វេជ្ជបណ្ឌិតយោធាក្នុងប្រទេសស្រីលង្កា បានវះកាត់យកចេញដុំក្រួសតម្រងនោម ដែលធំជាងគេក្នុងលោក ពីទាហានចូលនិវត្តន៍អាយុ ៦២ឆ្នាំម្នាក់។ យោងតាមគេហទំព័រ The Straits Times បានឱ្យដឹងថា ដុំក្រួសនេះមានទម្ងន់ ៨០១ក្រាម ដែលស្មើនឹង ៥ដង នៃទម្ងន់ក្រលៀនមួយរបស់មនុស្សប្រុស។
វេជ្ជបណ្ឌិតបានវះកាត់យកក្រួសតម្រងនោម ធំជាងគេ និងធ្ងន់ជាងគេក្នុងលោកនេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យ Colombo Army។ ជនរងគ្រោះបានឈឺពោះ តាំងពីឆ្នាំ២០២០ មកម្ល៉េះ ហើយការលេបថ្នាំមិនបានជួយនោះទេ។ អ្វីដែលពិសេសនោះគឺ តម្រងនោមរបស់អ្នកជំងឺ នៅដំណើរការជាធម្មតា ទោះបីជាខ្លួនមានដុំក្រួសធំបែបនេះ។
គួរបញ្ជាក់ថា នេះគឺជាដុំក្រួសធំជាងគេ មិនធ្លាប់មានក្នុងលោក ដែលបានបំបែកកំណត់ត្រាពិភពលោក Guinness World Records ផងដែរ។ ដុំក្រួសដែលមានទំហំធំ បន្ទាប់ពីដុំក្រួសនេះ ជាដុំក្រួសដែលមានទម្ងន់ ៦២០ក្រាម ក្នុងខ្លួនអ្នកជំងឺក្នុងប្រទេសប៉ាគីស្ថាន កាលពីឆ្នាំ២០០៨៕
ប្រភព៖ The Straits Times https://www.straitstimes.com/global
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង