះទេ។ ផ្ទុយទៅវិញ អ្នកគួរប្រាប់ពីគុណវិបត្តិ និងព្យាយាមរំលឹកកូនរបស់អ្នក នៅពេលពួកគេធ្វើខុស។
៣. ដាក់ខ្នើយតូចល្មម នៅពីក្រោយខ្នងរបស់កូន។ ប្រសិនបើកូនអង្គុយរៀន ឬប្រើកុំព្យូទ័ររយៈពេលច្រើនម៉ោង អ្នកគួរបើកភ្លើងឱ្យបានភ្លឺល្អ។ បន្ថែមពីលើនេះទៀត អ្នកគួរដាក់ខ្នើយនៅពីក្រោយខ្នងកូនៗ ដើម្បីឱ្យកូនផ្អែក និងមិនវៀចខ្លួន។
៤. លើកទឹកចិត្តឱ្យកូន ធ្វើលំហាត់ប្រាណ ឬធ្វើចលនា ឱ្យបានច្រើន។ នោះវាអាចជួយកុមារ បង្កើនឥរិយាបថ កម្លាំង ភាពបត់បែន និងលំនឹងដងខ្លួន។ បន្ថែមពីលើនេះទៀត កុមារអាចកាត់បន្ថយការឈឺសាច់ដុំ ការខ្សោយកម្លាំង ស្ត្រេស និងហានិភ័យទទួលរងរបួសពីកត្តាណាមួយ។ ទិញសម្ភារៈហាត់ប្រាណដាក់ផ្ទះ ដើម្បីឱ្យកូនមានចិត្តចង់ហាត់ប្រាណ។
៥. ក្នុងនាមជាអាណាព្យាបាល អ្នកគួររក្សាទម្លាប់ល្អ ជាគំរូ ឬឧទាហរណ៍ សម្រាប់កូនអនុវត្តតាម។ នោះមានន័យថា អ្នកគួររក្សាឥរិយាបថល្អ ឬហាត់ប្រាណជាប្រចាំ។
៦. ជ្រើសរើសកាតាបដាក់សៀវភៅ ដែលមិនដាក់សម្ពាធដល់កូន។ ប្រាប់ឱ្យកូនយកតែសៀវភៅ ដែលចាំបាច់ ទៅសាលាបានហើយ។ ទិញកាតាប ដែលទូលាយ សម្រាប់កូនស្ពាយទៅសាលា ដូចនេះ ស្មា ខ្នង និងសាច់ដុំរបស់កូន មិនទទួលសម្ពាធខ្លាំង៕
ប្រភព៖ Times of India II https://timesofindia.indiatimes.com/etimes
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង