-
Dec 09 , 2021
ធនាគារវីង និងក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា សហការរួមគ្នាដើម្បីលើកស្ទួយសេវាសុខាភិបាលកម្ពុជា
ឥឡូវនេះ អ្នកប្រើប្រាស់ “e-Health MyCLNQ” របស់ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា អាចប្រើប្រាស់សេវាទូទាត់ប្រាក់ឌីជីថលរបស់វីង ដើម្បីកត់ត្រា និងទូទាត់ប្រតិបត្តិការហិរញ្ញវត្ថុជាមួយអតិថិជន។
ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា និងធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសនូវភាពជាដៃគូដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកផ្ដល់សេវាសុខភាពក្នុងប្រទេសកម្ពុជា តាមរយៈដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលថ្មីឈ្មោះថា “e-Health MyCLNQ” ដែលភ្ជាប់ទៅនឹងសេវាហិរញ្ញវត្ថុឌីជីថលសម្រាប់ការទូទាត់ប្រតិបត្តិការប្រចាំថ្ងៃជាមួយអ្នកជំងឺរបស់ខ្លួន។
តាមរយៈកិច្ចសហការនេះ មន្ទីរពេទ្យ ព្រមទាំងគ្លីនិករដ្ឋ និងឯកជន ជិត ២០០ស្ថាប័នទូទាំងប្រទេសកម្ពុជា ដែលប្រើកម្មវិធី ពេទ្យយើង និង e-Health MyCLNQ របស់ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា អាចទទួលបាននូវសេវាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់ធនាគារវីង ក្នុងការកត់ត្រា និងទូទាត់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាព។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “អ្នកជំងឺមិនចាំបាច់បារម្ភអំពីការកាន់ក្រដាសប្រាក់តាមខ្លួននៅពេលស្វែងរកសេវាព្យាបាលបន្ទាន់ទៀតនោះទេ។ អ្វីដែលពួកគាត់ត្រូវការនោះគឺ គណនីវីង នៅក្នុងទូរស័ព្ទដៃរបស់គាត់។ ហើយពួកគាត់អាចធ្វើការទូទាត់ថ្លៃសេវាសុខភាពដោយចុចពីរបីប៉ក់លើទូរស័ព្ទដៃ និងស្កេនកូដQRនៅតាមបញ្ជរបង់ប្រាក់បាន”។
សេវាទូទាត់តាម QR មិនត្រឹមតែទទួលបានការពេញនិយមដោយសារតែមានសុវត្ថិភាព និងភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយការពារអ្នកជំងឺពីការប្រើក្រដាសប្រាក់ផ្ទាល់ ដែលអាចមានផ្ទុកមេរោគ និងវីរុសផ្សេងៗ ជាពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។
e-Health MyCLNQ App គឺជាប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលថ្មីមួយ ដែលបានបង្កើតឡើងរួមគ្នា រវាងកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» នៃក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលប្រទេសសិង្ហបុរី Ssivix Lab ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យ និងអ្នកផ្តល់សេវាព្យាបាលដៃគូ និងអ្នកជំងឺកម្ពុជា អាចទាក់ទង ទទួល និងផ្តល់សេវាពិគ្រោះ និងព្យាបាល តាមប្រព័ន្ធឌីជីថល លើទូរស័ព្ទដៃ ដែលសន្សំសំចៃ និងធានាបាននូវសុវត្ថិភាពជូនដល់ពលរដ្ឋកម្ពុជា ដោយអាចភ្ជាប់ទំនាក់ទំនងផ្ទាល់ ទៅកាន់វេជ្ជបណ្ឌិត ដើម្បីប្រឹក្សាយោបល់ និងព្យាបាលជំងឺ នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី និងឥណ្ឌា។
លោក ប៊ិន សុជាតិ សហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃកម្មវិធី e-Health MyCLNQ បានលើកឡើងថា៖“អស់រយៈពេលជិត ១ឆ្នាំកន្លងមកនេះ ពួកយើងបានធ្វើការពុះពារឧបសគ្គជាច្រើនជាមួយដៃគូ ទាំងធនាគារ វីង និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលរបស់ប្រទេសសិង្ហបុរី Ssivix Lab ដើម្បីបង្កើតកម្មវិធី e-Health MyCLNQ លំដាប់អន្តរជាតិមួយនេះ ដែលជាដំណោះស្រាយឈានមុខគេមួយ សម្រាប់អ្នកផ្តល់សេវាសុខាភិបាល និងអ្នកជំងឺ ក្នុងការភ្ជាប់ទំនាក់ទំនងសេវាពិគ្រោះ និងព្យាបាលជំងឺ ព្រមទាំងការទូទាត់សេវាព្យាបាល នៅលើទូរស័ព្ទដៃ”។
លោកស្រី ប៉ុង លីមសាន សហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា បានបញ្ជាក់ថា “កម្មវិធីដែលយើងបានបង្កើតឡើងនេះ នឹងបង្កើតភាពងាយស្រួលដល់សេវាសុខាភិបាល ក៏ដូចជាធ្វើឲ្យសេវាសុខាភិបាលមានភាពទំនើបជាងមុន និងជួយលើកកម្ពស់គុណភាពសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។ យើងសហការគ្នាឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយផលលំបាក ដែលអ្នកផ្ដល់សេវាសុខភាព និងអ្នកជំងឺជួបប្រទះក្នុងអំឡុងពេលកូវីដ-១៩ ដោយកម្មវិធីយើង បានបង្កើតនូវមធ្យោបាយធ្វើទំនាក់ទំនង រវាងអ្នកផ្ដល់សេវា និងអ្នកទទួលសេវាសុខភាព និងជ្រើសរើសមន្ទីរពេទ្យ ឬអ្នកជំនាញថែទាំសុខភាព ក្នុងការព្យាបាលសុខភាព”។
ធនាគារ វីង បានភ្ជាប់ដៃគូជាមួយស្ទើរតែគ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់អាចទាញយកកម្មវិធីស្មាតហ្វូនវីង ហើយពិនិត្យមើលថាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលខ្លួនពេញចិត្ត មានភ្ជាប់ទៅនឹងធនាគារ វីង ដែរឬទេ។ ពួកគាត់ក៏អាចផ្ទេរប្រាក់ទៅគណនីវីង រួចធ្វើការទូរទាត់ប្រាក់តាមប្រព័ន្ធឌីជីថលភ្លាមៗ។
លោក Anwar Rafique នាយកប្រតិបត្តិនៃក្រុមហ៊ុន SsivixLab ជឿថា ដំណើរឧស្សាហកម្មវិទ្យាសាស្ត្រ គឺជាការប្រែប្រួលដ៏ធំមួយ។ សេវាសុខភាព បានផ្លាស់ប្ដូរទៅរកវិធីការពារបន្ថែម ដោយផ្អែកទៅលើលទ្ធផលនៃគម្រូសេដ្ឋកិច្ច។ នៅពេលដែលអ្នកជំងឺទទួលបានព័ត៌មានសុខភាពផ្ទាល់ខ្លួនរបស់ពួកគេជាទៀងទាត់ (ខុសពីការទទួលបានពីវេជ្ជបណ្ឌិតរបស់ពួកគេ) ការរំពឹងទុក គឺអ្នកជំងឺ នឹងត្រូវបានផ្តល់សិទ្ធិ ក្នុងការថែរក្សាខ្លួនឯង ខណៈដែលពួកគេចូលរួមកាន់តែច្រើន ក្នុងការសម្រេចចិត្តថែទាំសុខភាពដោយខ្លួនឯង និងយល់ដឹងពីសុខុមាលភាពបន្ថែម។
ក្រុមហ៊ុន ហ្វឹស វិម៉ិនថេក អេស៊ា និងធនគារ វីង កំពុងបូកបញ្ចូលនូវជំនាញបច្ចេកទេសរបស់ខ្លួនក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យា ក្នុងការគាំទ្រ និងអនុញ្ញាតឲ្យអ្នកជំងឺទទួលបាននូវសេវាសុខភាព ដែលមានគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា បានសម្រេចនូវការដំណើរការកម្មវិធី ពេទ្យយើង ដើម្បីលើកស្ទួយប្រព័ន្ធសុខាភិបាល ហើយក៏បានតំឡើងកម្មវិធីគ្រប់គ្រងនេះនៅក្នុងមន្ទីរពេទ្យ គ្លីនិករដ្ឋ និងឯកជនជាង ២០០កន្លែង ឲ្យបាននូវការរក្សាទុកនូវ ទិន្នន័យមន្ទីរពេទ្យ ទិន្នន័យអ្នកជំងឺ និងជួយដល់ប្រព័ន្ធប្រតិបត្តិការរបស់មន្ទីរពេទ្យ។ សក្ដានុពលរបស់ធនាគារវីង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយទូទាំងប្រទេសកម្ពុជា តាមរយៈភ្នាក់ងារវីងជាង ១០ ០០០កន្លែង និងកម្មវិធីស្មាតហ្វូនវីងដែលមានមុខងារច្រើនយ៉ាង។
អំពីធនាគារ វីង (ខេមបូឌា) ម.ក
ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ធនាគារវីងបានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។
សព្វថ្ងៃនេះ ធនាគារវីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជាង ១០.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។
ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារវីងផ្តល់ជូនការទូទាត់រាយតាមរយៈ“WingPay” ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “ វីងម៉ល” ផងដែរ។
មានទាំងក្រុមហ៊ុនខ្នាតតូចនិងក្រុមហ៊ុនខ្នាតធំ កំពុងប្រើសេវាកម្មបើកប្រាក់បៀវត្សនិងសេវាទូទាត់ប្រាក់របស់វីងដែលបង្កើនល្បឿនទូទាត់លឿនជាងមុន។ មានភ្នាក់ងារវីងជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រីដែលធ្វើឱ្យវីងក្លាយជាឧទាហរណ៍ដ៏ល្អនៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។
ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួលនិងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ៕
អំពីពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា
ព័ត៌មានបន្ថែម: http://pethyoeung.com
កម្មវិធីពេទ្យយើង ដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើបឌីជីថលនៅកម្ពុជា និង សំរាប់សហគមន៍ អាស៊ានតាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីពេទ្យ ដៃគូដំណើរការរលូន និងពុំមានការរំខាន។ ពេទ្យយើង ក៏ភ្ជាប់ជាមួយប្រព័ន្ធ App e-Health MyCLNQ នៅលើទូរស័ព្ទដៃ ផ្តល់ការណាត់ជួប ទទួលសេវាព្យាបាល និងផ្តល់សេវាព្យាបាលដ៏ធំ និងឈានមុខគេ ដើម្បីជួយសម្រួលឲ្យអ្នកជំងឺណាត់ជួប និងទទួល សេវាព្យាបាលពីចំងាយពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាងាយស្រួលបំផុត។ បច្ចុប្បន្ននេះពេទ្យយើងទទួលបាន ការគាំទ្រយ៉ាងច្រើននៅកម្ពុជា ក្នុងការចូលរួមចំណែកសាងវិស័យសុខាភិបាលឌីជីថល និងត្រូវបានការគាំទ្រពីក្រសួង សុខាភិបាល នៃប្រទេសកម្ពុជាផងដែរ។ ពេទ្យយើងបានទទួលជ័យលាភីថ្នាក់ជាតិជាច្រើនក្នុងនាមជាអាជីវកម្មទម្រង់ថ្មី នៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាសុខាភិបាល ហើយក៏ជាតំណាងកម្ពុជាចូលរួមប្រកួតប្រជែងវេទិការអន្តរជាតិ ជាច្រើន កន្លងមក មាននៅលើវេទិកាធុរកិច្ចថ្មី អន្តរជាតិសហរដ្ឋអាមេរិក ២០២១ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ២០២០ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងទទួលបានរង្វាន់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីឆ្នាំ ២០១៩ ផងដែរ។
