ខ្យល់ពុលក្នុងបរិយាកាស មានពាក់ព័ន្ធទៅនឹងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព រហូតឈានដល់ស្លាប់បាត់បង់ជីវិត ស្ទើរតែម្នាក់ក្នុងចំណោម៥នាក់ ឬស្មើនឹង២០% នៃកុមារកម្ពុជាក្រោមអាយុ៥ឆ្នាំ។ នេះបើយោងតាមការលើកឡើង របស់មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF)។
ក្រសួងសុខាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ បានចេញរបាយការណ៍វាយតម្លៃជាលើកដំបូង លើផលប៉ះពាល់នៃបរិស្ថាន មកលើសុខភាពកុមារកម្ពុជា។ ក្នុងរបាយការណ៍នោះ គេបានបង្ហាញនូវបញ្ហាប្រឈាមចម្បងៗ រួមមាន៖
១. ខ្យល់ពុលក្នុងបរិយាកាស
២. សារធាតុពុលក្នុងទឹក និងក្នុងចំណីអាហារ
៣. លោហៈធាតុដែលអាចបញ្ចេញសារធាតុពុល
៤. ថ្នាំសម្លាប់សត្វល្អិត
៥. កាកសំណល់ដែលអាចបង្កគ្រោះថ្នាក់
លោក Will Parks អ្នកតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន កុមារបាន និងកំពុងតែប្រឈមគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងប៉ះពាល់សិទ្ធិនានារបស់កុមារ ក្នុងនោះមានសិទ្ធិក្នុងការរស់រាមានជីវិត ដោយសារបញ្ហាបំពុលបរិស្ថាន។
បើយោងតាមការសិក្សា IQ Air ដែលជាស្ថាប័នសិក្សាពាក់ព័ន្ធទៅនឹងកម្រិតខ្យល់ពុលក្នុងបរិយាកាសពិភពលោក បានបង្ហាញថា ខ្យល់ពុលក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតក្នុងកម្រិតមធ្យម។ ការបំពុលបរិយាកាសក្នុងទីក្រុងភ្នំពេញ បណ្ដាលមកពីការដុតឥន្ធនៈ ដូចជា ប្រេងកាត ប្រេងម៉ាស៊ូត និងធ្យូងថ្មជាដើម។
ដើម្បីការពារសុខភាពពីផលប៉ះពាល់ គួរអនុវត្តវិធីសាស្ត្រដូចជា៖
១. ពាក់ម៉ាស់
២. ការបិទបង្អួច
៣. ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់
៤. កាត់បន្ថយសកម្មភាពនៅខាងក្រៅ
ប្រភព៖ RFI https://www.rfi.fr/km/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង