ការសិក្សា បង្ហាញថា ប្រហែល ១៥% នៃស្ត្រីមានផ្ទៃពោះ ជួបប្រទះនឹងការរលូតកូន។ ការបាត់បង់គភ៌ដំបូងភាគច្រើន បណ្តាលមកពីភាពមិនប្រក្រតីនៃក្រូម៉ូសូម ហើយវាមានអត្រាខ្ពស់រហូតដល់ ៧០% និងភាគច្រើន ការបាត់បង់នេះ ស្ថិតក្នុងរយៈ ២០ សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។
ហានិភ័យនៃការរលូតកូន មានកត្តារួមផ្សំដទៃទៀត ដូចជា កត្តាអាយុ ភាពធាត់ និងជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអ៊ីត និងជំងឺលើសឈាម ជាដើម។ ៨ ចំណុចខាងក្រោមនេះ ជាវិធីសាស្ត្រទប់ស្កាត់ ហានិភ័យនៃការរលូតកូន៖
១. លាងសំអាតដៃអោយបានស្អាត៖ មានការឆ្លងមេរោគមួយចំនួន អាចបណ្តាលឱ្យមានការរលូតកូន ការស្លាប់នៅក្នុងពោះរបស់ម្តាយ។ ដើម្បីចៀសវាងការឆ្លងមេរោគ ឬបាក់តេរីផ្សេងៗ ស្ត្រីជាម្តាយ គួរអនុវត្តអនាម័យដៃឱ្យបានល្អ និងនៅឆ្ងាយពីអ្នកជំងឺ។
២. ឈប់ជក់បារី៖ ស្ត្រី ដែលជក់បារី អាចជួបនឹងបញ្ហាគ្មានកូន ការរលូតកូន ការសម្រាលកូនមិនគ្រប់ខែ ឬទារកមិនគ្រប់គីឡូ។ ទារក ដែលកើតពីស្ត្រី ជក់បារីមានហានិភ័យខ្ពស់ និងអាចប្រឈមនឹងអត្រាមរណៈ។ ការឈប់ជក់បារី មិនត្រឹមតែជួយជីវិតកូនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាអាចនឹងធ្វើឱ្យសុខភាពអ្នកនៅជុំវិញខ្លួនអ្នកល្អ និងរស់នៅបានយូរ។
៣. ប្រុងប្រយ័ត្នចំពោះអាហារ៖ សម្រាប់ស្ត្រី ដែលមានផ្ទៃពោះ ឬព្យាយាមមានផ្ទៃពោះ ការគ្រប់គ្រងអាហារដោយសុវត្ថិភាព គឺសំខាន់ណាស់ សម្រាប់ខ្លួន និងទារក។
៤. ចាក់វ៉ាក់សាំងការពារគ្រុនផ្តាសាយ៖ ស្ត្រីមួយចំនួន មានការភ័យខ្លាច ចំពោះការចាក់ថ្នាំបង្ការគ្រុនផ្តាសាយ ព្រោះគិតថា វាអាចបណ្តាលឱ្យមានការរលូតកូន។ ប៉ុន្តែការសិក្សា១ បានបង្ហាញថា មិនមានការកើនឡើងហានិភ័យនៃការរលូតកូន បន្ទាប់ពីការចាក់ថ្នាំផ្តាសាយនោះទេ។ វ៉ាក់សាំងផ្តាសាយ ត្រូវបានណែនាំឱ្យចាក់ ដោយមិនគិតពីដំណាក់កាលនៃការមានផ្ទៃពោះ។
៥. សម្រកទម្ងន់មុនពេលមានផ្ទៃពោះ៖ ភាពធាត់មិនទាន់មានភស្តុតាង ដែលបញ្ជាក់ថា ជាមូលហេតុបណ្តាលឱ្យមានការរលូតកូននោះទេ ប៉ុន្តែការសិក្សានៅទូទាំងពិភពលោក កំពុងស្វែងរកលទ្ធផលដូចគ្នា ព្រោះស្ត្រី ដែលធាត់ មានហានិភ័យខ្ពស់ក្នុងការរលូតកូន។
៦. តាមដានសុខភាព៖ ស្ត្រីមានផ្ទៃពោះមួយចំនួន មានបញ្ហាសុខភាព ដូចជា ជំងឺលើសសំពាធឈាម ជំងឺទឹកនោមផ្អែម បញ្ហាមាត់ស្បូន និងបញ្ហាផ្សេងៗទៀតនៅមាត់ស្បូន។ ដូច្នេះស្ត្រីមានផ្ទៃពោះ គួរតាមដានសុខភាពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត ដើម្បីជៀសវាងហានិភ័យដល់ខ្លួន និងទារក។
៧. លេបថ្នាំឱ្យបានត្រឹមត្រូវ៖ ប្រសិនបើអ្នកកំពុងពិចារណាយកកូន គួរចាប់ផ្តើមប្រើថ្នាំវីតាមីន មុនពេលមានផ្ទៃពោះ។ អត្ថប្រយោជន៍នៃអាស៊ីតហ្វូលិក គឺមានសារៈសំខាន់បំផុត នៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ ការទទួលទានអាស៊ីតហ្វូលិកគ្រប់គ្រាន់ មានសារៈសំខាន់ណាស់ ក្នុងការការពារការខូចប្រព័ន្ធសរសៃប្រសាទរបស់ទារក ដែលជាកត្តាបណ្តាលអោយមានការស្លាប់ក្នុងពោះ។
៨. កុំពិសារគ្រឿងស្រវឹង៖ ការពិសារគ្រឿងស្រវឹង ជាហានិភ័យបង្កអោយផលប៉ះពាល់ការរលូតកូនក្នុងផ្ទៃ ឬសម្រាលកូនមិនរួច ជាពិសេសការប្រើប្រាស់គ្រឿងស្រវឹងជាប្រចាំ ឬលើសកម្រិត៕
ប្រភព៖ Everywellfamily: https://www.verywellfamily.com/reduce-risk-pregnancy-loss-2371453