កម្មវិធីរបស់យើងត្រូវបានដាក់ឲ្យដំណើរការ និងចូលរួមចំណែកជួយដំណើរការបែបឌីជីថលដល់មន្ទីរពេទ្យដៃគូរដ្ឋ និងឯកជនប្រមាណ២០០ ទូទាំង១៥ខេត្ត-ក្រុង និងរាជធានីភ្នំពេញ។ តាមរយៈមន្ទីរពេទ្យដៃគូ ពេទ្យយើងមានអ្នក ប្រើប្រាស់កម្មវិធីប្រមាណជាង១ម៉ឺននាក់ រួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី អ្នកជំនាញមន្ទីរពិសោធន៍ អ្នកជំនាញផ្នែកសុខភាព និងបុគ្គលិកផ្នែកគ្រប់គ្រងមន្ទីពេទ្យ។ ពេទ្យយើង ក៏បានជួយឲ្យពលរដ្ឋកម្ពុជាប្រមាណ២លាន នាក់មានកំណត់ត្រាទិន្នន័យព្យាបាល និងទិន្នន័យសុខភាពឌីជីថលអនឡាញ ដែលពួកគាត់អាចប្រើប្រាស់បានសម្រាប់ ដំណើរការទទួលសេវាព្យាបាលនៅទីកន្លែងផ្ទាល់ និង នៅលើទូរស័ព្ទដៃបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីទទួល បានសេវាថែទាំ និងព្យាបាលបានកាន់តែប្រសើរជាងមុន។
អំពី MyCLNQ នៃក្រុមហ៊ុន Ssivix Lab
ព័ណ៌មានបន្ថែម: https://ssivixlab.com/
Ssivix Lab ជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលសង្គម មានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី ផ្ដោត ទៅលើការភ្ជាប់សេវាសុខភាព ឬការផ្តល់សេវាថែទាំសុខភាពតាមបច្ចេកវិទ្យាទំនើប ហៅកាត់ខ្លីជាភាសាអង់គ្លេស TEC ។ បច្ចុប្បន្ន Ssivix Lab យើងកំពុងដំណើរការប្រព័ន្ធអេកូឡូស៊ីសុខាភិបាលឆ្លាតវៃមួយសម្រាប់ភ្ជាប់សេវាថែទាំ និងផ្តល់ ការព្យាបាលលើទូរស័ព្ទដៃសម្រាប់អតិថជននៅសិង្ហបុរី និងនៅឥណ្ឌា ឈ្មោះថា MyCLNQ។ MyCLNQ ជាប្រព័ន្ធច្រក ចេញចូលតែមួយ នៃបច្ចេកវិទ្យាទំនើបដំណោះស្រាយរាល់តម្រូវការសេវាថែទាំសុខភាពទាំងឡាយ ផ្ទាល់ខ្លួន និងក្រុម គ្រួសារ។ កម្មវិធីទូរស័ព្ទ ដែលដំណើរការ ដោយជំនួយការបច្ចេកវិទ្យាaបញ្ញាសិប្បនិម្មិត (AI) យើង ផ្ដោតទៅលើការផ្តល់ សេវាថែទាំសុខភាពដោយការផ្ដល់សេវាប្រឹក្សាព្យាបាលពីចំងាយ (Telemedicine) សេវាថែទាំសុខភាពចល័ត (mHealth) និង សេវាសុខភាពលើប្រព័ន្ធអេឡិចត្រូនិចឌីជីថលជាច្រើនទៀត (eHealth Services)។ ក្រុមហ៊ុនយើងជឿជាក់លើ ការផ្ដល់សេវាសុខភាព ដែលមានតម្លៃសមរម្យ និងមិនប្រកាន់អាយុសម្រាប់អ្នកជំងឺគ្រប់ៗគ្នា។ ក្រុមហ៊ុន Ssivix Lab ផ្ដល់ជម្រើសសេវាថែទាំសុខភាពថ្មីៗបែបឌីជីថលសំរាប់អ្នកជំងឺគ្រប់គ្នា ដែលងាយស្រួលប្រើ និងកាត់បន្ថយរាល់ ការចំណាយពុំចាំបាច់ជាច្រើនដល់អ្នកជំងឺ។ ក្រុមហ៊ុន Ssivix Lab ជាក្រុមហ៊ុនសិង្ហបុរី ទទួលបានពានរង្វាន់ “Best MedTech Solutions Provider Singapore” ដែលជាជ័យលាភី ផ្តល់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាសេវាសុខាភិបាលឯកជន GHP ប្រចាំឆ្នាំ២០២១។
សូមទាក់ទងព័ត៌មានពិស្តារ៖
លោក ប៊ិន សុជាតិ
នាយកគ្រប់គ្រងប្រចាំប្រទេស នៃ e-Health MyCLNQ
សហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា
លេខទូរស័ព្ទ: + 855 12 995 226
ធនាគារ វីង (ខេមបូឌា) ម.ក
លោក ចន សុរដ្ឋា
ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖ 012 726 117
អ៊ីម៉ែល៖ [email protected]