យោងតាមរបាយការណ៍របស់ IQAir បានឱ្យដឹងថា មានទីក្រុងចំនួនតិចតួចបំផុត នៅអាស៊ីអាគ្នេយ៍ ដែលមានគុណភាពខ្យល់ល្អ។ ភាគច្រើនគឺជាខ្យល់កខ្វក់ ឬជាខ្យល់ពុលប៉ះពាល់ដល់សុខភាព។
របាយការណ៍នេះ បានសិក្សាលើទីក្រុងចំនួន ២៩៦ទីក្រុង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានទីក្រុងត្រឹមតែ ៨ប៉ុណ្ណោះ ឬគិតជាភាគរយស្មើនឹង ២.៧% ប៉ុណ្ណោះ ដែលមានគុណភាពខ្យល់ល្អ។ ពោលគឺទីក្រុងភាគច្រើន មានពោរពេញទៅដោយខ្យល់ពុល មានភាគល្អិតៗក្នុងខ្យល់ ដែលហួសពីការណែនាំ របស់អង្គការសុខភាពពិភពលោក។
គួរយល់ថាការស្រូបយកខ្យល់ពុល កម្រិតធ្ងន់បែបនេះ អាចបង្កឱ្យមនុស្សប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរច្រើនយ៉ាង។ កាលណាខ្យល់កខ្វក់នេះ ត្រូវបានស្រូបចូលទៅក្នុងខ្លួនមនុស្ស គឺមានភាគល្អិតៗចូលទៅក្នុងសួត ហើយវានឹងស្នាក់នៅក្នុងសួតរយៈពេលយូរ ឬក៏អាចចូលទៅក្នុងចរន្តឈាមផងដែរ។ ពលរដ្ឋរស់នៅក្នុងទីក្រុងទាំងនេះ ងាយប្រឈមខ្លាំងបំផុតនឹងជំងឺផ្លូវដង្ហើម និងមានហានិភ័យខ្ពស់ នូវការកើតជំងឺមហារីកសួត និងជំងឺបេះដូង។
ផ្អែកតាមរបាយការណ៍នេះ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានខ្យល់ពុលខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍។ ក្នុងចំណោមទីក្រុងទាំងអស់ មានទីក្រុងរបស់ឥណ្ឌូនេស៊ីដល់ទៅ ៦ទីក្រុង ដែលជាទីក្រុងមានខ្យល់ពុល។
ប្រភព៖ CNA https://www.channelnewsasia.com/international
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង