រដ្ឋបាលចំណីអាហារសហរដ្ឋអាមេរិក (FDA) បានបង្ហាញការព្រួយបារម្ភ ហើយក្នុងពេលឆាប់ៗនេះ អាចនឹងអាចហាមឃាត់ផលិតផលសក់ត្រង់ ដែលមានផ្ទុកសារធាតុ formaldehyde។ គេរកឃើញថា ការប្រើប្រាស់សារធាតុនេះរយៈពេលវែង អាចបង្កទៅជាជំងឺមហារីក ៣ប្រភេទធំៗគឺ មហារីកស្បូន មហារីកអូវែរ និងមហារីកសុដន់ រួមជាមួយនឹងជំងឺផ្សេងៗទៀត។
សារធាតុ Formaldehyde គឺជាសារធាតុគីមីមួយគ្មានពណ៌ គេច្រើនប្រើក្នុងថ្នាំសម្លាប់មេរោគ ហើយសារធាតុនេះត្រូវបានគេដឹងជាទូទៅថា អាចបង្កហានិភ័យជំងឺមហារីក (Carcinogen)។
យោងតាម FDA ផលិតផលសក់ត្រង់មួយចំនួន ដែលមានផ្ទុកសារធាតុ Formaldehyde នេះ អាចបញ្ចេញឧស្ម័ននៃសារធាតុនេះ ទៅក្នុងខ្យល់នៅពេលដែលវាមានកម្ដៅ។ នោះវានឹងបង្កបញ្ហាសុខភាព រយៈពេលវែង និងខ្លី ចំពោះមនុស្សដែលទទួលរង។ បញ្ហាសុខភាពទាំងនោះ មានដូចជា បញ្ហាផ្លូវដង្ហើម ជំងឺហឺត និងជំងឺមហារីក។
ក្រឡេកទៅមើលផលិតផលសក់ត្រង់ ដែលមានសារធាតុគីមីនេះវិញ វាអាចបញ្ចេញនូវឧស្ម័ន Formaldehyde តាមរយៈកម្ដៅ ដែលបង្កឡើងនូវហានិភ័យកាន់តែខ្ពស់ នៃការកើតជំងឺមហារីកស្បូន មហារីកអូវែរ និងមហារីកសុដន់៕
ប្រភព៖ Healthline https://www.healthline.com/