យើងប្រាកដជាដឹងជាទូទៅថា មនុស្សម្នាក់ៗអាចដុះធ្មេញតែ ២ដងប៉ុណ្ណោះក្នុងមួយជីវិត។ ប៉ុន្តែពេលនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថ្នាំថ្មីមួយ ដែលអាចជួយឱ្យធ្មេញដុះបានជាលើកទី៣។ អ្នកស្រាវជ្រាវសង្ឃឹមថា ថ្នាំនេះនឹងមានរួចរាល់សម្រាប់ការព្យាបាលមាត់ធ្មេញ ត្រឹមឆ្នាំ២០៣០។
ការសិក្សានេះ ត្រូវបានដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ នៃមន្ទីរពេទ្យ Kitano ក្នុងទីក្រុង Osaka ប្រទេសជប៉ុន។ ការសិក្សានេះមានគោលបំណង បង្កើតថ្នាំវេជ្ជសាស្ត្រមួយសម្រាប់ព្យាបាលអ្នកជំងឺ ដែលខ្វះចំនួនធ្មេញមនុស្សពេញវ័យ ដែលបង្កដោយកត្តាផ្សេងៗពីកំណើត (កត្តាហ្សែន ឬកត្តានៃការលូតលាស់)។
មានមនុស្សចំនួន ជាអកុសលត្រូវប្រឈមនឹងបញ្ហាហ្សែន ដែលធ្វើឱ្យមិនដុះលូតលាស់ធ្មេញ តាំងពីកំណើតមកម្លេះ។ ក្នុងពាក្យវេជ្ជសាស្ត្របញ្ហានេះ មានឈ្មោះថា Anodontia។ ហើយកត្តាផ្សេងទៀត ដែលធ្វើឱ្យមនុស្សលូតលាស់ធ្មេញមិនគ្រប់គ្រាន់ ឬបាក់ធ្មេញ បានធ្វើឱ្យទន្តពេទ្យ និងអ្នកវិទ្យាសាស្ត្រព្យាយាមរកដំណោះស្រាយ និងវិធីព្យាបាលថ្មីៗ សម្រាប់មនុស្សដែលមានបញ្ហាទាំងនេះ។
អ្នកស្រាវជ្រាវកំពុងតែសិក្សាថ្នាំថ្មីមួយប្រភេទនេះ នៅលើមនុស្ស ហើយសង្ឃឹមថានឹងរួចរាល់ដើម្បីផ្គត់ផ្គង់ដល់ការព្យាបាលបញ្ហាធ្មេញ ដោយជួយឱ្យមនុស្សដុះធ្មេញថ្មី៕
ប្រភព៖ Euronews https://www.euronews.com/next
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង