ស្ត្រីមានផ្ទៃពោះប្រមាណជា ៥០ ០០០នាក់ ក្នុងតំបន់ Gaza កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ព្រោះតែប្រព័ន្ធសុខាភិបាលនៃតំបន់ Gaza ត្រៀមនឹងដួលដោយសារបញ្ហាសង្គ្រាម។
អ្នកតំណាងប្រទេសប៉ាឡេស្ទីន នៃមូលនិធិប្រជាជនអង្គការសហប្រជាជាតិ លោក Dominic Allen បានប្រាប់ទៅកាន់សារព័ត៌មាន CNN ថា ស្ត្រីមានផ្ទៃពោះចំនួន ៥០០០នាក់ នៃស្ត្រីមានផ្ទៃពោះសរុបចំនួន ៥០ ០០០នាក់ កំពុងរង់ចាំថ្ងៃសម្រាលក្នុងប៉ុន្មានខែខាងមុខទៀត ហើយពួកគាត់អាចប្រឈមនឹងផលវិបាកជាច្រើន ដូចជា ការគ្មានសម្លៀកបំពាក់ គ្មានអនាម័យ គ្មានការគាំទ្រ និងគ្មានការធានាសុវត្ថិភាពច្បាស់លាស់សម្រាប់ទារក។
ចាប់តាំងពីជម្លោះហិង្សានេះចាប់ផ្ដើមដំបូង ឆ្មបមួយចំនួននៅក្នុងតំបន់ Gaza មិនអាចធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ឬបន្ទប់ផ្ដល់សេវាសម្ភព ដើម្បីជាការផ្ដល់ជំនួយដល់ស្ត្រីមានផ្ទៃពោះនោះទេ ដោយហេតុថាតំបន់ដែលខ្លួនរស់នៅ ស្ថិតក្នុងមជ្ឈដ្ឋានដែលគ្មានសុវត្ថិភាព។
គួរបញ្ជាក់ថា វាជារឿងលំបាកបំផុតក្នុងការភៀសខ្លួន សម្រាប់ក្រុមងាយរងគ្រោះ ក្នុងនោះមានដូចជា ស្ត្រីមានផ្ទៃពោះ កុមារ មនុស្សចាស់ និងជនពិការ ខណៈពេលដែលប្រទេសអ៊ីស្រាអែល បានប្រកាសជាបន្តបន្ទាប់ទៅដល់មន្ទីរពេទ្យចំនួន ២២ក្នុងភាគខាងជើងនៃតំបន់ Gaza ភៀសខ្លួនចេញឱ្យបានឆាប់ចេញពីតំបន់គ្រោះថ្នាក់៕
ប្រភព៖ The Business Standard https://www.tbsnews.net/ & United Nations https://news.un.org/en/