សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បានប្រកាសដាស់តឿនឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនពីជំងឺអេដស៍ ព្រោះតែករណីជំងឺអេដស៍នៅកម្ពុជា មានអត្រាខ្ពស់ជាងមុន ដែលក្នុងឆ្នាំ២០២២ មានចំនួនសរុប ១៤០០នាក់ ស្មើនឹងការកើនឡើង ៣០០ករណី ធៀបនឹងក្នុងឆ្នាំ២០២១។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសជំនួប ជាមួយកម្មករជិត២ម៉ឺននាក់ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចក៏បានបញ្ជក់ថា «អេដស៍នេះក៏ដូចកូវីដដែរ ប៉ុន្តែវាធ្ងន់ជាងកូវីដ អេដស៍អត់ទាន់ចប់ទេនៅស្រុកខ្មែរ ផ្ទុយទៅវិញឆ្នាំ២០២២នេះ កើនឡើង៣០០នាក់ បើបើប្រៀបធៀបឆ្នាំ២០២១ គឺមាននិន្នាការកើនឡើង»។ សម្ដេចក៏បានបន្ថែមដែរថា អត្រាឆ្លងនេះបានកើតឡើង ដោយសារតែករណីមនុស្សស្រឡាញ់ភេទដូចគ្នា។ ករណីស្រីស្រឡាញ់ស្រី មិនមែនជាបញ្ហាប៉ុន្មានទេ តែករណីប្រុសស្រឡាញ់ប្រុស ទើបជាមូលហេតុបង្កពិត។
សម្ដេចក៏បានបញ្ជាក់ អំពីការស្រឡាញ់ភេទដូចគ្នាដែរ គឺថាកម្ពុជាមិនបានហាមឃាត់ការស្រឡាញ់ភេទដូចគ្នានោះទេ។ ប្រជាពលរដ្ឋទាំងឡាយ អាចស្រឡាញ់មនុស្សភេទដូចគ្នាបាន ហើយកម្ពុជាក៏មិនបានបង្កើតច្បាប់ ដែលហាមប្រាមការស្រឡាញ់ភេទដូចគ្នាឡើយ។ ទោះជាយ៉ាងណា កម្ពុជាក៏នឹងមិនបង្កើតច្បាប់ សម្រាប់ការរៀបអាពាហ៍ពិពាហ៍ រវាងមនុស្សស្រឡាញ់ភេទដូចគ្នាដែរ។
វិធីបង្ការការឆ្លងជំងឺអេដស៍៖
១. តេស្តរកជំងឺអេដស៍ជាមុន
២. ជ្រើសរើសដៃគូរួមដំណេក ដែលមានហានិភ័យប្រឈម នឹងជំងឺអេដស៍តិចបំផុត
៣. ប្រើស្រោមអនាម័យ រៀងរាល់ពេលរួមដំណេក
៤. កំណត់ចំនួនដៃគូរួមដំណេក កុំឱ្យច្រើនពេក
៥. តេស្តស្វែងរក និងព្យាបាលជំងឺកាមរោគ
ប្រភព៖ Fresh News https://www.freshnewsasia.com/index.php/en/?ref=1 & HIVinfo.NIH.gov https://hivinfo.nih.gov/home-page
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង