Blog detail

Aug 24, 2022

បុរសម្នាក់ ត្រូវបានព្យាបាលជាសះស្បើយ​១០០% ពី​ជំងឺមហារីកឈាម រួមទាំងជំងឺអេដស៍

 

 បុរសម្នាក់ មានអាយុ ៦៦ឆ្នាំ បានក្លាយជាមនុស្សទីបួន ក្នុងលោក ដែលបានជាសះស្បើយពីជំងឺអេដស៍ រយៈពេល ១៧ខែមកហើយ ក្រោយការព្យាបាល។

 

បុរសម្នាក់នេះ គឺជាអ្នកជំងឺមហារីកគ្រាប់ឈាម (Leukemia) ដែលត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីធ្វើការផ្លាស់ប្ដូរកោសិកាឈាម។ ក្នុងនោះ អ្នកជំងឺបានទទួលឈាមថ្មី ពីអ្នកបរិច្ចាគ មកជំនួសកោសិកាឈាម ដែលមានមហារីក។ ក៏ប៉ុន្តែអ្នកដែលបរិច្ចាគនោះ ហាក់ដូចជាមានឈាមប្រឆាំងនឹងជំងឺអេដស៍។

 

អ្នកជំងឺ បាន​ផ្ទុកជំងឺអេដស៍ តាំងពីឆ្នាំ១៩៨៨ មកម្ល៉េះ ហើយលោកតែងតែគិតថា វាជាសេចក្ដីស្លាប់របស់លោក។ លោកបានលើកឡើងថា លោកមិនដែលស្រមៃ​មួយថ្ងៃណាថា លោករស់នៅដោយគ្មានវត្តមាន HIV នោះទេ។

 

អ្នកវិទ្យាសាស្ត្រជឿថា ម្ចាស់ជំនួយឈាម ដែលមិនមានផ្ទុកមេរោគអេដស៍ គ្មានភ្នាក់ងារទទួលដែលមេរោគអេដស៍ ប្រើប្រាស់ដើម្បីសម្គាល់កោសិកានោះទេ។

 

អ្នកជំងឺអេដស៍ដំបូងគេ ដែលត្រូវបានព្យាបាលជាសះស្បើយពេញលេញពីជំងឺអេដស៍ គឺ Timothy Ray ដែលគេហៅថា “Berlin Patient” ក្នុងឆ្នាំ២០០៧។ កាលពីដើមឆ្នាំនេះ វេជ្ជបណ្ឌិតនៅញូវយ៉ក ក៏បានរាយការណ៍ថា បានព្យាបាលស្ត្រីម្នាក់ ជាសះស្បើយពីជំងឺអេដស៍​ផងដែរ៕

 

ប្រភព៖ Sky News II https://news.sky.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង