មន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយ កាលពីថ្ងៃអង្គារថា អូមីក្រុងបំបំាងកាយ (BA.2) ដែលកំពុងលេចចេញឡើងនេះ ហាក់ដូចជាមិនធ្ងន់ធ្ងរជាងទម្រង់ BA.1 ដែលជាអូមីក្រុង ប្រភេទដើមនោះទេ។
លោកវេជ្ជបណ្ឌិត Boris Pavlin ក្រុមការងារឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មាន តាមរយៈអ៊ីនធឺណិតថា វ៉ាក់សាំងនៅតែអាចការពារ ប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង និងអូមីក្រុងបំប្លែងខ្លួនផ្សេងៗទៀតបាន។
ការលើកឡើងរបស់ក្រុមមន្ត្រីWHO នេះ បានធ្វើឡើង ខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបំបាំងកាយ បាននាំមុខការឆ្លងអូមីក្រុងប្រភេទដើម នៅក្នុងប្រទេសដាណឺម៉ាក។
លោក Pavlin ថា ដាណឺម៉ាក ជាប្រទេសដំបូងគេ ដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងបំបាំងកាយ ច្រើនជាងអូមីក្រុងទម្រង់ដើម ហើយស្ថានភាពសុខភាពរបស់អ្នកជំងឺប្រភេទអូមីក្រុងបំបាំងកាយ មិនមានភាពខុសប្លែកគ្នា ឬភាពធ្ងន់ធ្ងរនោះទេ។
លោកបាននិយាយថា «ក្រឡេកមើលប្រទេសផ្សេងទៀត ដែលមានការឆ្លងអូមីក្រុងបំបាំងកាយ ឥឡូវនេះកំពុងវ៉ាដាច់ទម្រង់ដើម ប៉ុន្តែយើងមិនឃើញមានចំនួនកើនឡើងនៃការសំរាកព្យាបាលនៅមន្ទីរពេទ្យនោះទេ»។
ការសិក្សារបស់ដាណឺម៉ាក ពីចន្លោះខែធ្នូ ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២២ ដែលបានសិក្សាលើមនុស្សជាង ៨៥០០គ្រួសារ បានបង្ហាញថា អូមីក្រុងបំបាំងកាយ ឬ BA.2 អាចឆ្លងច្រើនជាងអូមីក្រុងទម្រង់ដើម ហើយអាចឆ្លងទៅមនុស្ស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