ការសិក្សា៖ ញ៉ាំសាច់ក្រហម ២ដង ក្នុង១សប្ដាហ៍ បង្កើនហានិភ័យទឹកនោមផ្អែមប្រភេទ២ ៣០%
ការសិក្សាមួយធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ មកពីសាលាសុខភាពសាធារណៈ Harvard បានរកឃើញថា មនុស្សដែលទទួលសាច់ក្រហមចាប់ពី ២ដងឡើងទៅ ក្នុង១សប្ដាហ៍ អាចមានហានិភ័យខ្ពស់ជាងធម្មតា ក្នុងការកើតជំងឺទឹកនោមផ្អែម២។
អ្នកស្រាវជ្រាវបានសិក្សាទៅលើក្រុមមនុស្ស ចំនួន ២១៦ ៦៩៥នាក់ ដោយស្វែងយល់អំពីភាពញឹកញាប់ (Frequency) នៃរបបអាហាររបស់ពួកគាត់ ដោយធ្វើការសួរសំណួរស្ទង់មតិ ជារៀងរាល់២ឆ្នា ទៅ៤ឆ្នាំម្ដង ក្នុងរយៈពេល ៣៦ឆ្នាំ។
របាយការណ៍បានបង្ហាញថា មនុស្សដែលញ៉ាំសាច់ក្រហមច្រើនជាងគេ ក្នុងអំឡុងពេល ៣៦ឆ្នាំនេះ មានហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ ខ្ពស់ជាងមនុស្សដែលញ៉ាំសាច់ក្រហមតិច ដល់ទៅ ៦២%។ ម្យ៉ាងទៀត ក្នុងការសាកល្បងរបស់អ្នកវិទ្យាសាស្ត្រ ដោយជំនួសរបបអាហារដែលមានសាច់ក្រហម ដោយរបបអាហារប្រូតេអ៊ីន (គ្រាប់ធញ្ញជាតិ និងសណ្ដែកដី) គេកត់សម្គាល់ឃើញថា ហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ ធ្លាក់ចុះ ៣០% ទាបជាងមុន៕