សម្រាប់អ្នកជំងឺទឹកនោមផ្អែមការតមអាហារ និងការធ្វើលំហាត់ប្រាណ គឺពិតជាជួយបានច្រើនខ្លាំងណាស់ ក្នុងការកាត់បន្ថយកម្រិតជាតិស្ករ ប៉ុន្តែមិនមែនបានន័យថា គ្រប់អ្នកជំងឺទឹកនោមផ្អែមទាំងអស់សុទ្ធតែអាចផ្លាស់ប្តូរ ឬធ្វើរបបអាហារ Keto បាននោះទេ!
នៅពេលអ្នកកំពុងញ៉ាំអាហារ Keto អ្នកដាក់កម្រិតលើអាហារដែលមានកាបូអ៊ីដ្រាតខ្ពស់ រួមមានគ្រាប់ធញ្ញជាតិ និងផ្លែឈើ ដែលភាគច្រើនជំនួសមកវិញជាមួយប្រូតេអ៊ីន និងខ្លាញ់។ នេះមានន័យថារាងកាយរបស់អ្នកនឹងបំប្លែងជាតិខ្លាញ់ ទៅជាថាមពលជំនួសឱ្យការស្រូបយកកាបូអ៊ីដ្រាតដែលងាយបំប្លែងទាំងអស់នោះ។ Keto អាចនាំឱ្យស្រកទម្ងន់យ៉ាងឆាប់រហ័ស នៅពេលដែលអនុវត្តតាមបានត្រឹមត្រូវ។
បើយោងតាមការស្រាវជ្រាវ គេបានបង្ហាញថា ការធ្វើរបបអាហារ Keto មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ២ ដោយបញ្ចុះជាតិស្ករក្នុងឈាម និងលើកកម្ពស់ការសម្រកទម្ងន់។ ប៉ុន្តែមនុស្សមួយចំនួនអាចនឹងសួរបកវិញថា បើការធ្វើរបបអាហារ Keto មានប្រសិទ្ធភាពចំពោះអ្នកជំងឺទឹកនោផ្អែមមែន ហេតុអ្វីត្រូវព្រួយបារម្ភពីបញ្ហានេះ?
សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែមានការព្រួយបារម្ភ ព្រោះថាប្រសិនបើជាតិស្ករក្នុងឈាមធ្លាក់ចុះទាបពេក វាអាចបង្កគ្រោះថ្នាក់។ ជាពិសេស ប្រសិនបើអ្នកកំពុងប្រើថ្នាំប្រឆាំងជំងឺទឹកនោមផ្អែម ឬប្រើអាំងស៊ុយលីន វានឹងបង្កប្រតិកម្មថ្នាំ ធ្វើឲ្យកម្រិតជាតិគ្លុយកូសក្នុងឈាម ទាបជាងកម្រិតធម្មតាប្រហែល ៧០មីលីក្រាមក្នុងមួយដេស៊ីលីត្រ។
ដូចនេះសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរតែតាមដានកម្រិតជាតិស្ករនៅក្នុងឈាមឲ្យបានទៀងទាត់ ឬគួរតែពិគ្រោះជាមួយលោកវេជ្ជបណ្ឌិតជាមុនសិន មុនធ្វើរបបអាហារ Keto។
ប្រភព៖ Cleveland Clinic
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង