ការឈឺក្បាលប្រកាំង អាចបង្ហាញនូវហានិភ័យកើតមានជំងឺមហារីកសុដន់។ ការសិក្សាមួយចំនួនបានបង្ហាញនូវទំនាក់ទំនង រវាងការឈឺក្បាលប្រកាំង និងជំងឺមហារីកសុដន់។
ជំងឺមហារីកសុដន់ គឺជាជំងឺដែលកើតមានញឹកញាប់លើស្ត្រី ហើយហានិភ័យបាត់បង់ជីវិតក៏ខ្ពស់។ ក្នុងឆ្នាំ២០២០ មានស្ត្រីចំនួន ២.៣លាននាក់ ធ្វើរោគវិនិច្ឆ័យឃើញវត្តមានជំងឺមហារីសុដន់ ហើយក្នុងមួយឆ្នាំៗ មានមនុស្សប្រមាណ ៦៨៥០០០នាក់បាត់បង់ជីវិតជុំវិញសកលលោក។
ចំណែកឯអាការៈឈឺក្បាលប្រកាំង គឺជាបញ្ហាប្រព័ន្ធប្រសាទមួយ ដែលជាញឹកញយកើតមានលើស្ត្រី មានអាយុចន្លោះពី២៥ឆ្នាំ ទៅ៥៥ឆ្នាំ។ ហើយវាផ្សារភ្ជាប់ទំនាក់ទំនងនឹងជំងឺជាច្រើន ដូចជា ជំងឺវង្វេង ជំងឺសរសៃឈាមបេះដូង និងអាចជាជំងឺមហារីក។
ការសិក្សាបានបង្ហាញថា ទំនាក់ទំនងរវាងការឈឺក្បាលប្រកាំង និងជំងឺមហារីកសុដន់ មានពាក់ព័ន្ធទៅនឹងអរម៉ូនអេស្ត្រូសែនស្ត្រី។ បើយោងតាមការសិក្សាជាច្រើនទៀត បានឱ្យដឹងថា ស្ត្រីវ័យអស់រដូវដែលប្រើប្រាស់អេស្ត្រូសែន ប្រឈមនឹងហានិភ័យខ្ពស់នៃការកើតជំងឺមហារីកសុដន់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ អេស្ត្រូសែនដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កអាការៈឈឺក្បាលប្រកាំងរបស់មនុស្ស។ ហើយគេក៏ដឹងដែរថា អរម៉ូនអេស្ត្រូសែនស្ត្រីមានការទាក់ទងនឹងការកើតមានអាការៈឈឺក្បាលប្រកាំង។
ទោះជាយ៉ាងណា ខណៈពេលដែលអ្នកស្រាវជ្រាវរកឃើញបែបនេះ ក៏មានការសិក្សាផ្សេងទៀតបានបង្ហាញថា ការឈឺក្បាលប្រកាំងគ្មានទំនាក់ទំនងនឹងហានិភ័យជំងឺមហារីកឡើយ។ ដូចនេះ ការរកឃើញនេះអាចជួយឱ្យអ្នកស្រាវជ្រាវក្រោយៗ សិក្សាបន្ថែមទៅលើទំនាក់ទំនងរវាងការឈឺក្បាលប្រកាំង និងហានិភ័យជំងឺមហារីកសុដន់ ដើម្បីប្រមូលទិន្នន័យថ្មីមកបញ្ជាក់ពីទំនាក់ទំនងនេះ៕
ប្រភព៖ NIH https://www.ncbi.nlm.nih.gov/ & News Medical https://www.news-medical.net/