-
Jun 19 , 2020
កម្មវិធី Smart Hospital e-HEALTH YOEUNG នឹងត្រូវបានដាក់ឲ្យដំណើរការនៅ មន្ទីរពេទ្យព្រះអង្គឌួងដំបូងគេ
ភ្នំពេញ - ២២ មិថុនា ២០២០៖ កម្មវិធីមន្ទីរពេទ្យ Smart Hospital e-Health Yoeung ជាដំណោះស្រាយបែបឌីជីថល សម្រាប់អ្នកជំងឺ និងវេជ្ជបណ្ឌិត ក្នុងការគ្រប់គ្រងកំណត់ត្រាប្រវត្តិព្យាបាល និងការណាត់ជួបដោយស្វ័យប្រវត្តិនៅលើទូរស័ព្ទដៃ និងកាតឌីជីថល ដំបូងគេនៅកម្ពុជា ដែលនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ នៅមន្ទីរពេទ្យព្រះអង្គឌួងនៅសប្តាហ៍ក្រោយនេះ។
ព្រឹត្តិការណ៍៖ សម្ភោធ និងដាក់ឲ្យប្រើប្រាស់កម្មវិធី Smart Hospital e-Health Yoeung នៅមន្ទីរពេទ្យព្រះអង្គឌួង
ពេលវេលា៖ ម៉ោង ៨ ព្រឹក ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០
ទីកន្លែង៖ មន្ទីរពេទ្យព្រះអង្គឌួង
អ្នកចូលរួមបើកពិធី៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ថ្នាក់ដឹកនាំនិងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង ប្រធាន និងក្រុមការងារកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» និងe-Health Yoeung។
កម្មវិធី Smart Hospital e-Health Yoeung គឺជាកម្មវិធីគ្រប់គ្រងកំណត់ត្រាប្រវត្តិព្យាបាល និងការណាត់ជួបរបស់អ្នកជំងឺ ជាមួយវេជ្ជបណ្ឌិត នៅលើទូរស័ព្ទដៃ និង កាតឌីជីថល e-Health Yoeung។
ទាំងកាត និងកម្មវិធីសុខភាពលើទូរស័ព្ទដៃ e-Health Yoeung App មានមុខងារសំខាន់ៗដែលមានអត្ថប្រយោជន៍ជាច្រើនដល់អ្នកជំងឺ និង វេជ្ជបណ្ឌិត។ នៅក្នុងកម្មវិធីលើទូរស័ព្ទដៃ មានមុខងារដូចជា ការគ្រប់គ្រងកំណត់ត្រាប្រវត្តិជំងឺ ការណាត់ជួបនិងប្រព័ន្ធរំលឹកណាត់ជួបពេទ្យស្វ័យប្រវត្តិ ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន ការអានអត្ថបទគន្លឹះថែទាំសុខភាពប្រចាំថ្ងៃ ព្រមទាំងព័ត៍មានថ្មីៗពីក្រសួងសុខាភិបាល និងស្ថាប័នជំនាញនានាក្នុងវិស័យសុខាភិបាល។
ចំណែក កាតឌីជីថល e-Health Yoeung មាន លេខកូដកាតចំនួន ១៦ខ្ទង់ និង QR កូដមួយដែលតំណាងឲ្យអ្នកជំងឺម្នាក់ៗ។ អ្នកជំងឺដែលមានកាតមួយនេះ នឹងអាចទទួលបានកំណត់ត្រាវេជ្ជសាស្ត្ររបស់ខ្លួន ពីមន្ទីរពេទ្យផ្សេងៗដែលពួកគាត់ធ្លាប់ទៅដោយស្វ័យប្រវត្តិ គ្រាន់តែចុះឈ្មោះកាតរបស់ពួក
គាត់នៅមន្ទីរពេទ្យនោះតែប៉ុណ្ណោះ។ ជាពិសេស ក្រោយពីមានកាត និង ប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃ e-Health Yoeung App ពួកគាត់អាចទៅព្យាបាលនៅមន្ទីរពេទ្យ ហើយរបាយការណ៍ការព្យាបាលទាំងអស់នឹងបង្ហាញដោយស្វ័យប្រវត្តិទៅក្នុងទូរស័ព្ទដៃរបស់គាត់។
កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» មានចក្ខុវិស័យចូលរួមចំណែកក្នុងការអភិវឌ្ឍសេវាសុខាភិបាលឌីជីថលនៅកម្ពុជាតាមរយៈប្រើប្រាស់បច្ចេកវិទ្យាទំនើបជាមួយនឹងរាជរដ្ឋាភិបាល
តាមរយៈក្រសួងសុខាភិបាល និងមន្ទីរពេទ្យរដ្ឋ ឯកជននានា ដើម្បីសុខភាពពលរដ្ឋ និង អ្នកមកទទួល សេវាព្យាបាលទាំងអស់ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជននៅកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែម ៖
លោក ប៊ិន សុជាតិ
ទីប្រឹក្សាគ្រប់គ្រងអាជីវកម្ម
កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល “ពេទ្យយើង”
ក្រុមហ៊ុនហ្វឺសវីម៉ិនថេកអេស៊ា
លេខទូរស័ព្ទ៖ + ៨៥៥ ១២ ៩៩៥ ២២៦ / +៨៥៥ ១៥ ៥៥០ ៤១៦ ឬ Telegram/WhatsApp: + ៨៥៥ ១២ ៩៩៥ ២២៦
អ៊ីម៉ែល៖ [email protected]
អាស័យដ្ឋាន៖ ផ្ទះលេខ ១៥D ផ្លូវលេខ ០៣ (កែងផ្លូវ ២៣០) សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ភ្នំពេញ
Website: www.pethyoeung.com
###