Press release detail

  • Mar 29 , 2022

    សេចក្តីជូនព័ត៌មាន ស្តីពី ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាពសេវា សុខាភិបាលឯកជន និងមន្ទីរពេទ្យវៃឆ្លាតបៃតង

                                                                                                                                                           

    កម្មវិធីពេទ្យយើង របស់ក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា សហការជាមួយស្ថានទូតអាមេរិក ប្រចាំកម្ពុជា និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បាន​​​រៀបចំ​​សិក្ខាសាលា​​ផ្សព្វផ្សាយ​​លទ្ធផល​​គម្រោង ស្តីពី «​ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងមន្ទីរពេទ្យវៃឆ្លាតបៃតង»។ គម្រោងនេះ បានឧបត្ថម្ភគាំទ្រមន្ទីរពេទ្យ និងគ្លីនិក មកពីភ្នំពេញ បាត់ដំបង និងសៀមរាប ឱ្យចូលរួមអនុវត្តគម្រោងនេះ និងបានដាក់ឈ្មោះថា «បណ្តាញសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង»។  

    បណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង គឺជាបណ្តាញសមាជិកមន្ទីរពេទ្យ និងគ្លីនិក ចំនួន ២០ ដែលបានចូលរួមនៅក្នុងយុទ្ធនាការ ស្តីពី បរិស្ថានទីក្រុងស្អាត និងបៃតង ដោយបានផ្លាស់ប្តូរពីការប្រើប្រាស់ក្រដាស ការព្រីឯកសារ និងកាត់បន្ថយការប្រើប្រាស់សម្ភារៈនានា នៅក្នុងមន្ទីរពេទ្យ ហើយងាកមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «​ពេទ្យយើង» ដើម្បី​​លើកកម្ពស់​​បច្ចេកវិទ្យា នៅក្នុង​​មន្ទីរពេទ្យ​​បៃតង​​

    មន្ទីរពេទ្យ និងគ្លីនិក ទាំង ២០ ដែលជាសមាជិក នៅក្នុងគម្រោង បានសម្រេចចិត្តចូលរួមនៅក្នុងបណ្តាញសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង ដោយបានផ្លាស់ប្តូរមន្ទីរពេទ្យ​​របស់ខ្លួន ពីការប្រើប្រាស់ក្រដាស មកជាឌីជីថលវិញ ដើម្បីផ្តល់​​​ភាពងាយស្រួល ក្នុងការគ្រប់គ្រង និងប្រតិបត្តិការ នៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ព្រមទាំងលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងវិស័យសុខាភិបាល នៅកម្ពុជា

    គម្រោង​​បណ្តាញមន្ទីរពេទ្យវៃឆ្លាត​​បៃតង បានចាប់ផ្តើម កាលពីខែតុលា ឆ្នាំ២០២០ និងបញ្ចប់នៅបំណាច់ខែមីនា ឆ្នាំ២០២២ នេះ។ គម្រោងនេះ ​​ចូលរួមប្រើប្រាស់ពីវេជ្ជបណ្ឌិត និងបុគ្គលិកមន្ទីរពេទ្យ ចំនួន ៨៦៧នាក់ ព្រមទាំង​​គ្រប់គ្រង​​ទិន្នន័យ​​ប្រវត្តិ​​អ្នកជំងឺ ចំនួន ១០៨ ៧៥០នាក់ ដែលភាគច្រើន ជាស្ត្រី

    តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលពេទ្យយើង មិនត្រឹមតែចូលរួមនៅក្នុងយុទ្ធនាការបរិស្ថាន ទីក្រុងស្អាត និងបៃតងប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយពន្លឿនរាល់ប្រតិបត្តិការទាំងអស់ នៅក្នុងមន្ទីរពេទ្យ ឬគ្លីនិក តាមរយៈប្រព័ន្ធឌីជីថល ដើម្បីជំរុញឱ្យការព្យាបាលកាន់តែលឿន រហ័ស ទំនើប ចំណេញពេលវេលា និងថវិកា សម្រាប់អ្នកផ្តល់សេវា និងអ្នកជំងឺ ជាពិសេសអ្នកជំងឺជាស្ត្រី និងកុមារ។ 

    សិក្ខាសាលានេះ បានធ្វើឡើង នៅ​​សណ្ឋាគារ Himawari ក្នុង​​រាជធានីភ្នំពេញ ចូលរួម​​ជា​​គណៈអធិបតី ​​​ដោយលោកជំទាវ ​​វេជ្ជបណ្ឌិត វណ្ណឌី រដ្ឋលេខាធិការ​​​​​ក្រសួង​​​សុខា​​ភិ​​បាល ឯកឧត្តម​​ W. Patrick Murphy ​​អគ្គ​​រដ្ឋទូត​​​​អាមេរិក​​ ប្រចាំ​​​​​កម្ពុជា​​ លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងនាយកប្រតិបត្តិកម្មវិធីពេទ្យយើង នៃក្រុមហ៊ុន ហ្វឺវីម៉ិថេ អេស៊ា និងតំណាងពីបណ្តាញសមាជិកមន្ទីរពេទ្យ​​វៃឆ្លាតបៃតង ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត

    លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងជានាយកប្រតិបត្តិកម្មវិធីពេទ្យយើង នៃក្រុមហ៊ុន ហ្វឺវីម៉ិថេ អេស៊ា បានលើកឡើងថា គម្រោង​​បណ្តាញមន្ទីរពេទ្យវៃឆ្លាត​​បៃតង Green Network Hospital មានគោលបំណង បង្កើនគុណភាពនៃការព្យាបាល តាមរយៈប្រព័ន្ធឌីជីថល។ មានន័យថា មន្ទីរពេទ្យទាំងអស់ ធ្វើប្រតិបត្តិការ ចាប់ពីអ្នកជំងឺចូល រហូតដល់អ្នកជំងឺចេញ រួមទាំងប្រតិបត្តិការផ្នែកផ្សេងទៀត នៅក្នុងមន្ទីរពេទ្យ តាមប្រព័ន្ធឌីជីថល

    លោកស្រី ប៉ុង លីមសាន ក៏បានបន្ថែមថា យើងក៏មានគោលបំណងមួយទៀត គឺចូលរួមជួយដល់​​បរិស្ថាន ព្រោះយើងដឹងហើយថា កន្លងមក តាមមន្ទីរពេទ្យ ប្រើប្រាស់ក្រដាសក្នុងការបំពេញឯកសារអ្នកជំងឺ​​ និងប្រតិបត្តិការនានា។ ប៉ុន្តែនៅពេលនេះ យើងជំនួសប្រតិបត្តិការទាំងអស់នោះ តាមប្រព័ន្ធឌីជីថល គម្រោងរបស់យើង ក៏ជួយច្រើនលើអ្នកជំងឺ ដែលជាស្ត្រី និងកុមារផងដែរ

    ជាមួយគ្នានេះ ឯកឧត្តម​​​​ W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានប្រកាសចូលរួមអបអរសាទរដល់មន្ទីរពេទ្យ និងគ្លីនិក ទាំង ២០ ដែលបានអនុវត្តគម្រោង​​​​បណ្តាញមន្ទីរពេទ្យវៃឆ្លាត​​បៃតង ដោយជោគជ័យ នាពេលនេះ​​ ហើយឯកឧត្តម រំពឹងថា គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងខ្លាំង ជួយជ្រុំជ្រែងដល់ការផ្តល់សេវាជូនអតិថិជន ព្រមទាំងចូលរួមចំណែកក្នុងការកាត់បន្ថយដល់ផលប៉ះពាល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ​​ផងដែរ

