ភេសជ្ជៈប៉ូវកម្លាំង Prime ដែលបាន និងកំពុងទទួលចំណាប់អារម្មណ៍ និងមានភាពល្បីល្បាញ លក់អស់ពីស្តុកគ្រប់ពេល ត្រូវបានហាមប្រាមមិនឱ្យមានក្នុងបរិវេណសាលារៀន ក្នុងប្រទេសអូស្រ្តាលី និងប្រទេសអង់គ្លេស។ មូលហេតុគឺព្រោះតែ Prime Energy Drink មានផ្ទុកសារជាតិកាហ្វេអ៊ីន ២ដង លើសពីកម្រិតនៃការណែនាំ ក្នុងដបភេសជ្ជៈចំណុះ ១០០ម.ល.។
តើភេសជ្ជៈ Prime គឺជាអ្វី?
ភេសជ្ជៈ Prime គឺជាភេសជ្ជៈប៉ូវកម្លាំង ដែលបានបង្កើតឡើងពីការសហការគ្នា រវាងតារាក្នុងប្រព័ន្ធសង្គម ឬ Youtuber ២រូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទូទាំងសកលលោក ក្នុងនោះមាន KSI និង Logan Paul។ ភេសជ្ជៈបានវាយលុកទីផ្សារយ៉ាងខ្លាំង ត្រឹមរយៈពេលដ៏ខ្លី ដែលអាចកើបចំណូលបាន រាប់រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
ភាពល្បីល្បាញរបស់ Prime បានធ្វើឱ្យភេសជ្ជៈនេះ ផ្គត់ផ្គង់ដល់អតិថិជនមិនទាន់ផង។ តម្លៃទីផ្សាររបស់ Prime គឺ ២ផោន ប៉ុន្តែព្រោះតែភាគច្រើន ការផ្គត់ផ្គង់អស់ពីស្តុក វាបានបង្កើតជាឱកាសសម្រាប់អ្នកលក់ចែកចាយបន្ត ក្នុងតម្លៃខ្ពស់ជាងទីផ្សារទៅទៀត។ អ្វីដែលគួរព្រួយបារម្ភនោះគឺ អ្នកគាំទ្ររបស់ Prime ជាពិសេសអ្នកគាំទ្ររបស់តារាទាំង ២រូបនេះ បានកើតមានជាការញៀន ត្រូវការ Prime ខ្លាំងពេក ដែលបង្កើតជារូបភាពមួយ ពោលគឺអ្នកដែលមាន Prime នៅក្នុងដៃ គឺជារឿងអស្ចារ្យ។
និន្នាការនេះ បានប៉ះពាល់ដល់សិស្សាសាលាជាច្រើន ក្នុងប្រទេសអង់គ្លេស និងប្រទេសអូស្ត្រាលី។ អ្វីដែលមិនអាចមើលរំលងបានគឺ បញ្ហាសុខភាព ព្រោះតែ Prime មានផ្ទុកបរិមាណសារជាតិកាហ្វេអ៊ីន ២ដង ក្នុងចំណុះ ១០០ម.ល. លើសបរិមាណភេសជ្ជៈដទៃទៀត។
សាលាមួយចំនួនក្នុងប្រទេសអង់គ្លេស បានហាមប្រាមមិនឱ្យសិស្ស កាន់ដប Prime ទៅតាមខ្លួននោះទេ។ ហើយកាលពីថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី ក៏បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។ Prime ត្រូវបានហាមឃាត់ពីបណ្ដាសាលារៀន ទូទាំងប្រទេសអូស្ត្រាលី ដើម្បីបង្ការកុមារពីការទទួលទានភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីនខ្ពស់បែបនេះ។ នៅលើដប ក៏បានសរសេរថា មិនណែនាំឱ្យមនុស្សអាយុក្រោម ១៨ឆ្នាំ ទទួលទានឡើយ។ កាលណាមនុស្សក្នុងវ័យនេះ ដែលជាវ័យកំពុងលូតលាស់ នឹងប្រឈមនឹងបញ្ហាទៅលើសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ដែលជាផលវិបាកដល់ការសិក្សា និងជីវិតប្រចាំថ្ងៃ៕
ប្រភព៖ BBC News https://www.bbc.com/ & ABC News https://www.abc.net.au/news
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង