យោងតាមនាយកដ្ឋានប្រយុត្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា កម្ពុជាកំពុងទទួលរងនឹងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី។ សូមប្រុងប្រយ័ត្ន ដោយស្វែងយល់ពីរោគសញ្ញា របៀបឆ្លង វិធីព្យាបាល និងវិធីការពារទាំងអស់គ្នា។
ក្នុងគេហទំព័រហ្វេសបុករបស់ CDC បានឱ្យដឹងថា មាន៩៣ករណី ដែលបានឆ្លងជំងឺភ្នែកក្រហមនេះ ក្នុងនោះមានស្ត្រី៥៧នាក់ បើគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ករណីនេះបង្កឡើងពីករណីដំបូង ដែលប្រជាពលរដ្ឋចំនួន៨នាក់ រស់នៅក្នុងភូមិបក់តូច ឃុំប៉ក់ញ៉ែ ស្រុកអូយ៉ាដាវ ខេត្តរតនៈគីរី បានចូលរួមពិធីបុណ្យសពក្នុងប្រទេសវៀតណាម បង្កឱ្យទទួលយកការឆ្លងមេរោគភ្នែកក្រហមនេះ។
តើជំងឺភ្នែកក្រហមជាជំងឺអ្វី?
ជំងឺភ្នែកក្រហម (Conjunctivitis ឬ Pink Eye) ជាការរលាកភ្នាស ស នៃភ្នែក ដែលបង្កឡើងភាគច្រើនដោយវីរុស Adeno Virus និងពពួកបាក់តេរី Staphylococcus aureus និង staphylococcus។
គេសង្កេតឃើញថា ជំងឺភ្នែកក្រហមនេះច្រើនកើតមានក្នុងចំណោមសិស្សសាលា និងនៅក្នុងសហគមន៍ដែលមានឆ្លងជំងឺនេះ នៅរដូវភ្លៀង និងនៅពេលខ្យល់ធ្លាក់ពីទិសខាងជើង។
រោគសញ្ញាជំងឺភ្នែកក្រហម៖
១. ភ្នែកឡើងក្រហម ហើយឈឺចុកចាប់ខ្លាំង ឬខ្សោយទៅតាមស្ថានភាព
២. ហើមត្របកភ្នែក
៣. រកាំភ្នែក ឬមានអារម្មណ៍ថាមានកម្ទេចសម្រាមចូល
៤. ស្រវាំង និងចាញ់ពន្លឺ
៥. មានអាចម៌ភ្នែក និងហៀរទឹកភ្នែកជាប់
៦. ពិបាកបើកភ្នែកនៅពេលក្រោកពីដំណេក ព្រោះតែរោមភ្នែកស្អិតជាប់គ្នា
របៀបនៃការឆ្លងជំងឺភ្នែកក្រហម៖
១. ការប៉ះពាល់ផ្ទាល់ ឬចាប់ដៃអ្នកជំងឺភ្នែកក្រហម
២. ការប៉ះពាល់វត្ថុ ឬសម្ភារៈប្រើប្រាស់របស់អ្នកជំងឺ
៣. ការប្រើប្រាស់ថ្នាំបន្តក់ភ្នែករួមគ្នាជាមួយនឹងអ្នកជំងឺ
វិធីព្យាបាលជំងឺភ្នែកក្រហម៖
១. ជំងឺនេះអាចជាទៅវិញ ក្នុងរយៈពេល ៧-១៤ថ្ងៃ (តែជួនកាលអាចធ្ងន់ធ្ងរ ឈានដល់ប៉ះពាល់កញ្ចក់ភ្នែក និងគំហើញ)។
២. ប្រើដៃស្អាត លាងសម្អាតទឹករំអិលជុំវិញភ្នែករបស់អ្នក ឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើក្រណាត់ស្អាតសើម ឬសំឡីស្អាត (ក្រោយប្រើរួច សូមចោលសំឡីដែលប្រើរួច បោកលាងសម្អាតក្រណាត់ជាមួយសាប៊ូ និងទឹកស្អាត និងលាងដៃជាមួយសាប៊ូ និងទឹកស្អាត)។
៣. ក្នុងករណីចាំបាច់ សូមទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬគ្លីនិកផ្ដល់សេវាសុខភាពភ្នែកដែលនៅជិតបំផុត។
៤. ជៀសវាងការប៉ះ ត្រដុស ឬញីភ្នែក ដើម្បីជៀសវាងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ ឬរាលដាលទៅភ្នែកម្ខាងទៀត។
វិធីការពារជំងឺភ្នែកក្រហម៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ណៗយ៉ាងហោចណាស់ ២០វិនាទី មុន និងក្រោយពេលសម្អាតភ្នែក ឬបន្តក់ថ្នាំភ្នែក។
២. ប្រសិនបើគ្មានសាប៊ូ និងទឹក សូមប្រើអាល់កុល ឬជែលដើម្បីលាងសម្អាតដៃ។
៣. ជៀសវាងការប្រើប្រាស់របស់របររួមគ្នា ជាមួយនឹងអ្នកជំងឺ។
៤. ជៀសវាងការប្រើថ្នាំភ្នែកសម្រាប់ភ្នែកដែលឈឺ ទៅលើភ្នែកដែលមិនឈឺ កុំឱ្យឆ្លងទៅភ្នែកម្ខាងទៀត។
៥. ផ្អាកពាក់កែវភ្នែក Contact Lens រហូតដល់មានការអនុញ្ញាតរបស់វេជ្ជបណ្ឌិត។
៦. ជៀសវាងការប្រើវិធីបុរាណ គ្មានភាពវិទ្យាសាស្រ្តសម្រាប់ព្យាបាលភ្នែកដោយខ្លួនឯង។
៧. ត្រូវសម្រាកពីការងារ ឬសាលារៀនចំនួន៥ថ្ងៃ ឬមួយសប្ដាហ៍ ជៀសវាងការចម្លងបន្តទៅអ្នកជិតស្និទ្ធ។
៨. ជៀសវាងការប៉ះ ឬត្រដុសញីភ្នែក។
ប្រភព៖ នាយកដ្ឋានប្រយុត្ធនឹងជំងឺឆ្លង CDC https://www.facebook.com/cdcmohcam