លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវពលរដ្ឋកម្ពុជា ជាអាណាព្យាបាលទាំងអស់ ដែលមានកូនស្រីអាយុ៩ឆ្នាំ បញ្ជូនកូនមកទទួលវ៉ាក់សាំងបង្ការជំងឺមហារីកស្បូនឱ្យបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃ។
ជំងឺមហារីកស្បូន ត្រូវបានគេស្គាល់ថាជា «ឃាតកលាក់មុខ» ហើយជំងឺនេះជាជំងឺដែលអាចបង្ការបានទាំងស្រុង តាមរយៈការប្រើថ្នាំបង្ការ។ ក្នុងប្រទេសកម្ពុជា ជំងឺមហារីកស្បូន គឺជាជំងឺមហារីកដែលកើតមានច្រើនលេខរៀងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទ ដែលកើតមានលើស្ត្រីគ្រប់វ័យ។
ចាប់ពីឆ្នាំ២០១៧ ដល់ ២០១៨ គម្រោងផ្ដល់ថ្នាំបង្ការជំងឺមហារីកស្បូននេះ ក៏ត្រូវបានអនុវត្តដោយជោគជ័យ ៩៦% បង្ហាញនូការចូលរួមខ្ពស់ពីសហគមន៍ប្រជាពលរដ្ឋកម្ពុជា ក្រោមការអនុវត្តរបស់ក្រសួងសុខាភិបាល។ គម្រោងនេះដែរ បានផ្ដល់នូវវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុ៩ឆ្នាំ នៅក្នុងស្រុករដ្ឋបាលចំនួន១០ ស្ថិតនៅក្នុងខេត្តសៀមរាប និងខេត្តស្វាយរៀង។ នេះបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងបានត្រៀមខ្លួនរួចស្រេច ក្នុងការអនុវត្តគម្រោងនេះផ្ដល់វ៉ាក់់សាំងទូទាំងប្រទេស។ គួរបញ្ជាក់ថា កម្ពុជាក៏បានចូលរួមជាមួយប្រទេសចំនួន១៣៦ផ្សេងទៀត ដែលបានដាក់បញ្ចូលថ្នាំបង្ការមហារីកស្បូន ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ។
តើចាក់នៅទីណា?
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបង្ហាញថា អាណាព្យាបាលអាចនាំកូនទៅចាក់នៅតាមសាលារៀន តាមភូមិ ឬមណ្ឌលសុខភាព ដោយឥតគិតថ្លៃ ចាប់ពីពេលនេះតទៅ៕
ប្រភព៖ Fresh News