    ឯកឧត្តម W. Patrick Murphy បន្ថែមថា គម្រោងដើមរបស់យើង គឺយើងចង់​​ឱ្យមានកំណត់ត្រាអ្នកជំងឺ ត្រឹមតែ ៣៥ ០០០នាក់ប៉ុណ្ណោះ ប៉ុន្តែក្នុងពេលអនុវត្ត គម្រោងនេះ សម្រេចបានដល់ទៅជាង ១០ម៉ឺននាក់។ ដូច្នេះគម្រោងរបស់យើង រវាងដៃគូ ជាមួយសហរដ្ឋអាមេរិកនេះ មិនត្រឹមតែជាគំនិតផ្តួចផ្តើមគម្រោងទាក់ទងនឹងសុខភាព នៅក្នុងវិស័យសុខាភិបាលនោះទេ តែក៏គិតដល់វិស័យផ្សេងៗទៀត នៅក្នុងវិស័យនេះ ទាក់ទងនឹងគម្រោងទីក្រុងឆ្លាតវៃ ទាក់ទងនឹងគម្រោងសេដ្ឋកិច្ចឌីជីថល និងពង្រឹងភាពអង់អាចរបស់ស្ត្រី រួមទាំងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ​​

    ចំណែក​​លោកជំទាវ ​​វេជ្ជបណ្ឌិត វណ្ណឌី រដ្ឋលេខាធិការ​​​​​ក្រសួង​​​សុខា​​ភិ​​បាល បានលើកឡើងក្នុងអង្គសិក្ខាសាលាថា គម្រោង «ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ដំណើរការមន្ទីរពេទ្យវៃឆ្លាតបៃតង» សំដៅចូលរួមចំណែកនៅក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យា ឌីជីថល នៅក្នុងវិស័យសុខាភិបាលកម្ពុជា ហើយក៏ជាការបោះជំហានជាវិជ្ជមានមួយទៀត នៅក្នុងការរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដែលបាន និងកំពុងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការធ្វើទំនើបកម្មបច្ចេកវិទ្យា ឌីជីថល នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន

    លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្ថែមថា ដំណើរការគម្រោង «ការប្រើប្រាស់ បច្ចេកវិទ្យាសម្រាប់ដំណើរការមន្ទីរពេទ្យវៃឆ្លាតបៃតង» ក្នុងផ្នែកឯកជន នៅកម្ពុជា ដោយកម្មវិធីពេទ្យយើង តាមរយៈជំនួយហិរញ្ញវត្ថុរបស់គម្រោងភាពជាដៃគូទីក្រុងវៃឆ្លាតរបស់សហរដ្ឋអាមេរិក គឺជាចំណែកមួយក្នុងការបង្កើនសក្តានុពលដ៏វិសេសវិសាល ទៅលើការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺតាមបែបឌីជីថល ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាមន្ទីរពេទ្យឯកជន និងជាការចូលរួមចំណែកមួយផងដែរ នៅក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា តាមបែបឌីជីថល។ គម្រោងនេះ បានជួយដល់មន្ទីរពេទ្យឯកជននៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ឱ្យដំណើរការគ្រប់គ្រងសេវាព្យាបាលជំងឺបែបឌីជីថល និងនាំឱ្យមន្ទីរពេទ្យ និងគ្លីនិកឯកជនទាំងអស់នោះ មានតួនាទី មិនត្រឹមតែជាអ្នកផ្តល់សេវា ប្រកបដោយការទទួលខុសត្រូវទេ ប៉ុន្តែបានក្លាយជាមន្ទីរពេទ្យ និងគ្លីនិកមានការទទួលខុសត្រូវចូលរួមកសាងទីក្រុងបៃតង និងបរិស្ថានស្អាតទៀតផង។

    លោកជំទាវ ឱ វណ្ណឌីន បន្តថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប សម្រាប់លើកកម្ពស់គុណភាពសេវាសុខាភិបាល ក៏ជាចំណុចសំខាន់មួយ ដែលត្រូវបានរាប់បញ្ចូល គិតគូរ និងផ្តួចផ្តើមនៅក្នុងគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល ក៏កំពុងតែគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការដៃគូនានា៕

     

    អំពីពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា

    ព័ត៌មានបន្ថែមhttp://pethyoeung.com

    កម្មវិធីពេទ្យយើង ដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើបឌីជីថលនៅកម្ពុជា និង សំរាប់សហគមន៍ អាស៊ានតាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីពេទ្យ ដៃគូដំណើរការរលូន និងពុំមានការរំខាន។ ពេទ្យយើង ក៏ភ្ជាប់ជាមួយប្រព័ន្ធ App e-Health MyCLNQ នៅលើទូរស័ព្ទដៃ ផ្តល់ការណាត់ជួប ទទួលសេវាព្យាបាល និងផ្តល់សេវាព្យាបាលដ៏ធំ និងឈានមុខគេ ដើម្បីជួយសម្រួលឲ្យអ្នកជំងឺណាត់ជួប និងទទួល សេវាព្យាបាលពីចំងាយពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាងាយស្រួលបំផុត។ បច្ចុប្បន្ននេះពេទ្យយើងទទួលបាន ការគាំទ្រយ៉ាងច្រើននៅកម្ពុជា ក្នុងការចូលរួមចំណែកសាងវិស័យសុខាភិបាលឌីជីថល និងត្រូវបានការគាំទ្រពីក្រសួង សុខាភិបាល នៃប្រទេសកម្ពុជាផងដែរ។

    ពេទ្យយើងបានទទួលជ័យលាភីថ្នាក់ជាតិជាច្រើនក្នុងនាមជាអាជីវកម្មទម្រង់ថ្មី នៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាសុខាភិបាល ហើយក៏ជាតំណាងកម្ពុជាចូលរួមប្រកួតប្រជែងវេទិការអន្តរជាតិ ជាច្រើន កន្លងមក មាននៅលើវេទិកាធុរកិច្ចថ្មី អន្តរជាតិសហរដ្ឋអាមេរិក ២០២១ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ២០២០ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងទទួលបានរង្វាន់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីឆ្នាំ ២០១៩ ផងដែរ។

    កម្មវិធីរបស់យើងត្រូវបានដាក់ឲ្យដំណើរការ និងចូលរួមចំណែកជួយដំណើរការបែបឌីជីថលដល់មន្ទីរពេទ្យដៃគូរដ្ឋ និងឯកជនប្រមាណ២០០ ទូទាំង២៥ខេត្ត-ក្រុង និងរាជធានីភ្នំពេញ។ តាមរយៈមន្ទីរពេទ្យដៃគូ ពេទ្យយើងមានអ្នក ប្រើប្រាស់កម្មវិធីប្រមាណជាង១ម៉ឺននាក់ រួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី អ្នកជំនាញមន្ទីរពិសោធន៍ អ្នកជំនាញផ្នែកសុខភាព និងបុគ្គលិកផ្នែកគ្រប់គ្រងមន្ទីពេទ្យ។ ពេទ្យយើង ក៏បានជួយឲ្យពលរដ្ឋកម្ពុជាប្រមាណ២លាន នាក់មានកំណត់ត្រាទិន្នន័យព្យាបាល និងទិន្នន័យសុខភាពឌីជីថលអនឡាញ ដែលពួកគាត់អាចប្រើប្រាស់បានសម្រាប់ ដំណើរការទទួលសេវាព្យាបាលនៅទីកន្លែងផ្ទាល់ និង នៅលើទូរស័ព្ទដៃបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីទទួល បានសេវាថែទាំ និងព្យាបាលបានកាន់តែប្រសើរជាងមុន។

    ព័ត៌មានបន្ថែម សូម​​ទាក់ទង​​លោក ប៊ិន សុជាតិ ទីប្រឹក្សាស្ថាបនិក និង​​គ្រប់គ្រង​​អាជីវកម្ម «​ពេទ្យយើង» របស់ក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា

    ទូរស័ព្ទ012 995 226

    ការិយាល័យទំនាក់ទំនងសា​​ធារណៈ​​នៃក្រុមហ៊ុន ហ្វឺស វីម៉ិថេអេស៊ា

    ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២